យុវជនម្នាក់ស្រាវជ្រាវបច្ចេកទេសពី Youtube បង្កើតសិប្បកម្មផលិតធ្យូងអនាម័យ លក់បាន៣០តោនក្នុង១ខែ​



ស្របពេល ដែលបញ្ហាបំពុលបរិស្ថាន កំពុងក្លាយជាបញ្ហាសកលដែលប្រទេសកម្ពុជា ក៏ដូចជា ប្រជាជាតិទូទាំងសកលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង យុវជនខ្មែរម្នាក់ បានបំផុសគំនិត ផលិតធ្យូងអនាម័យ ដោយកែច្នៃពីកាកសំណល់ ក្រោយយុវជនរូបនេះ បានធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម Youtube ដើម្បីសិក្សាឈ្វេងយល់ពីបច្ចេកទេសកែច្នៃកាកសំណល់ធ្វើជាធ្យូងអនាម័យ ដែលអាចប្រើប្រាស់ជំនួសធ្យូងព្រៃធម្មជាតិបាន។

លោក កង វុត្ថា ជាម្ចាស់សិប្បកម្មធ្យូងអនាម័យកែច្នៃ បានឱ្យដឹងថា បច្ចេកទេសធ្វើធ្យូងអនាម័យនេះ លោកបានព្យាយាមស្រាវជ្រាវខ្លួនឯង តាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមYoutube ដោយមើលពីរបៀបធ្វើ ហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត ទម្រាំបានលទ្ធផលជាធ្យូងដែលលោកត្រូវចំណាយពេលវេលាយ៉ាងច្រើន។ លោកថា ការបង្កើតសិប្បកម្មខ្នាតតូច ផលិតធ្យូងអនាម័យនេះ គឺមានភាគហ៊ុនជាមួយមិត្តភក្តិម្នាក់ទៀត ដែលធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នា និងបានបង្កើតសិប្បកម្មផលិតធ្យូងអនាម័យដំបូងក្នុងទឹកប្រាក់វិនិយោគប្រហែលខ្ទង់ ៨ម៉ឺនដុល្លារអាម៉េរិក សម្រាប់ធ្វើការរៀបចំដំណើរការ សង្វាក់ផលិតកម្ម និងចំណាយលើការស្រាវជ្រាវជាបន្តបន្ទាប់ដូចជារកទិញម៉ាស៊ីន និងឧបករណ៍កែច្នៃផ្សេងៗ។ ក្រោយៗមកទៀតលោកក៏ចាប់ផ្ដើមបង្កើនទុនបន្ថែមទៀតទៅតាមតម្រូវការជាក់ស្តែង។

ស្ថាបនិកធ្យូងអនាម័យ កង វុត្ថា បានរម្លឹកពីគំនិតអាជីវកម្មថា “ដោយសារតែ យើងឃើញថា ស្រុកខ្មែរយើងវាសប្បូរធនធានធម្មជាតិជាពិសេសគឺកាកសំណល់ច្រើន គេយកទុកចោលព្រោងព្រាតពាសពេញវាល ហើយចេញពីដំបូងមក យើងចង់សម្អាតអាកាកសំណល់បែបនឹង ដែលគេចោលហើយមើលទៅវាអត់ល្អដល់បរិស្ថាន។ ម្យ៉ាងទៀត យើងចង់យកកាកសំណល់នឹង ធ្វើការប្រើប្រាស់ឡើងវិញ កុំឱ្យគាត់ចោលខ្ជះខ្ជាយបែបនឹង អញ្ចឹងទើបពួកខ្ញុំចាប់ផ្តើមសិក្សាស្រាវជ្រាវមក ហើយចាប់ផ្តើម ដើរប្រមូលកាកសំណល់ដែលគេចោល ដូចជាត្រឡោកដូង នៅតាមទីផ្សារ ឬតាមផ្ទះដែលគេប្រើប្រាស់ហើយទុកគរចោលអញ្ចឹងទៅមើលទៅវាអាចបង្កើតឱ្យមានភាពកខ្វក់ដល់លំនៅឋានផង។ ទន្ទឹមនេះ ពួកយើងក៏ដើរទៅប្រមូលយកវាតាមកន្លែងប្រជាពលរដ្ឋរស់នៅនឹង យើងទិញ  គាត់ជូនជាថវិកាទៅគាត់ ដើម្បីឱ្យគាត់បានស្អាតកន្លែងគាត់ផង គាត់បានចំណូលចូលផង ហើយយើងយកមកកែច្នៃ។”

លោកបានបន្ដទៀត ការបង្កើតធ្យូងអនាម័យនេះគឺយើងចង់ជួយថែរក្សាបរិស្ថាន ដោយសារឃើញថា ធ្យូងព្រៃធម្មជាតិបានធ្វើឱ្យប៉ះពាល់ដល់ការបំផ្លាញបរិស្ថាន ដូចយើងកាប់ បំផ្លាញព្រៃឈើ អញ្ចឹងចង់ ឬមិនចង់ពេលអនាគតទៅ ព្រៃឈើនឹងវានឹងអស់ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធនធានធម្មជាតិរបស់យើង។ លោកបានបន្ថែមថា “អីចឹងយើងចាប់ផ្តើមកែច្នៃកាកសំណល់ ដូចជាសំរាម ជំនួសធ្យូងព្រៃវិញ ព្រោះតម្រូវការនៃការប្រើប្រាស់ធ្យូងយើងឃើញហើយ ហាងសាច់អាំងក៏ត្រូវការដុតធ្យូង អញ្ចឹងយើងជួយសម្រួលដល់ការប្រើប្រាស់របស់គាត់ ដែលនឹងជួយបរិស្ថានយើងផង អញ្ចឹងកាកសំណល់ទាំងអស់នឹងយើងប្រមូលយកមក យើងចាប់ផ្តើមធ្វើជាកត្តាមួយជួយកាត់បន្ថយការកាប់ព្រៃឈើដើម្បីដុតយក ធ្យូងធម្មជាតិ”។

លោក កង វុត្ថា បានឱ្យដឹងទៀតថា “ឥឡូវធ្យូងយើងផលិតចែកចាយតែក្នុងស្រុកប៉ុណ្ណោះ អត់ទាន់បាននាំចេញទៅក្រៅទេ យើងកំពុងសិក្សាទៅលើគុណភាព និងទីផ្សារនៅខាងក្រៅ ពេលអនាគតទៅនៅពេលដែលយើងមានលទ្ធភាពក្នុងការកែច្នៃច្រើន គឺយើងនឹងធ្វើការសហការនាំចេញទៅក្រៅ។ ជាមួយគ្នានេះ ក៏មានគេចង់យកទៅក្រៅប្រទេសដែរ តែលទ្ធភាពនៃការកែច្នៃរបស់យើងនៅមានកម្រិតនៅឡើយ ហើយវត្ថុធាតុដើមសម្រាប់កែច្នៃ គឺយើងទើបប្រមូលបានតិចតួច។”

ជាមួយនឹងផលិតផលធ្យូងអនាម័យនេះ នៅក្នុងរោងចក្រ ម្ចាស់សិប្បកម្មមិនលក់រាយទេដោយសារមានអ្នកទទួលទិញផ្តាច់មុខ និងបានចុះកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវហើយអ្នកទិញផ្តាច់មុខនោះគាត់យកទៅចែកចាយបន្តនៅរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ និងខេត្ដសៀមរាប។

ក្នុងមួយថ្ងៃសិប្បកម្ម BFផលិតបានធ្យូងអនាម័យបានពីរតោន ហើយក្នុងមួយខែអាច បានប្រហែល៣០តោន។ ចំពោះតម្លៃលើទីផ្សារដែលម្ចាស់សិប្បកម្មកំណត់ជាមួយអ្នកចុះកិច្ចសន្យាយកលក់បន្តក្នុង១គីឡូក្រាម តម្លៃ១.៥០០រៀល ប៉ុន្តែអ្នកចុះកិច្ចសន្យាទិញអាចលក់បន្តក្នុងតម្លៃកំណត់នេះ ឬថ្លៃជាងនេះអាស្រ័យលើការចរចា។ ចំពោះការដឹកចេញទៅលក់មួយ  ជើង ចន្លោះពី២០ ទៅ៣០តោន ចាប់ពី២សប្តាហ៍ទៅ១ខែ ដឹកចេញម្តងទៅតាមការបញ្ជាទិញ។

គួរបញ្ជាក់ថា បច្ចុប្បន្នសិប្បកម្មផលិតធ្យូងអនាម័យ BF មានទីតាំងស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលអំណោយផលបំផុតសម្រាប់ផលិតកែច្នៃកាកសំណល់ពីព្រោះទីនោះអាចដឹកកាកសំណល់ពីប្រជុំជននានា ឬកាកសំណល់ពីធម្មជាតិមានស្លឹកឈើ កាកអំពៅ ពីរោងចក្រស្ករសមាននៅជិតនោះស្រាប់ ឬអាចដាំឫស្សីយកមកកែច្នៃជាធ្យូងជំនួសព្រៃឈើធម្មជាតិបាន៕

ដោយ៖ ស្រីពេជ្រ

X
5s