នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៥ឆ្នាំ បង្ហើបអាថ៌កំបាំងជួយឲ្យលោកមានអាយុវែង ក្នុងកិច្ចប្រជុំអាស៊ាន
ការជៀសវាងទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន អាហារមានជាតិកាបូអ៊ីដ្រាត និងមិនទទួលទានជាតិស្ករច្រើនពេក គឺជាអាថ៌កំបាំងមួយដែលធ្វើឲ្យលោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រស់នៅបានអាយុវែងរហូតដល់វ័យ ៩៤ ឆ្នាំហើយបើគិតត្រឹមឆ្នាំ ២០១៩នេះ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីដ៏ល្បីល្បាញរបស់ម៉ាឡេស៊ីនៅក្នុងឱកាសដែលលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅនេះនៅឯប្រទេសថៃ។
នៅក្នុងវេទិកាមួយក្រោមប្រធានបទ “កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន” លោកត្រូវបានសម្របសម្រួលកម្មវិធីចោទសួរថា តើមូលហេតុអ្វីដែលធ្វើឲ្យលោករស់នៅមានអាយុវែងបែបនេះ?
ឆ្លើយតបទៅនឹងសំនួរខាងលើ មេដឹកនាំមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោករូបនេះបានថ្លែងដូច្នេះថា៖« ខ្ញុំមិនដឹងថា ម៉េចបានជាខ្ញុំរស់បានយូរយ៉ាងនេះ តែខ្ញុំសំណាងដែរដែលខ្ញុំមិនសូវឈឺតាំងពីតូចមក។ ខ្ញុំយល់ថា យើងគួរកុំទទួលទានអាហារមានជាតិខ្លាញ់ ជាតិកាបូអ៊ីដ្រាត និងស្ករច្រើនពេក។ យើងត្រូវសកម្មឲ្យមែនទែន និងឧស្សាហ៍ហាត់ប្រាណឲ្យបានទៀងទាត់ បើមិនអ៊ីចឹងទេ សុខភាពយើងនឹងទ្រុឌទ្រោមហើយ»។
លោកបានបន្តទៀតថា៖«សកម្មបានន័យថា ធ្វើឲ្យប្រព័ន្ធរាងកាយរបស់យើងទាំងមូលមានចលនា ហើយប្រើខួរក្បាលយើងនិយាយចេញមក ចេះតតាំង ស្វាហាប់ ប្រកួតប្រជែង…ទាំងអស់ហ្នឹងធ្វើឲ្យសុខភាពខួរក្បាលរបស់យើងដើរបានស្រួល»។
«បើអ្នកមិនធ្វើអញ្ចឹងទេ ជាពិសេសក្រោយពេលចូលនិវត្ត ហើយអ្នកប្រើពេលវេលាចុងក្រោយបណ្តោយខ្លួនគិតតែពីដេក ហើយសម្រាក ខួរក្បាល និងរាងកាយអ្នកនឹងបាត់បង់សមត្ថភាព»។ លោក Mahathir Mohamad បញ្ជាក់។
កាលពីឆ្នាំ ២០១៧ កាសែត straitstimes ក៏ធ្លាប់បានសម្ភាសន៍លោកម្តងរួចមកហើយដែរ។ កាលនោះលោក Mahathir បានលើកឡើងថា រហូតមកដល់វ័យ ៩០ផ្លាយនេះ លោកមិនដែលគិតថា ខ្លួនលោកសម្រាកចូលនិវត្តទេ។ លោកជាមនុស្សសកម្មណាស់ នេះហើយជាមូលហេតុដែលធ្វើឲ្យលោកអាចរក្សារាងឲ្យមានទម្ងន់ត្រឹមចន្លោះពី ៦២ ទៅ ៦៤ នៅក្នុងរយៈពេល ៣ទសវត្សចុងក្រោយ និងមានអាយុវែង។
លោក Mahathir Mohamad រៀបរាប់ដូច្នេះថា៖«ខ្ញុំមើលមកខ្លួនឯងដូចស្វាអ៊ីចឹង។ ខ្ញុំក៏ធ្លាប់មានបញ្ហាសុខភាពដែរ តែមិនញឹកញាប់ទេ។ មើលមកខ្ញុំមើល៍! ខ្ញុំអត់ជក់បារី អត់ផឹកស្រា ហើយក៏មិនទទួលទានអាហារតាមតែចិត្តចង់ដែរ។ ខ្ញុំគ្រាន់តែទទួលទានអាហារមួយចម្អែតដើម្បីមានកម្លាំងធ្វើការបន្តតែប៉ុណ្ណោះ»។
«មនុស្សភាគច្រើនឡើងឆាប់ឡើងទម្ងន់ ពោះឡើងប៉ោង ទទួលទានមិនចេះគិត គិតតែពីឆ្ងាញ់ ផឹកច្រើន ទទួលទានច្រើន។ អាហ្នឹងហើយដែលនាំទុកដល់បេះដូងខ្លួនឯង។ មើលទម្ងន់ខ្ញុំមើល៍! ខ្ញុំមានទម្ងន់ត្រឹមចន្លោះពី ៦២ ដល់ ៦៤ រាប់សិបឆ្នាំមកហើយ! ខ្ញុំហ៊ានស្បថ! សំលៀកបំពាក់ខ្ញុំដែលខ្ញុំស្លៀកនេះ ខ្ញុំទិញតាំងពី ៣០ឆ្នាំ មុនមកម្ល៉េះ»។ លោក Mahathir Mohamad រៀបរាប់បន្ថែម ។
លោកថា សម្រាប់លោកការចូលនិវត្ត គេងតែមួយមុខ ហើយត្រៀមខ្លួនដើម្បីរង់ចាំថ្ងៃស្លាប់មកដល់ គឺជារឿងដ៏អាត្មានិយមបំផុត៕
ប្រភព៖ asiaone & straitstimes