លោក Fred Wilson៖ លំហូរសាច់ប្រាក់ជាកត្តាសំខាន់ធ្វើឲ្យអាជីវកម្មស្លាប់រស់ឬរីកចម្រើនបាន
នៅពេលដែលខ្ញុំមានអាយុជាង ២០ ខ្ញុំទទួលបានការងារមួយនៅក្នុងក្រុមហ៊ុនផ្តល់ទុនដល់សហគ្រិនវ័យក្មេង (venture capital) ។ មានពេលមួយនោះខ្ញុំបានអានសម្តីមួយឃ្លារបស់លោក Alan Shugart ដែលជាសហគ្រិនដ៏ជោគជ័យ និងល្បីល្បាញរបស់អាមេរិក។ ស្ថាបនិករបស់ក្រុមហ៊ុន Seagate រូបនេះបានសរសេរថា “ប្រាក់សំខាន់ជាងម្តាយរបស់អ្នកទៅទៀត ឬ cash is more important than your mother”។ សម្តីរបស់គាត់ធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែនទែន ដោយសារតែខ្ញុំដឹងថា ម្តាយរបស់ខ្ញុំ មានគុណ និងសំខាន់សម្រាប់ខ្ញុំខ្លាំងប៉ុណ្ណា។
អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំបានព្យាយាមរៀនសូត្រស្វែងយល់ឲ្យកាន់តែច្បាស់ថា តើអត្ថន័យរបស់លោក Alan ខាងលើនេះមានន័យអ្វីឲ្យប្រាកដ? នេះជារឿងពិតហើយពីព្រោះថា ដើមលុយគឺជាអ្វីគ្រប់យ៉ាងរបស់អាជីវកម្មថ្មីថ្មោង។ វាប្រៀបដូចជាប្រេងឥន្ធនៈសម្រាប់ចាក់បញ្ឆេះឲ្យរថយន្តធ្វើចលនាទៅមុខ ហើយអាជីវកម្មថ្មីថ្មោងបរាជ័យដោយសារតែមួយផ្នែកធំបណ្តាលមកអត់មានលុយសម្រាប់ទប់ទល់តទៅមុខទៀត។
ខ្ញុំបានធ្វើការជាមួយក្រុមហ៊ុនមូលប័ត្រមួយកាលពីពេលថ្មីៗកន្លងទៅនេះ លើគំរូការព្យាករណ៍សាច់ប្រាក់ (Cash Forecasting Model)។ វាជាការងារមួយដែលមានរបៀបអនុវត្តគួរកោតសរសើរយ៉ាងខ្លាំង និងណែនាំអ្នកទាំងអស់គ្នាឲ្យយកចិត្តទុកដាក់បន្តិច។ ការព្យាករណ៍សាច់ប្រាក់មានលក្ខណៈជាសិល្បៈជាងបែបវិទ្យាសាស្រ្ត ជាពិសេសចំពោះក្រុមហ៊ុនដែលកំពុងលូតលាស់ខ្លាំងគ្រប់សព្វបែបយ៉ាង ហើយមិនអាចព្យាករណ៍ទុកជាមុនបានដូចជា កំពុងរកប្រាក់ចំណូលបានច្រើន ថ្លៃចំណាយលើរចនាសម្ព័ន្ធច្រើន ការជួលទីតាំង ជាដើម។
លោក Fred Wilson
ប៉ុន្តែដូចទៅនឹងការអនុវត្តទូទៅដែរ គឺវាត្រូវចាប់ផ្តើមនិយាយអំពីការអនុវត្តមុនគេ។ អ្នកត្រូវតែចូលរួមព្យាករណ៍សាច់ប្រាក់ អ្នកត្រូវតែចូលរួមឲ្យសកម្មជាប្រចាំ អ្នកត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌនានាដែលនៅចំពោះមុខ ហើយអ្នកត្រូវតែធ្វើអន្តរកម្មរវាងការដាក់ចូល និងដកចេញ ព្រមទាំងត្រូវទទួលយកផលប៉ះពាល់របស់ពួកវាទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុន។
នៅពេលដែលក្រុមហ៊ុនមួយចាប់ផ្តើមមានភាពចាស់ទុំក្នុងមុខជំនួញរបស់ខ្លួន មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ និងមានតារាងតុល្យការរឹងមាំ អ្នកអាចដំណើរការអាជីវកម្មដោយពឹងផ្អែកទៅលើផែនការប្រចាំឆ្នាំ ឬផែនការពាក់កណ្តាលឆ្នាំ “Annual Plan or a Semi-annual Plan”។
យ៉ាងណាមិញសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មដែលនៅក្មេងខ្ចីនោះ អ្នកត្រូវប្រតិបត្តិអាជីវកម្មតាមផែនការយូរអង្វែងដោយគ្មានការផ្លាស់ប្តូរ ។ ប្រសិនបើចំណូលចូលមកយឺតៗ អ្នកក៏ត្រូវជួលបុគ្គលិកមកធ្វើការសន្សឹមៗដែរ។ ប្រសិនបើអ្នកចង់រង់ចាំប្រាំមួយខែទៀតទើបអាចបង្កើនដើមទុនបន្ថែម អ្នកក៏ត្រូវនេះអត់ធ្មត់នឹងពេលវេលារបស់អ្នកដែរ។ នោះគឺជាដំណើររវាងការគ្រប់គ្រងសាច់ប្រាក់ ការព្យាករណ៍ និងប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ៣ចំណុចនេះត្រូវដើរទន្ទឹមគ្នាជានិច្ច។
អ្វីគ្រប់យ៉ាងទាំងអស់នេះ ត្រូវចាប់ផ្តើមជាមួយគំរូព្យាករណ៍សាច់ប្រាក់។ វាមើលទៅដូចជារបាយការណ៍ស្វែងរកប្រាក់ចំណេញ និងខាតបង់ដែរ (Forward-looking Profit and Loss Statement)។ ប៉ុន្តែអ្នកត្រូវធ្វើវាដោយផ្អែកលើមូលដ្ឋានជាសាច់ប្រាក់ ហើយដាក់បញ្ចូលតារាងតុល្យការ ( Balance Sheet) ដូចជាប្រាក់តម្កល់ប្រាតិភោគ (Security Deposit) និង ការទិញសម្ភារៈផ្សេងៗជាដើមនៅក្នុងរបាយការណ៍។
នៅពេលអ្នកមានគំរូព្យាករណ៍សាច់ប្រាក់នៅក្នុងដៃ អ្នកត្រូវចូលរួមឲ្យសកម្ម និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ ហើយវាជារឿងល្អប្រសើរប្រសិនបើអ្នកបង្កើតវាឡើងដោយមានការចូលរួមជាមួយក្រុមការងារ ឬយ៉ាងហោចណាស់ជាមួយបុគ្គលិកមួយចំនួនដែលអ្នកយល់ថា មានការពាក់ព័ន្ធសំខាន់ជាងគេនៅក្នុងក្រុមហ៊ុនរបស់អ្នក។ ការធ្វើបែបនេះវាជួយបង្ហាញយ៉ាងច្បាស់ដល់មនុស្សគ្រប់គ្នានៅក្នុងស្ថាប័នរបស់អ្នកបានដឹងថា តើការសម្រេចចិត្តមានប៉ះពាល់ដល់លំហូរសាច់ប្រាក់ និងប្រតិបត្តិការអាជីវកម្មក្នុងកម្រិតណា?
អ្នកនិពន្ធ៖ Fred Wilson