សម្ដី​ដកស្រង់​ចំនួន​៧​ពី​លោក D. T. Suzuki ដែល​អាច​ជួយ​បំភ្លឺ​ការ​គិត​របស់​អ្នក​បាន​



Daisetsu Teitaro Suzuki ឬ​ហៅ​កាត់​ថា D. T. Suzuki គឺជា​អ្នក​និពន្ធ គ្រូបង្រៀន និង​បញ្ញវន្ត​របស់​ព្រះពុទ្ធសាសនា របស់​ហ្សិន (Zen) ឬ ឆាន (Chan) ដែល​ជា​ផ្នែក​មួយ​នៃ​ព្រះពុទ្ធ​សាសនា​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ចិន និង​របស់ Shin ដែល​ក៏​ជា​ផ្នែក​មួយ​នៃ​ព្រះពុទ្ធ​សាសនា​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ជប៉ុន។ ក្រៅ​ពី​ខាងលើ​នេះ​ហើយ គាត់​ក៏​ជា​អ្នក​បកប្រែ​អក្សរសាស្ត្រ​ចិន ជប៉ុន និង​សំស្ក្រឹត​ផង​ដែរ។ គាត់​កើត​នៅ​ទឹកដី​ជប៉ុន និង​បាន​រស់នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៨៧០​ដល់​ឆ្នាំ​១៩៦៦។ ក្នុង​ឆ្នាំ​១៩៦៣ គាត់​ត្រូវ​បាន​គេ​ស្នើ​ឈ្មោះ​នៅ​ក្នុង​ពានរង្វាន់​ណូបែល​សន្តិភាព។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៧​ពី​បញ្ញវន្ត​នៃ​ព្រះពុទ្ធ​សាសនា​រូប​នេះ ដែល​អាច​ជួយ​បំភ្លឺ​ការ​គិត​របស់​អ្នក​បាន៖

) «ទាល់តែ​វា​ដុះ​ចេញ​មក​ពី​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ​គ្មាន​ចំណេះដឹង​ណា​ដែល​ពិត​ជា​របស់​អ្នក​នោះ​ទេ វា​គ្រាន់តែ​ជា​ស្លាប​ដែល​ត្រូវ​បាន​ខ្ចី​ពី​គេ​ប៉ុណ្ណោះ។»

) «នៅ​ពេល​យើង​ចាប់ផ្ដើម​មាន​អារម្មណ៍​ក្រហល់ក្រហាយ ឬ​កើតទុក្ខ ជាជាង​សួរ​សំណួរ​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា​ដើម្បី​រីករាយ ? អ្នក​គួរ​សួរ​សំណួរ​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បាន​ទៅ​រំខាន​ដល់​សន្តិភាព​នៅ​ខាងក្នុង​ដែល​ខ្ញុំ​កំពុងតែ​មាន​ស្រាប់​ហើយ

) «អ្នក​រងទុក្ខ​កាន់តែ​ខ្លាំង អត្តចរិត​របស់​អ្នក​នឹង​លូតលាស់​កាន់តែ​ជ្រៅ ហើយ​ជាមួយ​នឹង​អត្តចរិត​ដ៏​ជ្រៅ​របស់​អ្នក អ្នក​នឹង​ចូល​ទម្លុះ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​អាថ៌កំបាំង​នៃ​ជីវិត។ គ្រប់​សិល្បករ​ដ៏​អស្ចារ្យ​ទាំងអស់ គ្រប់​អ្នកដឹកនាំ​សាសនា​ដ៏​អស្ចារ្យ​ទាំងអស់ និង​គ្រប់​អ្នក​បដិវត្ត​សង្គម​ដ៏​អស្ចារ្យ​ទាំងអស់ សុទ្ធតែ​បាន​ចេញ​មក​ពី​ការ​ប្រយុទ្ធ​ដ៏​តឹងតែង​បំផុត​ដែល​ពួកគេ​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន ដែល​ជា​ញឹកញាប់​ត្រូវ​ប្រយុទ្ធ​ទាំង​ទឹកភ្នែក​និង​ជាមួយ​បេះដូង​ដែល​ស្រក់​ឈាម។»

) «អ្នក​ត្រូវតែ​ចេះ​ពី​របៀប​ក្នុង​ការ​ងើប​ឡើង​ឲ្យ​ផុត​ពី​ភាព​ឥតបានការ​ទាំងឡាយ​នៃ​ជីវិត ដែល​នៅ​ក្នុង​ពួក​វា​មនុស្ស​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​លិចលង់​ខ្លួនឯង។»

) «ហ្សិន នៅ​ក្នុង​ស្នូល​សំខាន់​របស់​វា​គឺជា​សិល្បៈ​ក្នុង​ការ​មើល​ឃើញ​ពី​ធម្មជាតិ​របស់​ខ្លួនឯង ហើយ​វា​ចង្អុល​ផ្លូវ​ចេញ​ពី​ចំណង​ទៅ​កាន់​សេរីភាព។»

) «ចំណង់​ដ៏​អាក្រក់​បំផុត​ដែល​មនុស្ស​យើង​ឲ្យ​តម្លៃ​គឺជា​ចំណង់​ក្នុង​ការ​ធ្វើ​ជា​កម្មសិទ្ធិ​លើ​អ្វីមួយ។ បើ​ទោះ​ជា​ដឹង​ថា​គោលដៅ​ចុង​បញ្ចប់​របស់​យើង​គ្រាន់តែ​ជា​ប្រហោង​ដែល​មិន​លើស​ពី​៣​ហ្វ៊ុត​ការ៉េ​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​ការ​ស្រេកឃ្លាន​ដ៏​ខ្លាំងក្លា​បំផុត​នោះ​ដែរ។»

) «គ្មាន​ការ​បកស្រាយ​​ដែល​ប្រើប្រាស់​ពាក្យពេចន៍​ណាមួយ នឹង​អាច​នាំ​យើង​ទៅ​រក​ធម្មជាតិ​របស់​ខ្លួនឯង​នោះ​ទេ។ បើ​អ្នក​កាន់តែ​បកស្រាយ នោះ​វា​នឹង​កាន់តែ​រត់​ចេញ​ឆ្ងាយ​ពី​អ្នក។ វា​ប្រៀប​ដូចជា​ការ​ព្យាយាម​ចាប់​ស្រមោល​របស់​ខ្លួនឯង​ឲ្យ​បាន​ដូច្នោះ។ អ្នក​រត់​តាម​វា​ហើយ​វា​នឹង​រត់​ជាមួយ​អ្នក​ក្នុង​អត្រា​ល្បឿន​ស្មើគ្នា។»

ដោយ៖ ស្រីពៅ

X
5s