CSX រៀប​ចំ​វេទិកា "វិស័យកំពង់ផែនៅកម្ពុជា ឱកាសនិងការប្រកួតប្រជែង" ដើម្បីផ្ដល់ព័ត៌មាន​ដល់​វិនិយោគិន​​



វេទិកាក្រុមហ៊ុនចុះបញ្ជីជា លើក១ នៃឆ្នាំទី២ក្រោមប្រធានបទ “វិស័យកំពង់ផែនៅកម្ពុជា៖ ឱកាស និងការប្រកួតប្រជែង” ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅអគារក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ កម្មវិធីនេះមានការចូលរួមជាអធិបតីពីឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា  និងលោក HA Jong Weon អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនមូលបត្រ និងវិនិយោគិនជាច្រើនរូបទៀត។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មានសំខាន់ៗ របស់ក្រុមហ៊ុនចុះបញ្ជីទៅដល់វិនិយោគិន ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគដែលរួមមាន បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ គម្រោងអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែងផងដែរ។

វេទិកានេះត្រូវបានរៀបចំរយៈពេលមួយព្រឹកពេញ ដោយមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សាដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីតំណាងគណៈកម្មការមូលបត្រកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី និងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។

វេទិកានេះ វាគ្មិនដែលអញ្ជើញមកពីកំពង់ផែទាំងពីរ រូបបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពអាជីវកម្មរបស់ខ្លួន និងបានបកស្រាយលើទិដ្ឋភាពទូទៅនៃអាជីវកម្មកំពង់ផែនៅក្នុងប្រទេសកម្ពុជា ឱកាស និងការប្រកួតប្រជែងអាជីវកម្មនៅក្នុងវិស័យកំពង់ផែ និងជាពិសេសការបង្កើនសមត្ថភាពអាជីវកម្មរបស់ខ្លួនក្នុងការក្តោបយកឱកាស និងត្រៀម ខ្លួនក្នុងការប្រកួតប្រជែងអាជីវកម្មនាពេលអនាគត។ 

ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរបស់វាគ្មិនទាំងអស់ អ្នកចូលរួមបានលើកជាសំនួរសំខាន់ៗជាច្រើនទាក់ទងនឹងអាជីវកម្មរបស់កំពង់ផែទាំងពីរទៅកាន់វាគ្មិនទាំងអស់ នៅក្នុងវេទិកាពិភាក្សាលើប្រធានបទខាងលើផងដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s