បំពេញការងារអស់ ៨ឆ្នាំ លោក សឿង សួគ៌ា សុខចិត្តមកកែច្នៃកង់ឡានម៉ូតូដោយសារចិត្តចង់ជួយបរិស្ថាន​



សិប្បកម្មកែច្នៃសំបកកង់ឡាន កង់ម៉ូតូមួយរបស់អ្នកស្រុកព្រៃស្នៀតជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ជាគំនិតច្នៃប្រឌិតមួយរបស់អតីតបុគ្គលិកធនាគារឯកជនមួយរូប ដែលលោកមានបំណងចង់បានអាជីវកម្មមួយផ្ទាល់ខ្លួន និងដោយសារគំនិតស្រលាញ់បរិស្ថាន ហើយបានច្នៃសំបកកង់ឡានម៉ូតូឲ្យទៅជារបស់របរប្រើប្រាស់ និងរូបសត្វនានាបានយ៉ាងស្អាតគួរឲ្យទាក់ភ្នែក។ ។ 

លោក សឿង សួគ៌ា ជាអតីតនិស្សិតមួយរូបសិក្សានៅសកលវិទ្យាល័យជាស៊ីម កំចាយមារ សិក្សាផ្នែកគណនេយ្យ លោកបានចូលបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុនៅធនាគារអស់រយៈពេល ៨ឆ្នាំកន្លងមក ហើយលោកក៏បានសម្រេចចិត្តងាកមកចាប់អាជីវកម្មផ្ទាល់ខ្លួនមួយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ BizKhmer លោកសឿង សួគ៌ា បានរៀបរាប់ថា៖ “ការងារសម្រាប់អាជីវកម្មមួយនេះមិនសូវជាមានភាពងាយស្រួលប៉ុន្មានទេ ខ្ញុំចាប់ផ្តើមវាដោយគំនិតខ្លួនឯងផ្ទាល់ដំណើរការបានជាងមួយឆ្នាំហើយ តែជាក់ស្តែងទើបតែមានអ្នកស្គាល់មិនទាន់បាន ៣ខែផង”។ លោករៀបរាប់ទៀតថា៖ “ធម្មតាទេ ចាប់យកអាជីវកម្មមួយនរណាក៏រំពឹងប្រាក់ចំណេញដែរ តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចង់យករបស់ចាស់មកកែច្នៃឲ្យមានប្រយោជន៍ អាចប្រើប្រាស់ឡើងវិញបាន ពិសេសគឺអាចជួយឲ្យបរិស្ថានស្អាត”។ 

អាជីវកម្មមួយនេះត្រូវការគំនិតរចនាក៏មិនតិចដែរ ដូចជាការធ្វើឲ្យចេញជារូបសត្វមួយមានភាពស្រស់ស្អាត ការច្នៃចេញជាឈុតតុនិងកៅអីជាដើម តែអ្វីដែលពិបាកគឺខ្វះកម្លាំងដើម្បីជួយ។ លោកបានបញ្ជាក់ដែរថា សម្រាប់អាជីវកម្មដែលដំណើរការជាងមួយឆ្នាំមកនេះគឺជួបការលំបាកច្រើនដូចជា៖

ទី១) កង្វះសម្ភារៈវត្ថុធាតុដើម៖ សំបកកង់ឡានកង់ម៉ូតូជាវត្ថុធាតុដើមចាំបាច់បំផុតសម្រាប់អាជីវកម្មរបស់លោក ហើយសព្វថ្ងៃកង់ឡានកង់ម៉ូតូទាំងនោះគឺពិបាករកណាស់ព្រោះអ្នកផ្គង់ផ្គង់ច្រើនដឹកចេញទៅវៀតណាម និងថៃ។ ជាក់ស្តែងក្នុងពេលជាង ១ ខែនេះលោកទទួលបានគេបញ្ជាទិញផលិតផលច្រើន តែគួរឲ្យសោកស្តាយបំផុតនៅពេលដែលវត្ថុធាតុដើម (សំបកកង់) នេះមិនគ្រប់គ្រាន់ នាំឲ្យលោកមិនអាចឆ្លើយតបជាមួយការបញ្ជាទិញរបស់អតិថិជនបាន ហើយក៏ត្រូវខាតបង់ទាំងចំណូលទាំងអតិថិជន។ មួយវិញទៀតអ្វីដែលជាបញ្ហាមិនមែនគ្រប់កង់ឡាន កង់ម៉ូតូសុទ្ធតែអាចយកមកប្រើប្រាស់បានទេ វាមានតាមប្រភេទដែលយើងអាចយកមកច្នៃបាន និងប្រភេទដែលយើងមិនអាចយកមកច្នៃបាន។

ទី២) កង្វះធនធានមនុស្ស៖ ជាងមួយឆ្នាំមកនេះលោកបានផលិតផលិតផលទាំងអស់តែម្នាក់ឯង ទើបតែប្រមាណជា ២ខែនេះដែលលោកបានស្វែងរកកម្លាំងពលកម្មដើម្បីជួយព្រោះមានការបញ្ជាទិញពីអតិថិជន តែអ្វីដែលជាការលំបាកនោះគឺកម្មករដែលមកធ្វើការមិនសូវមានភាពអត់ធ្មត់ និងគ្មានជំនាញទៀត។ ដោយឡែកមានចំណុចមួយដែលនាំឲ្យលោកខាតបង់លើការវិនិយោគផ្នែកធនធានមនុស្សគឺ រយៈពេល ២ខែចុងក្រោយនេះមានការបញ្ជាទិញផលិតផលច្រើនគួរសម ពេលលោកអាចស្វែងរកកម្លាំងជួយបានបែរជាខ្វះវត្ថុធាតុដើម នោះឲ្យស្ទះការងារហើយលោកជួលមនុស្សមកខាតគ្មានការងារធ្វើ។

ទី៣) កង្វះដើមទុន៖ លោកសួគ៌ា បញ្ជាក់ថាដោយសារលោកមិនមែនជាអ្នកមានទេ ដើមទុនដែលយកមកដំណើរការអាជីវកម្មមួយនេះគឺជាប្រាក់សន្សំទាំងអស់ ហើយក៏គ្មាននរណាចូលទុនជាមួយលោកដើម្បីឲ្យលោកអាចពង្រីកអាជីកម្មមួយនេះបានដែរ ដោយហេតុផលម៉្យាងគត់គឺលោកមិនទាន់មានផ្លែផ្កាជាដុំកំភួនសម្រាប់លោកស្វែងរកអ្នករួមទុនបន្ថែមឡើយ។ 

ទី៤) គ្មានការគាំទ្រពីប្រជាជនក្នុងស្រុក៖ ម្ចាស់សិប្បកម្មរូបនេះបន្តថា “និយាយពីអតិថិជនវិញ ខ្ញុំអាចកត់សម្គាល់ថាភាគច្រើនជាអ្នកដែលមានចំណេះដឹងខ្ពស់ ពួកគាត់យល់ពីបញ្ហាការពារនិងស្រលាញ់បរិស្ថាន អ្នកដែលឲ្យតម្លៃលើការកែច្នៃផលិតផលប្រើប្រាស់ឡើងវិញ អ្នកដែលគាំទ្រប្រើប្រាស់ការផលិតដោយដៃ ពិសេសម្ចាស់ហាងកាហ្វេ ឬហាងនានាដែលមានគំនិតច្នៃប្រឌិតចូលចិត្តតុបតែងលម្អរហាងបែបប្លែក។ ដោយឡែកមនុស្សមួយចំនួនទៀត គាត់មិនបានឲ្យតម្លៃផលិតផលនេះទេ និយាយឲ្យចំបើអ្នកនៅតាមខេត្តឬ អ្នកមានជីវភាពមធ្យមគាត់និយមប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេសដែលមានតម្លៃទាបល្មម ព្រោះគាត់គិតថាវាស្អាតជាង វាជារបស់បរទេសនាំចូល និងមើលទៅមានភាពហឺហាបន្តិច។ លោកបានបញ្ជាក់បន្ថែមទៀតថា សាលាដូង ជាសាលាមួយដែលជួយគាំទ្រស្នាដៃរបស់លោក ហើយក៏បានបញ្ជាទិញច្រើនដែរដើម្បីដាក់នៅសាលាដូងនេះ។

“ខ្ញុំសង្ឃឹមថា អាជីវកម្មរបស់ខ្ញុំមួយនេះនឹងក្លាយជាចំណែកមួយក្នុងការការពារបរិស្ថាន ជំរុញទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើនអាចមានគំនិតកែច្នៃរបស់របរចាស់ៗឲ្យក្លាយជារបស់មានតម្លៃ ប្រើប្រាស់បាន ក៏ដូចជារួមចំណែកក្នុងការជួយគាំទ្រផលិតផលក្នុងស្រុករបស់យើងបាន” លោកសួគ៌ាបញ្ជាក់បន្ថែម៕

ដោយ៖ យ៉ាយ៉ា 

 

X
5s