លោក លង់ វណ្ណៈ៖ គ្មានវិធីសាស្ត្រទេវតានោះទេ! បើចង់ចេះអង់គ្លេស ចាំបាច់ត្រូវតែអនុវត្តវាជាទម្លាប់
តើធ្វើដូចម្ដេចទើបរៀនអង់គ្លេសឆាប់ចេះ? ធ្វើដូចម្ដេចទើបអាចសរសេរភាសាអង់គ្លេសបានល្អ? តើមានវិធីសាស្ត្រណាជួយឲ្យពូកែនិយាយអង់គ្លេស? ទាំងនេះជាសំនួរពេញនិយមដែលអ្នករៀនភាសាអង់គ្លេសតែងសួរ។ ប៉ុន្តែអ្នកត្រូវដឹងថា ការរៀនភាសាមួយឲ្យចេះ អាចប្រើប្រាស់បាន មិនមែនជារឿងងាយស្រួល ចម្លែក ឬជាការចៃដន្យនោះទេ ពីព្រោះការរៀនភាសាមួយដែលមិនមែនជាភាសាកំណើត គឺមិនងាយស្រួលនោះទេ វាទាមទារពេលវេលា ការខិតខំប្រឹងប្រែង និងការអនុវត្តរបស់អ្នកខ្លាំងប៉ុណ្ណា។
លោក លង់ វណ្ណៈ អ្នកបកប្រែអត្ថបទនៅ BizKhmer គ្រូបង្រៀនភាសាអង់គ្លេស និងជា Admin ហ្វេសបុកផេក Cam-Edu បានលើកឡើងថា៖ នៅលើលោកនេះគ្មានវិធីសាស្ត្រទិព្វទេវតាណាដែលអាចជួយអ្នករៀនភាសាអង់គ្លេសឆាប់ចេះ ដោយមិនមានការប្រឹងប្រែង ភាពអត់ធ្មត់ និងជាពិសេសមិនមានការអនុវត្តនោះទេ។ ប្រសិនបើអ្នកគ្រាន់តែរៀន ចង់ចេះ តែមិនព្រមអនុវត្ត នោះការរៀនរបស់អ្នកមិនមានផលនោះឡើយ។ នេះមានន័យថាប្រសិនបើអ្នកចង់ចេះនិយាយអង់គ្លេស អ្នកដាច់ខាតត្រូវតែនិយាយសិន។ បើអ្នកចង់ចេះសរសេរ ប្រាកដណាស់ថាអ្នកត្រូវចាប់ផ្ដើមសរសេរ។ បើចង់ចេះស្ដាប់ អ្នកត្រូវរៀនស្ដាប់។ បើចង់ចេះអាន នោះអ្នកត្រូវអាន។
ប្រហែលជាមានអ្នកចែករំលែកជាច្រើនអំពីរបៀបរៀនភាសាអង់គ្លេស ប៉ុន្តែអ្វីដែលសំខាន់នោះគឺមានតែម្យ៉ាងនោះទេ គឺការអនុវត្ត និងបង្កើតការអនុវត្តជាទម្លាប់។ ប៉ុន្តែតើមានប្រយោជន៍អ្វីបើអ្នកអានហើយ ដឹងហើយ ប៉ុន្តែមិនខំប្រឹងអនុវត្ត។
នៅលើលោកនេះ មិនថាអ្នកអាចគន្លឹះមកពីណាក៏ដោយ បើអ្នកមិនអនុវត្តក៏គ្មានបានការដែរ ពីព្រោះទម្លាប់នៃការអនុវត្តរបស់អ្នកប្រចាំថ្ងៃប៉ះពាល់យ៉ាងខ្លាំងទៅលើការនិយាយ ស្ដាប់ អាន និងសរសេររបស់អ្នក។ ឧទាហរណ៍៖ បើអ្នកចង់ចេះនិយាយអង់គ្លេស អ្នកត្រូវរកដៃគូនិយាយឬនិយាយជាមួយគ្រូ ឬវិធីមួយណាដែលជួយឲ្យអ្នកអាចនិយាយបាន។ បើអ្នកចង់ពូកែស្ដាប់ អ្នកត្រូវរៀនស្ដាប់ជាទម្លាប់មិនថាវិទ្យុ វីដេអូយូធូប (Youtube) ចម្រៀង នៅពេលអ្នកមានពេលទំនេរ ពេលជិះម៉ូតូ ឬធ្វើលំហាត់ជាដើម។ បើចង់ចេះសរសេរ អ្នកអាចសរសេរបានគ្រប់ពេលដូចជារៀនសរសេរជាអង់គ្លេសទៅ ដោយអាចសរសេរលើហ្វេសបុក ក៏បាន។
មិនបានផលទេបើអ្នករៀនសន្សំទុក ប៉ុន្តែមិនព្រមយកទៅប្រើប្រាស់ជាទម្លាប់។ តើមានប្រយោជន៍អ្វីបើអ្នកទៅរៀន ហើយមិនខំស្ដាប់ មិនខំរៀនសរសេរ មិនខំរៀននិយាយ មិនខំអាន ដើម្បីបង្កើនសមត្ថភាពរបស់អ្នក? ដូចនេះអ្នកត្រូវរៀនផង អនុវត្តផង ទើបអាចធ្វើឲ្យសមត្ថភាពរបស់អ្នករីកចម្រើនបាន។
នេះមិនមែនចង់មានន័យថាគន្លឹះដែលអ្នកចែករំលែកជាច្រើនអំពីការរៀនភាសាអង់គ្លេសមិនល្អនោះទេ ប៉ុន្តែអ្នកត្រូវអនុវត្តសិន ចាំខ្វះចន្លោះចាំទៅអានគន្លឹះផ្សេងៗដែលដើម្បីស្រូបយកជាចំណេះដឹងបន្ថែមមកកែខៃកំហុសឬបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នកបន្ថែមទៀត។
លោកបន្ថែមទៀតថា៖ ពាក្យមួយឃ្លាក្នុងភាសាអង់គ្លេសពោលថា Practice makes perfect។ អីចឹងមិនសំខាន់អ្នករៀនបានប៉ុណ្ណានោះទេ តែសំខាន់អ្នកបានយកវាទៅអនុវត្តបានច្រើនប៉ុណ្ណា៕