ក្រុមហ៊ុនអាមេរិកទាំង១០ ដែលអាចរកចំណូលបានច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៥
នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាកំពុងរីកដុះដាល ឧស្សាហកម្មប្រេងកំពុងរីចម្រើន ធនាគារដុះដូចផ្សិតទូទាំងសកលលោក។ កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Fortune បានចេញផ្សាយនូវរបាយការណ៍ Fortune ៥០០ នូវបញ្ជីប្រចាំឆ្នាំល្អបំផុតនៅក្នុងអាជីវកម្មរបស់សហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាក្រុមហ៊ុនអាមេរិកទាំង ១០ ដែលរកចំណូលបានច្រើនជាងគេ ក្នុងឆ្នាំ២០១៥៖
១) ក្រុមហ៊ុន Apple
ចំណូលក្នុងឆ្នាំ ២០១៥៖ ៥៣,៤ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ក្នុងរយៈពេលតែមួយឆ្នាំប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើង ៣៥% ហើយទោះបីជាការលក់ iPad ធ្លាក់ចុះនៅឆ្នាំ ២០១៥ ក៏ដោយក៏ក្រុមហ៊ុន Apple បានរាយការណ៍ថាការលក់ iPhone 6s បំបែកឯតទគ្គកម្មកាលពីខែកញ្ញា ដោយលក់បាន ១៣ លានគ្រឿងក្នុងកំឡុងពេលលក់ដើមសប្តាហ៍ដំបូង។
២) ក្រុមហ៊ុន JP Morgan Chase & Co
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ២៤,៤ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ទី ២៣ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន JP Morgan បានប្រកាសពីប្រាក់ចំណេញ ២៤.៤ ពាន់លានដុល្លារដែលបានវ៉ាដាច់ក្រុមហ៊ុន Wells Fargo ក្លាយជាធនាគារដែលរកប្រាក់ចំណេញបានច្រើនបំផុតរបស់ប្រទេស (សហរដ្ឋអាមេរិក)។ កំណើនប្រាក់ចំណេញ ១២% ពីមួយឆ្នាំទៅមួយឆ្នាំរបស់ធនាគារត្រូវបានជំរុញដោយប្រាក់ចំណូល នៃការកើនឡើងដ៏រឹងមាំនៅក្នុងធនាគារវិនិយោគ។
៣) ក្រុមហ៊ុន Berkshire Hathaway
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ២៤,១ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ឆ្នាំ ២០១៥ គឺជាឆ្នាំដ៏រីករាយសម្រាប់ការវិនិយោគរបស់លោក Warren Buffett ។ Berkshire Hathaway (BRK-A) ប្រាក់ចំណេញមានការកើនលើសពីឆ្នាំ ២០១៤ ចំនួន (១៩.៩ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណូល ២៤,១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥ ដែលជាការកើនឡើង ២១%។ ខណៈដែលប្រាក់ ចំណូល ៧ ពាន់លានដុល្លារបានមកពីការទូទាត់ប្រាក់ចំណេញនៃការរួមបញ្ជូលគ្នាជាមួយនឹងក្រុមហ៊ុន Kraft Foods និង Heinz អង្គភាពធានារ៉ាប់រង Berkshire អាជីវកម្ម ផលិតកម្មនិងផ្លូវដែក BNSF។
៤) ក្រុមហ៊ុន Wells Fargo
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ២២,៩ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ប្រាក់ចំណេញឆ្នាំ ២០១៤ មានចំនួន ២៣,១ ពាន់លានដុល្លារបានធ្លាក់ចុះមួយភាគភាគរយដល់ ២២,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ កាលពីខែតុលាក្រុមហ៊ុនធនាគារយក្សមួយនេះបានទិញអាជីវកម្មនិងការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មរបស់ GE Capital ក្នុងតម្លៃ ៣២ ពាន់លានដុល្លារ។
៥) ក្រុមហ៊ុន Gilead Sciences
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៨,១ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ៨៦ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ក្រុមហ៊ុន Gilead Sciences មានទីស្នាក់ការកណ្តាលនៅទីក្រុង Foster កាលីហ្វ័រញ៉ាផ្នែកឱសថដែលត្រូវបានគេទទួលស្គាល់ថាជាថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ដែលមានកម្រិតខ្ពស់គឺ Harvoni និង Sovaldi ។ការលក់ថ្នាំទាំង ២ មុខនេះទទួលបានប្រាក់ចំណេញចំនួន ១៩,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ (GILD) បានរាយការណ៍ថាមានការធ្លាក់ចុះនូវភាគរយនៃប្រាក់ចំណេញដែលរកបានត្រឹមតែចំនួន ១៨,១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥។
៦) ក្រុមហ៊ុន Verizon Communications
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៧,៩ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ ១៣ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ឧបករណ៍ទូរគមនាគមន៍ដែលមានមូលដ្ឋាននៅរដ្ឋ New Jersey ទទួលបានលើសពីការរំពឹងទុករបស់ Wall Street ជាមួយនឹងការរកប្រាក់ចំណេញបាន ៨៥% ក្នុងឆ្នាំ ២០១៥ ដែលមានចំនួនសរុប ១៧,៩ ពាន់លានដុល្លារ។ ក្រុមហ៊ុន Verizon (VZ) បានទាក់ទាញអតិថិជនថ្មីចំនួន ៤,៥ លាននាក់ដែលជាផ្លែផ្កាដែលទទួលបានពីការផ្សព្វផ្សាយការលក់ថេប្លេតនិងសេវាកម្មវីដេអូចល័តថ្មីក្នុងគោលបំណងទាក់ទាញយុវវ័យ។
៧) ក្រុមហ៊ុន Citigroup
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៧,២ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ក្រុមហ៊ុន Citigroup (C) រាយការណ៍ថាទទួលបានប្រាក់ចំណេញចំនួន ១៧,២ ពាន់លានដុល្លារកាលពីឆ្នាំ២០១៤ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៦មកម្លេះ។ ប្រាក់ចំណេញមានការកើនឡើង ១៣៦% បើធៀបនឹងឆ្នាំ២០១៤ របស់ក្រុមហ៊ុន Citigroup បានមកពីការថយចុះនៃចំនួនបុគ្គលិកនិងសាខាដែលជាការបន្ថយការចំណាយយ៉ាងច្រើនរបស់ក្រុមហ៊ុន។
៨) ក្រុមហ៊ុន Alphabet (Google)
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៦,៣ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ៣៦ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ក្រុមហ៊ុនមេរបស់ Google បានប្រមូលប្រាក់ចំណេញ ១៦,៣ ពាន់លានដុល្លារដែលជាការចាប់ផ្តើមគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ឆ្នាំដំបូងរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនកាន់កាប់។ ទោះបីជាអាជីវកម្មផ្សេងទៀតរបស់ Alphabet (GOOG) រួមមាន Fiber, Verily, Calico, Nest រងការខាតបង់ចំនួន ៣,៦ ពាន់ដុល្លារក៏ដោយ ក៏អាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថលស្នូលរបស់ Google បានបន្តបង្កើតប្រាក់ចំណេញយ៉ាងច្រើន។ ប្រាក់ចំណូលដែលទទួលបានពីការស្វែងរកតាមទូរស័ព្ទក៏ដូចជាយូធូបគឺជាកត្តាជំរុញដ៏សំខាន់នៃប្រាក់ចំណូលរបស់ Alphabet នៅឆ្នាំ ២០១៥ ដែលមានចំនួន ១៦.៣ ពាន់លានដុល្លារ។
9) ក្រុមហ៊ុន Exxon Mobil
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៦,២ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ទោះបីជាការធ្លាក់ចុះនៃប្រាក់ចំណេញ ៥០% ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនថាមពលយក្សនេះនៅតែជាក្រុមហ៊ុនមួយដែលទទួលបានប្រាក់ចំណេញច្រើនបំផុតនៅអាមេរិក។ ទោះបីជាក្រុមហ៊ុន Exxon (XOM) បានរងផលប៉ះពាល់ដ៏អាក្រក់បំផុតក្នុងឧស្សាហកម្មនេះអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយក៏ក្រុមហ៊ុននេះអាចស្វែងរកដើមទុននិងចំណាយលើការរុករករ៉ែចំនួន ៧,៤ ពាន់លានដុល្លារបានដែរ។ ឧស្សាហកម្មនេះប្រមូលចំណូលបាន ១៦,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។
១០) ក្រុមហ៊ុន Bank of America
ចំណូលក្នុងឆ្នាំ ២០១៥ ៖ ១៥,៩ ពាន់លានដុល្លារ
ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០
ក្រុមហ៊ុន (BAC) មួយនេះទទួលបានប្រាក់ចំណូលធំបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ដោយទទួលបានប្រាក់ចំណេញ ១៥,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ ការកើនឡើងប្រាក់ចំណូល ២២៩% របស់ធនាគារគឺជាផ្នែកមួយយ៉ាងធំបានមកពីថ្លៃសេវាច្បាប់និងការពិន័យជាប្រាក់៕
ដោយ៖ ជា ធារិទ្ធ