តើធ្វើដូចម្ដេចទើបយើងអាចក្លាយជាមនុស្សដែលអាចដឹកនាំមនុស្សបាន?
ភាពជាអ្នកដឹកនាំគឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នា ដោយវាគ្រាន់តែស្ថិតនៅក្នុងគោលដៅមួយប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកចាប់ផ្ដើមធ្វើដំណើរទៅ នោះអ្នកនឹងមានឱកាសបានទៅដល់។ ជាការពិត អ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះក្រៅពីធម្មជាតិ គឺសុទ្ធតែបង្កើតឡើងដោយសារមនុស្ស ប៉ុន្តែអ្នកដឹកនាំគឺជាអ្នកដឹកនាំលើមនុស្ស ជាអ្នកដឹកនាំបង្កើតអ្វីៗទាំងឡាយដែលមាននៅលើផែនដី ដូច្នេះសំណួរសួរថា តើធ្វើដូចម្ដេចទើបយើងអាចក្លាយជាមនុស្សដែលដឹកនាំលើមនុស្សបាន?
លោកគ្រូ ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ និងជាអ្នកចងក្រងសៀវភៅ «ភាពជាអ្នកមានកំពូល» នៅក្នុងទិវាទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំឆ្នាំ២០១៩ ដែលស្ដីអំពី "ភាពជាមាតាបិតាមនុស្សជាតិ" នាក្រសួងកិច្ចការនារី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងថា អ្នកដឹកនាំដំបូងបង្អស់គឺឪពុកម្ដាយ ពួកគាត់គឺជាអ្នកដែលបាននាំយើងឲ្យរីកចម្រើនធំធាត់មកដល់ថ្ងៃនេះ ដូច្នេះប្រសិនអ្នកចង់ស្វែងយល់ពីភាពជាអ្នកដឹកនាំ អ្នកអាចស្រាវជ្រាវ និងស្វែងយល់ពីឪពុកម្ដាយបាន។
លោកបន្តថា ភាពជាអ្នកដឹកនាំ គឺមកពីពាក្យ អ្នក ផ្សំជាមួយពាក្យ ដឹកនាំ ដោយពាក្យអ្នកគឺសំដៅលើមនុស្ស ដូច្នេះភាពជាអ្នកដឹកនាំ គឺស្មើនឹងភាពជាអ្នកដឹកនាំមនុស្ស ហើយភាពជាអ្នកដឹកនាំមនុស្សគឺមានន័យថា «ភាពជាមាតាបិតានៃមនុស្សជាតិ»។ យើងមើល ចំពោះកូនបង្កើតរបស់យើងគឺជាចំនួនមួយដែលមានកំណត់ ហើយបើធ្វើការងារអ្វីចាំរំពឹងតែសាច់ញាតិក្រុមគ្រួសារកូនចៅរបស់ខ្លួនគឺវាធ្វើឲ្យយើងមិនអាចធ្វើកិច្ចការធំបានទេ ជាដំណោះស្រាយគឺយើងត្រូវការកូនមិនបង្កើតដែលជាចំនួនមួយគ្មានដែនកំណត់ដើម្បីជួយយើង។
កូនមិនបង្កើតសំដៅលើបុគ្គលិក ឬបុគ្គលដទៃដែលយើងស្រលាញ់រាប់អានចាត់ទុកដូចជាកូនជាចៅ។ បើទោះជាអ្នកស្រលាញ់សម្ភារៈប្រើប្រាស់របស់អ្នក(ទូរស័ព្ទ,កុំព្យូទ័រ...)ខ្លាំងប៉ុណ្ណាក៏ដោយក៏វត្ថុទាំងនោះមិនអាចស្រលាញ់អ្នកត្រឡប់មកវិញឡើយ តែផ្ទុយទៅវិញចំពោះមនុស្សគឺមានវិញ្ញាណមានបង្កប់ក្ដីស្រលាញ់ដ៏ផូរផង់ បើអ្នកផ្ដល់ការស្រលាញ់រាប់អានចំពោះអ្នកដទៃដោយទឹកចិត្តដ៏បរិសុទ្ធ មនុស្សទាំងនោះនឹងមានក្ដីស្រលាញ់ដ៏ស្រស់ស្អាតត្រឡប់មកអ្នកវិញ។
ទំនាក់ទំនងគឺជាអំណាចដ៏ធំជាងគេក្នុងលោក ហើយទំនាក់ទំនងដែលធំជាងគេបំផុតគឺទំនាក់ទំនងគ្រួសារ។ បើយើងធ្វើល្អដាក់កូនបង្កើត១០០សូមរាប់ត្រឹមមួយ ព្រោះបើធ្វើគុណហើយទាចង់បានគុណពីកូន នឹងធ្វើឲ្យកូននោះលែងដឹងគុណ។ មួយវិញទៀត ចំពោះកូនមិនបង្កើតវិញបើធ្វើល្អត្រឹមមួយគេអាចនឹងរាប់១០០ ដូច្នេះប្រសិនបើធ្វើល្អដាក់កូនមិនបង្កើតសូមកុំរំពឹងផលតបស្នងពីគេ ថ្ងៃណាមួយអំពើល្អនោះនឹងហុចផលឲ្យអ្នកដោយខ្លួនឯងមិនខាន។
អ្នកមិនចាំបាច់ពិបាកទៅបង្កើតកូនខ្លួនឯងឲ្យច្រើនដើម្បីមកជួយអ្នកនោះទេ អ្នកគ្រាន់តែបើកចិត្តឲ្យទូលាយ ហើយផ្ដល់ក្ដីស្រលាញ់និងចាត់ទុកអ្នកដទៃគឺជាកូនរបស់អ្នក ដូច្នេះអ្នកនឹងអាចជ្រើសរើសកូនប៉ុន្មានក៏បានអាស្រ័យលើអ្នកចង់បាន បើកាលណាអ្នករើសបានកាន់តែច្រើនអ្នកនឹងក្លាយជាមនុស្សដែលមានភាពជាមាតាបិតាមនុស្សជាតិ៕
ដោយ៖ ជួប ស្រីរ័ត្ន