ទម្លាប់អាក្រក់ទាំង ៥ ធ្វើឲ្យអ្នកគ្មានថ្ងៃរីកចម្រើន
មនុស្សម្នាក់ៗសុទ្ធតែមានទម្លាប់ល្អ និងទម្លាប់អាក្រក់រៀងៗខ្លួន តែមនុស្សមួយចំនួនបានស្វែងរកចំណុចខ្សោយហើយព្យាយាមកែប្រែវាចេញ ខណៈមនុស្សមួយចំនួនទៀតមិនព្រមភ្ញាក់ពីដំណេកហើយបន្ទោសថាពេលវេលាដើរលឿនមិនឈប់។
ក្នុងនោះដែរមនុស្សស្ទើរតែ ៨០% ហើយដែលបានបណ្ដោយឲ្យទម្លាប់អាក្រក់តិចតួចប្រចាំថ្ងៃគ្របដណ្ដប់លើភាពជោគជ័យ និងគោលដៅដែលបានកំណត់ទុក។ ទោះជាទម្លាប់អាក្រក់របស់មនុស្សម្នាក់ៗខុសគ្មានច្រើនយ៉ាងណា តែជារួមមាន ៥ ចំណុចដែលគេបានកត់សម្គាល់ថាមនុស្សភាគច្រើនសុទ្ធតែបានធ្វើវា ហើយទង្វើទាំងនេះបានចាំបង្អាក់អ្នកពីការដើរទៅដល់គោលដៅទាន់ពេលវេលា។
១) ទម្លាប់បិទម៉ោងរោទិ៍ចោលហើយគេងបន្ត
នេះជាកំហុសដ៏ធំរបស់អ្នកដែលអ្នកបានធ្វើតាំងពីភ្ញាក់ពីដំណេកមកតែម្តង ដូចពាក្យមួយឃ្លាបានលើកឡើងថា “ពេលអ្នកភ្ញាក់ពីគេងលឿនជាងអ្នកដទៃមួយម៉ោង អ្នកមានឱកាសចាប់យកភាពជោគជ័យលឿនជាងគេមួយម៉ោងដូចគ្នា”។
២) ក្រោកក្រោយថ្ងៃរះ
ក្រោកពីគេងមុនថ្ងៃរះក្នុងចន្លោះពីម៉ោង ៤ ទៅម៉ោង ៥ ព្រឹកគឺល្អបំផុត វាជួយអ្នកបង្កើនការគិត និងភាពឆ្លាតវៃដល់ខួរក្បាល គំនិតល្អៗច្រើនកើតមានឡើងនៅពេលព្រឹកព្រលឹម ដូច្នេះហើយបានជាការរំឮកមេរៀនគេច្រើនធ្វើនៅពេលព្រឹកជាពេលដែលខួរក្បាលស្រលះល្អងាយចងចាំ។ មូលហេតុធំបំផុតដែលអ្នកគួរក្រោកមុនថ្ងៃរះគឺអ្នកមានឱកាសខ្ពស់ក្នុងការកំណត់ពេលវេលានៃសម្រាប់ខ្លួនឯង។
៣) ទទួលទានអាហារជាតិស្ករ ឬផ្អែមច្រើន
សុខភាពជារឿងសំខាន់បើអ្នកសង្កេតឃើញថាខ្លួនជាមនុស្សដែលចូលចិត្តញ៉ាំរបស់ផ្អែម ឬភេសជ្ជៈដែលមានជាតិស្ករច្រើន គួរល្មមដល់ពេលកែប្រែទម្លាប់នោះចេញហើយ។ របស់ផ្អែមដូចជានំផ្អែម ស្ករគ្រាប់ ភេសជ្ជៈមានជាតិស្ករច្រើន កាហ្វេ តែគុជអ្វីជាដើមវាអាចជួយអ្នកឲ្យមានកម្លាំង និងថាមពលក្នុងការបំពេញការសិក្សា និងការងារ តែវាសុទ្ធសឹងជាប្រភព មូលហេតុបង្កឲ្យសុខភាពអ្នកចុះខ្សោយ ព្រោះវាងាយធ្វើឲ្យអ្នកកើតជំងឺលើសទម្ងន់ និងប្រឈមជាមួយបញ្ហាទឹកនោមផ្អែមជាដើម។ ប្តូរវាមកជាការទទួលទានទឹក (ទឹកសុទ្ធស្អាត) ឲ្យបានច្រើន ទទួលទានបន្លែផ្លែឈើដែលសម្បូរទៅដោយវីតាមីនល្អៗដល់រាងកាយ និងទទួលទានអាហារណាដែលមានផ្ទុកប្រូតេអ៊ីនល្អ ជួយដល់ការរីកលូតលាស់នៃសារពាង្គកាយបានល្អ។
៤) បណ្ដោយឲ្យថ្ងៃឈប់សម្រាករំលងទៅដោយឥតបានការ
មនុស្សមួយចំនួនបានបណ្ដោយឲ្យថ្ងៃឈប់សម្រាករបស់ខ្លួនជាថ្ងៃដែលឥតបានការបំផុត ព្រោះគេគិតថាជាពេលដែលអាចគេងបានយូរ មិនខ្វល់រឿងការងារ។ តែបុគ្គលដែលមានគោលដៅច្បាស់លាស់តែយកថ្ងៃសម្រាកជាពេលវេលាមួយមានប្រយោជន៍បំផុតសម្រាប់ខ្លួនឯង និងសម្រាប់គ្រួសាររបស់គេព្រោះគេបានកំណត់រួចជាស្រេចថា ថ្ងៃឈប់គេនឹងមានពេលគិតពីសុខភាពដូចជាការហាត់ប្រាណ ធ្វើដំណើរកំសាន្ត លំហែកាយ ស្វែងរកបរិយាកាសដែលអាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ងាយបង្កើតគំនិតច្នៃប្រឌិតថ្មីសម្រាប់ការងារ ឬអាជីវកម្ម។ ពួកគេតែងធ្វើអ្វីៗដោយគម្រោង និងមានការរៀបចំផែនការជាប្រចាំព្រោះគេដឹងច្បាស់ថាបេលវេលាជាមាសប្រាក់។
៥) រវល់ជាមួយទូរស័ព្ទជាប់ជាប្រចាំ
សម័យស្មាតហ្វូន មិនត្រឹមតែយុវវ័យទេដែលចំណាយច្រើនជាមួយទូរស័ព្ទសូម្បីមនុស្សវ័យចំណាស់អាយុលើស ៥០ឆ្នាំមួយចំនួនក៏ត្រូវវក់នឹងការប្រើស្មាតហ្វូនដែរ។ ការប្រើស្មាតហ្វូនជួយអ្នកដឹងឮព័ត៌មានជុំវិញពិភពលោកបានច្រើនពិតមែន តែជាក់ស្តែងវាបានកាត់ផ្តាច់អ្នកពីការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយវាក៏កាត់ផ្តាច់អ្នកពីការដើរទៅរកភាពជោគជ័យ។ អ្វីដែលអ្នកគួរធ្វើគឺ ទុកទូរស័ព្ទឲ្យឆ្ងាយពីខ្លួន ប្រើវាតែពេលណាដែលចាំបាច់ បើអាចគួរបើកសំលេងតិចៗ ឬអាចបិទសំលេងតែម្តង ព្រោះពេលមានសារទាក់ទងនឹងបណ្ដាញសង្គម (Notification Alert) វាជាហេតុនាំអារម្មណ៍អ្នកមិនឲ្យស្ងប់ ចេះតែចង់កាន់ទូរស័ព្ទហើយមើលវា៕
ដោយ៖ យ៉ាយ៉ា