​ឃ្លា​ចំនួន​ ១២​ ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ Tao Te Ching របស់​ឡៅជឺ​



ការ​បង្រៀន​របស់​ឡៅជឺ មាន​លក្ខណៈ​ខុសប្លែក​យ៉ាង​ផ្ទុយ​ស្រឡះ​ពី​ការ​បង្រៀន​ដទៃ​ទៀត។ ដូចជា​មាន​ឃ្លា​មួយ​សរសេរ​ថា «នៅ​ពេល​គ្រប់គ្នា​នៅ​ក្នុង​ពិភព​លោក​ឃើញ​ភាព​ស្រស់​ស្អាត នោះ​ភាព​មិន​ស្រស់​ស្អាត​នឹង​មាន​វត្តមាន​មក។» ដូច​ព្រះសម្មាសម្ពុទ្ធ​មាន​ដីកា​ថា «គ្មាន​អ្វីមួយ​ដែល​កើតឡើង​ដោយ​ឯកឯង​បាន​នោះ​ទេ។ អ្វី​គ្រប់យ៉ាង​មាន​ទំនាក់ទំនង​ជាមួយ​អ្វីៗ​ផ្សេង​ទៀត។» ទស្សន​ដែល​មើល​ឃើញ​ថា​អ្វីមួយ​ស្អាត ដោយសារ​តែ​មាន​អ្វីមួយ​ដែល​អាក្រក់​ជាង​វា​ទើប​យើង​អាច​មើល​ឃើញ​ថា​វា​ស្អាត​បាន។ អ្វីៗ​កើតឡើង​ដោយសារ​មាន​ការ​ប្រៀបធៀប​គ្នា។ បើ​អ្វីមួយ​ឈរ​នៅ​ម្នាក់ឯង នោះ​វា​មិន​មាន​អត្ថន័យ​អ្វី​នោះ​ទេ គ្មាន​អ្វី​ស្អាត​និង​អ្វី​មិន​ស្អាត​នោះ​ឡើយ។ អ្វីៗ​កើតឡើង​ចេញ​ពី​ការ​គិត​របស់​មនុស្ស​ប៉ុណ្ណោះ។

ការ​បង្រៀន​ភាគច្រើន​បង្រៀន​ឲ្យ​យើង​ប្រកាន់​យក​អំពើ​ល្អ​និង​ស្អប់ខ្ពើម​អំពើ​អាក្រក់។ ប៉ុន្តែ​ឡៅជឺ បង្រៀន​យើង​ឲ្យ​ដើរ​ផ្លូវ​កណ្ដាល មិន​ឲ្យ​យើង​ប្រកាន់​ខ្ជាប់​យក​ខាង​ណាមួយ​នោះ​ឡើយ ព្រោះ​អ្វីៗ​សុទ្ធតែ​កើតឡើង​អាស្រ័យ​គ្នា ក្នុង​ល្អ​មាន​អាក្រក់ ក្នុង​អាក្រក់​មាន​ល្អ។ បើ​អ្នក​មិន​លម្អៀង​ទៅ​ទស្សន​បែប​ណា​មួយ​ហើយ​ដើរ​នៅ​លើ​ផ្លូវ​កណ្ដាល​បាន នោះ​អ្នក​នឹង​អាច​មើល​ឃើញ​អ្វីៗ​ក្នុង​លោក​នេះ​កាន់តែ​ច្បាស់លាស់​ជាង​មុន មើល​ឃើញ​ពី​កំណើត​នៃ​ល្អ​និង​អាក្រក់​ដែល​នៅ​ជាមួយ​គ្នា​នៅ​ក្នុង​រឿងរ៉ាវ​នីមួយៗ។ ហេតុនេះ​ហើយ​ទើប​បាន​ជា​អ្នក​មិន​ត្រូវ​ជាប់​ជំពាក់​នឹង​អំពើ​ល្អ​ដែល​ខ្លួនឯង​បាន​ធ្វើ​នោះ​ឡើយ ពុំ​នោះ​ទេ​វា​នឹង​បង្ក​កំណើត​ទៅ​ជា​សេចក្ដី​អាក្រក់​នៅ​ក្នុង​ចិត្ត​អ្នក​មិនខាន។


ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ឃ្លា​ចំនួន​១២​ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ Tao Te Ching របស់​ឡៅជឺ៖

) «ពិភពលោក​ប្រៀប​បាន​នឹង​ថូ​ផ្កាដ៏​ពិសិដ្ឋ​មួយ​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន។ បុគ្គល​ណា​ដែល​ផ្លាស់ប្ដូរ​វា នឹង​បំផ្លាញ​វា។ បុគ្គល​ណា​ដែល​ចាប់​វា នឹង​បាត់បង់​វា។»

) «នៅ​ពេល​គ្រប់គ្នា​នៅ​ក្នុង​ពិភពលោក​ឃើញ​ភាព​ស្រស់​ស្អាត នោះ​ភាព​មិន​ស្រស់​ស្អាត​នឹង​មាន​វត្តមាន​មក។»

) «ដំបូង​និង​ចុងក្រោយ​ដេញ​តាម​គ្នា។»

) «សេចក្ដី​សោកសៅ​គឺជា​អ្វី​ដែល​សេចក្ដី​សុខ​ផ្អែក​លើ សេចក្ដី​សុខ​គឺជា​អ្វី​ដែល​សេចក្ដី​សោកសៅ​ចាំ​លាក់​បង្កប់​នៅ​ពីក្រោម។»

) «ស្មូន​ដីឥដ្ឋ​ឲ្យ​ទៅ​ជា​ចាន។ លំហ​ទទេ​ធ្វើឲ្យ​វា​ក្លាយ​ជា​របស់​មាន​ប្រយោជន៍។»

) «តម្លៃ​បាន​មក​ពី​អ្វី​ដែល​មាន​នៅ​ទីនោះ តែ​ប្រយោជន៍​បាន​មក​ពី​អ្វី​ដែល​មិន​នៅ​ទីនោះ។»

) «មាន​សេរីភាព​ពី​ការ​ចង់បាន អ្នក​នឹង​ឃើញ​នូវ​អាថ៌កំបាំង។ ពោរពេញ​ដោយ​ការ​ចង់បាន អ្នក​នឹង​ឃើញ​នូវ​ការ​បង្ហាញ​ឡើង។»

) «កុំឲ្យ​តម្លៃ​ទៅលើ​ទ្រព្យ​ការពារ​ពី​ចោរប្លន់។»

) «បង្ហាញ​អួតអាង​ពី​ភាព​មាន​បាន​និង​មុខតំណែង​ជាមួយ​នឹង​ភាព​ក្រអឺតក្រទម នាំ​មក​នូវ​ការ​ធ្លាក់ខ្លួន​របស់​បុគ្គល​នោះ។»

១០) «គ្មាន​សេចក្ដី​អភ័ព្វ​ណា​ដែល​ធំធេង​ជាង​សេចក្ដី​លោភលន់​នោះ​ឡើយ។»

១១) «គ្មាន​អ្វីមួយ​នៅ​ក្នុង​លោក​ដែល​ទន់​ជាង​និង​ខ្សោយ​ជាង​ទឹក​នោះ​ឡើយ។ ប៉ុន្តែ ដើម្បី​ប្រយុទ្ធ​ជាមួយ​អ្វី​ដែល​រឹង​និង​ខ្លាំងក្លា គ្មាន​អ្វី​ដែល​អាច​ខ្លាំង​ជាង​វា​នោះ​ឡើយ។»

១២) «ស្ដែង​ទង្វើ​ដែល​សាមញ្ញ​និង​ប្រកាន់ខ្ជាប់​នូវ​ភាព​បរិសុទ្ធ។»

ដោយ៖ ស្រីពៅ

X
5s