​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា​ ពី Sadhguru បុគ្គល​ដែល​ប្រកប​ដោយ​គតិបណ្ឌិតមួយរូប​



Jaggi Vasudev ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Sadhguru គឺជា​អ្នក​ហាត់​យូហ្កា​និង​ជា​គ្រូ​បង្រៀន​ខាង​វិញ្ញាណ​ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​១៩៥៧។ ក្នុង​ឆ្នាំ​១៩៩៣ គាត់​បាន​បង្កើត​មូលនិធិ Isha (Isha Foundation) ដែល​មក​ទល់​សព្វ​ថ្ងៃ​ត្រូវ​បាន​ដំណើរការ​បាន​ទៅ​មុខ​ទាំងស្រុង​ដោយ​អ្នក​ស្ម័គ្រចិត្ត។ គាត់​បាន​បើក​ថ្នាក់​បង្រៀន​យូហ្កា​សម្រាប់​អ្នកដឹកនាំ​ជាពិសេស។ តាមរយៈ​ការ​បង្រៀន​នេះ គាត់​បាន​ជួយ​អ្នកដឹកនាំ​ជាច្រើន​ឲ្យ​មាន​សេចក្ដី​មេត្តា​ជាង​មុន​ចំពោះ​គ្នា។ មូលនិធិ Isha បាន​គាំទ្រ​កម្មវិធី​អភិវឌ្ឍ​សង្គម​និង​អភិវឌ្ឍ​សហគមន៍​ជាច្រើន។ មក​ទល់​ពេល​នេះ ឥទ្ធិពល​របស់​គាត់​បាន​រីក​សាយភាយ​ពាសពេញ​សកលលោក។ គាត់​បាន​ឡើង​និយាយ​នៅ​ក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ គាំទ្រ​ជំរុញ​ទំនាក់ទំនង​ការទូត ការ​ការពារ​បរិស្ថាន ការ​អប់រំ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រគល់​ពានរង្វាន់ The Indira Gandhi Paryavaran Puraskar សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការ​ការពារ​បរិស្ថាន។ ក្នុង​ឆ្នាំ​២០១២ គាត់​ក៏​ត្រូវ​បាន​គេ​បោះឆ្នោត​ជាប់​ក្នុង​ចំណោម​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៃ​ប្រទេស​សម្រាប់​គំនិត​ផ្ដួចផ្ដើម​របស់​គាត់​ពាក់ព័ន្ធ​នឹង​អេកូឡូស៊ី។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​របស់​បុគ្គល​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​រូប​នេះ៖

) «ការ​ចង់​បាន​ភាគច្រើន​មិនមែន​អំពី​អ្នក​ខ្លួនឯង​នោះ​ទេ។ អ្នក​គ្រាន់តែ​រើសវា​យក​​មក​ពី​មជ្ឈដ្ឋាន​សង្គម​ជុំវិញ​ខ្លួន​អ្នក​ប៉ុណ្ណោះ។»

) «បើ​អ្នក​បដិសេធ​នឹង​ការ​ផ្លាស់ប្ដូរ អ្នក​បដិសេធ​នឹង​ជីវិត។»

) «គ្រប់​ខណៈ​ពេល​ទាំងអស់ មួយ​លាន​អព្ភូតហេតុ​កំពុងតែ​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក។ ផ្កា​កំពុង​រីក ចាប​កំពុង​ស្រែក​ជីបៗ ឃ្មុំ​កំពុង​បញ្ចេញ​សូរ​ងូងៗ ដំណក់​ទឹកភ្លៀង​កំពុង​ហូរ ផ្កា​ព្រិល​កំពុង​ហោះហើរ​ពាសពេញ​ខ្យល់​ដ៏​ស្រស់ស្រាយ​នា​ពេល​ល្ងាច។ អព្ភូតហេតុ​មាន​គ្រប់​ទី​កន្លែង។ បើ​អ្នក​រៀន​ពី​របៀប​ក្នុង​ការ​រស់នៅ​វា នោះ​ជីវិត​មិន​ចេះ​ខ្វះ​អព្ភូតហេតុ​ជា​រៀងរាល់ថ្ងៃ​នោះ​ឡើយ។»

) «បើ​អ្នក​គិត​ថា​ខ្លួនឯង​ធំ នោះ​អ្នក​នឹង​ក្លាយ​ជា​តូច។ បើ​អ្នក​ដឹង​ថា​ខ្លួនឯង​មិន​មាន​អ្វី​ទាំងអស់ នោះ​អ្នក​នឹង​ក្លាយ​ជា​មិន​មាន​ដែន​កំណត់។ នេះ​គឺជា​ភាព​ស្រស់​ស្អាត​នៃ​ការ​ធ្វើ​ជា​មនុស្សលោក។»

) «តើ​អ្នក​យល់​ដែរ​ទេ ? មនុស្ស​ត្រូវការ​ការ​កម្សាន្ត​ដើម្បី​គ្រាន់តែ​លាក់បាំង​ភាព​ឆ្កួត​របស់​ខ្លួន​ប៉ុណ្ណោះ។ បើ​គាត់​ពិត​ជា​ប្រក្រតី​មែន គេ​មិន​ត្រូវការ​ការ​កម្សាន្ត​នោះ​ឡើយ។ គាត់​អាច​គ្រាន់តែ​អង្គុយ​និង​សម្លឹង​មើល​ឫស្សី​នេះ​លូតលាស់។ គាត់​ពិត​ជា​មិន​ចាំបាច់​ត្រូវការ​ការ​កម្សាន្ត​ប៉ុន្មាន​នោះ​ឡើយ។»

) «បើ​អ្នក​ចាក់​ឫសគល់​នៅ​ក្នុង​ការ​ពិត វា​នឹង​មិន​មាន​ភាព​ភ័យខ្លាច​នោះ​ឡើយ។»

) «នៅ​ពេល​សេចក្ដី​សុខ​របស់​អ្នក​ត្រូវ​អាស្រ័យ​លើ​អ្វី​ដែល​កើតឡើង​នៅ​ខាងក្រៅ​អ្នក អ្នក​នឹង​រស់នៅ​ជា​ទាសករ​នៃ​ស្ថានភាព​ខាងក្រៅ​ជា​រៀង​រហូត។»

) «នៅ​ពេល​មនុស្ស​ភាគច្រើន​និយាយ​អំពី «ជីវិត» ពួកគេ​សំដៅ​ទៅលើ​សម្ភារ​នៃ​ជីវិត ការងារ​របស់​ពួកគេ គ្រួសារ​របស់​ពួកគេ ទំនាក់ទំនង​របស់​ពួកគេ ផ្ទះ​ដែល​ពួកគេ​រស់នៅ ឡាន​ដែល​ពួកគេ​ជិះ សំលៀកបំពាក់​ដែល​ពួកគេ​ពាក់ ឬ​ក៏​ជា​ព្រះ​ដែល​ពួកគេ​បន់ស្រន់។»

) «ការ​គុំកួន ការ​ខឹង ការ​ច្រណែន ការ​ឈឺចាប់ និង​ការ​សោកសៅ គឺជា​ថ្នាំ​ពុល​ដែល​អ្នក​ខ្លួនឯង​ផឹក​តែ​រំពឹង​ទុក​ឲ្យ​អ្នកដទៃ​ស្លាប់។ ជីវិត​មិនមែន​ដំណើរការ​បែប​នេះ​នោះ​ទេ។ មនុស្ស​ភាគច្រើន​ចំណាយ​ពេល​មួយ​ជីវិត​ដើម្បី​យល់​ពី​ការ​ពិត​ដ៏​សាមញ្ញ​មួយ​នេះ។»

១០) «ការ​ប្រតិកម្ម​គឺជា​ការ​ធ្វើឲ្យ​ក្លាយ​ជា​ទាសករ។ ការ​ទទួលខុសត្រូវ​គឺជា​សេរីភាព។»

ដោយ៖ ស្រីពៅ

X
5s