តំបន់ត្រីកោណមាសនៅតែជាសម្បុកផលិត និងចែកចាយគ្រឿងញៀនទៅកាន់ពិភពលោក
ត្រីកោណមាស (Goldern triangle) ជាតំបន់មួយដែលនៅព្រំដែនប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ហើយវាជាចំណុចប្រសព្វនៃទន្លេមេគង្គ និងដៃទន្លេរួក (Ruak)។ ឈ្មោះត្រីកោណមាសនេះបង្កើតឡើងដោយ CIA សំដៅទៅលើតំបន់មួយមានផ្ទៃដីប្រមាណ ៩៥០,០០០ គីឡូម៉ែត្រក្រឡាដែលជាតំបន់ប្រសព្វត្រួតគ្នាលើភ្នំនៃប្រទេសជាប់គ្នាទាំងបី (ថៃ ឡាវ និងមីយ៉ាន់ម៉ា)។
តំបន់ត្រីកោណមាសនេះ ត្រូវបានគេចាត់ទុកថាជាទីតាំងផលិតគ្រឿងញៀន ដាំកញ្ឆាច្រើននិងធំជាងគេលើពិភពលោកតាំងតែពីឆ្នាំ ១៩៥០។ អាភៀនដែលចែកចាយទូទាំងពិភពលោក គឺនាំចេញពីតំបន់ត្រីកោណមាសនេះច្រើនជាងគេ រហូតមកដល់ដើមសតវត្សរ៍ទី ២១ អាហ្វហ្គានីស្ថាន បានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេវិញម្តង បច្ចុប្បន្នផលិតអាភៀន៩០%នៃចំនួនផលិតសរុបលើទូទាំងពិភពលោក។ តំបន់អឌ្ឍច័ន្ទមាស (Golden Crescent) ជាតំបន់ផលិតអាភៀនដ៏ធំមួយក្នុងចំនោមតំបន់ផលិតអាភៀនទាំង២នៅអាស៊ី ដែលស្ថិតនៅតំបន់ភ្នំប្រសព្វរវាងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និង ប៉ាគីស្ថាន។
លោក Jeremy Douglas តំណាងប្រចាំតំបន់របស់ United Nations Office on Drugs and Crime (UNODC) នៅតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ការជួញដូរសារធាតុគីមីនិងហេរ៉ូអ៊ីនចេញពីតំបន់ត្រីកោណមាសគឺជាបញ្ហាប្រឈមដ៏សំខាន់មួយចំពោះស្ថិរភាពនិងនីតិរដ្ឋ”។ “តម្រូវការគ្រឿងញៀន និងហេរ៉ូអ៊ីនក្នុងតំបន់បានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមឧក្រិដ្ឋកម្មឆ្លងដែន មិនត្រឹមតែដោយការនាំយកសារធាតុគីមីវត្ថុធាតុដើមដែលជាតម្រូវការចាំបាច់ដើម្បីផលិតហេរ៉ូអ៊ីនទេ តែជាពិសេសគឺការបើកផ្លូវជួញដូរនិងចែកចាយគ្រឿងញៀនទៅកាន់ទីផ្សារប្រទេសចិន អាស៊ីអាគ្នេយ៍និងតំបន់ផ្សេងទៀតនៃពិភពលោក"។
២) ហេតុអ្វីប្រជាជនក្នុងតំបន់នេះជ្រើសយកការដាំអាភៀន និងកញ្ឆា?
តាមរបាយការណ៍ពី UNODC បានឲ្យដឹងថា មីយ៉ាន់ម៉ានៅតែជាប្រទេសមួយដែលផលិត និងដាំដំណាំកញ្ឆាច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែរនៅក្នុងឆ្នាំ ២០១៥ មីយ៉ាន់ម៉ា និងឡាវបានផលិតកញ្ឆាប្រមាណជា ៧៦២ តោនដែលវាជាប្រភពសំខាន់បំផុតក្នុងការផលិតគ្រឿងញៀន។ ការប្រើប្រាស់សារធាតុគីមីដែលត្រូវបានរត់ពន្ធដូចជា អាសេទីលអ៊ីដ្រូលីតត្រូវបានចម្រាញ់ចូលទៅក្នុងហេរ៉ូអ៊ីនប្រមាណ ៧៦ មីលីលីត្រហើយបន្ទាប់មកត្រូវបានគេលក់ទៅទីផ្សារនៅប្រទេសជិតខាងនិងក្រៅតំបន់។
រដ្ឋសាននៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាជាតំបន់ពោរពេញដោយជម្លោះនិងក្រុមបះបោរ នៅតែជាចំណុចកណ្តាលនៃសកម្មភាពជួញដូររត់ពន្ធអាភៀននិងហេរ៉ូអ៊ីនរបស់ប្រទេសមីយ៉ាន់ម៉ា ហើយការដាំដុះអាភៀនប្រមាណ ៨៩ ភាគរយគឺនៅក្នុងតំបន់ត្រីកោណមាសនេះ។ តែទោះជាយ៉ាងណារបាយការណ៍ពី UNODC បានបង្ហាញថា ការដាំអាភៀនរបស់ប្រជាកសិករក្នុងតំបន់នេះ គឺចាំបាច់បំផុតសម្រាប់ផ្គត់ផ្គង់គ្រួសារពិសេសអ្នកភូមិដែលងាយរងគ្រោះពីការគំរាមកំហែងអសន្តិសុខស្បៀង និងភាពក្រីក្រ។
ការតភ្ជាប់គ្នាជាចរន្តរវាងភាពក្រីក្រ ប្រជាជនគ្មានចំណេះដឹង កង្វះខាតនៃជម្រើសសេដ្ឋកិច្ច និងឱកាសនៃការដាំដំណាំអាភៀនខុសច្បាប់ បានជំរុញឲ្យតំបន់នោះនៅតែជាជង្រុកកន្លែងផ្គត់ផ្គង់វត្ថុធាតុដើមផលិតគ្រឿងញៀនយ៉ាងសំខាន់។ យោងតាមប្រសាសន៍របស់លោក Cheikh Toure នាយក UNODC ប្រចាំប្រទេសឡាវបានលើកឡើងថា “កសិករដែលដាំកញ្ឆាមិនមែនសុទ្ធតែជាមនុស្សអាក្រក់ទេ តែអ្វីដែលសំខាន់ពួកគាត់មានជីវភាពក្រីក្រ ពួកគាត់ទទួលរងនូវអសុវត្ថិភាពចំណីអាហារ ម៉្យាងវិញទៀតពួកគេរស់នៅឆ្ងាយពីទីប្រជុំជននិងទីផ្សារជាហេតុមិនអាចឲ្យពួកគេលក់ផលិតផលនានាបាន មានជម្រើសតែមួយគត់ដែលពួកគេអាចចិញ្ចឹមជីវិតបានគឺការដាំកញ្ឆា និងអាភៀន”។
៣) ទំនាក់ទំនង និងសកម្មភាពចរាចរណ៍គ្រឿងញៀន
នៅពេលការវាយប្រហារលើការដឹកជញ្ជូនតាមដងទន្លេមេគង្គត្រូវបានបញ្ចប់ ការផលិតនិងការជួញដូរគ្រឿងញៀននៅក្នុងតំបន់ដែលគេស្គាល់ថាជាត្រីកោណមាសកំពុងតែរីកដុះដាល ទោះបីមានវត្តមាននៃកាំភ្លើងចិននិងកងកំលាំងប្រដាប់អាវុធចិននៅតាមដងទន្លេមេគង្គក៏ដោយ។ តែយោងតាមរបាយការណ៍ពីសារព័ត៌មាន Reuters បានបញ្ជាក់ថា ចិនជាប្រទេសគោលដៅធំបំផុតមួយក្នុងការនាំចេញថ្នាំញៀនរបស់ប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវឆ្លងកាត់តំបន់អាស៊ីនូវបរិមាណគ្មានកំណត់។ ក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមដែរថា ប្រភេទមេតង់ហ្វេតាមីន (នៅថៃហៅថាថ្នាំឆ្កួត ឬយ៉ាបា) ប្រមាណជាង ២៥០គ្រាប់ ត្រូវបានរឹបអូសនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៣ ដែលជាការកើនឡើង ៨ ដងពីឆ្នាំ ២០០៨ ។ លើសពីនេះក៏នៅមានការរឹបអូសពពួកម៉ាទឹកកក (Crystal Meth ឬ Ice) កើនឡើងទ្វេរដងដែរ ក្នុងរយៈពេលដូចគ្នានេះ។
យោងតាមសារព័ត៌មាន Tandfonline បានធ្វើរបាយការណ៍មួយស្តីពី “ការផលិតគ្រឿងញៀនការជួញដូរនិងផ្លូវឆ្លងកាត់ខុសច្បាប់ដែលត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ របាយការណ៍នេះផ្អែកលើ “ការវិភាគស្ថានភាពនៃបញ្ហានិងការឆ្លើយតបគ្រឿងញៀនខុសច្បាប់នៅអាស៊ីនិងប៉ាស៊ីហ្វិក” ដែលត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិអូស្រ្តាលីស្តីពីគណៈកម្មាធិការដោះស្រាយបញ្ហាគ្រឿងញៀនអាស៊ីប៉ាស៊ីហ្វិក។ គេបានរកឃើញថាប្រទេសមីយ៉ាន់ម៉ាគឺជាអ្នកផលិតអាភៀន ហេរ៉ូអ៊ីន អាំហ្វេតាមីន និងពពួកថ្នាំសម្រើប ធំនិងសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បច្ចុប្បន្នប្រទេសចិនត្រូវបានគេចាត់ទុកថាជាអ្នកផលិតមេតង់ហ្វេតាមីនដ៏ធំមួយ ប៉ុន្តែប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក៏ចូលរួមក្នុងការផលិតផងដែរ។ ការផលិត និងដាំកញ្ឆាត្រូវបានគេរកឃើញនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសហ្វីលីពីន ឯការជួញដូរគ្រឿងញៀននិងផ្លូវឆ្លងកាត់នៃអាស៊ីនិងប៉ាស៊ីហ្វិកកំពុងរីកសាយភាយនិងមានភាពរឹងមាំ។ មហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេស្គាល់ថាជាចំណុចដឹកជញ្ជូនឆ្លងដែនសម្រាប់គ្រឿងញៀនចូលប្រទេសដទៃទៀតក្នុងតំបន់។ ការដាំដុះនិងការផលិតគ្រឿងញៀននៅអាស៊ីមានច្រើនណាស់ ការពង្រីកផលិតកម្ម amphetamine-type stimulants នៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកជួញដូរគ្រឿងញៀនភាគច្រើនផ្លាស់ប្តូរផ្លូវនិងយុទ្ធសាស្ត្រដើម្បីកេងចំណេញចំណុចងាយរងគ្រោះដែលមាននៅតាមព្រំដែនអន្តរជាតិ។ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពស្មុគស្មាញ ទំហំនៃការផលិតនិងការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងនៅតែជាបញ្ហាប្រឈមដ៏ធំមួយ៕
ដោយ៖ យ៉ាយ៉ា