មកស្គាល់ប្រទេសទាំង ១០ ដែលផលិតមាសច្រើនជាងគេលើពិភពលោក​



មាស គឺជាលោហៈរ៉ែកម្រមួយប្រភេទនៅក្នុងពិភពលោក ដែលវត្តមានក្នុងសំបកផែនដី។ ដូច្នេះ តើក្នុងមួយឆ្នាំៗគេអាចជីករ៉ែមាសបានប៉ុន្មាន ហើយប្រទេសណាខ្លះដែលអាចផលិតមាសបានច្រើនជាងគេលើពិភពលោក?

ប្រភព​រូបពី៖ US Global Investor

គិតត្រឹមឆ្នាំ ២០១៨ រ៉ែមាសផលិតបាន ៣,៣៣២ តោន តួលេខនៃមានការកើនឡើង ២ភាគរយពីតួលេខក្នុងឆ្នាំចាស់ពោលគឺ ២០១៧ ហើយវាត្រូវបានគេចាត់ទុកថាជាកំណើនធំបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ នេះបើយោងតាមការឲ្យដឹងពី Gold Fields Mineral Services (GFMS) Gold Survey 2019។ ខាង​ក្រោម​ជា​អត្រា​កំណើន​ផលិត​កម្ម​មាស​​ក្នុង​ឆ្នាំ ២០១៨៖

មានប្រទេសចំនួន ១០ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលផលិតមាសបានច្រើនជាងគេលើពិភពលោក មានដូចជា៖

១)ប្រទេសចិន
ក្នុងឆ្នាំ ២០១៨ ចិនផលិតមាសបាន ៣៩៩.៧តោន។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានក្លាយជាប្រជាជាតិមួយផលិតមាសបានច្រើនជាងគេ ដែលអាចទាញយកប្រមាណ ១២ភាគរយនៃផលិតកម្មមាសសរុបក្នុងពិភពលោក។ 

២) ប្រទេសអូស្រ្តាលី
អូស្រា្តលីមានកំណើនផលិតកម្មមាសរយៈពេល ៦ឆ្នាំ ជាប់ៗគ្នាដោយកើនឡើងក្នុងអត្រា ៦ភាគរយក្នុងឆ្នាំ ២០១៨។ របាយការណ៍ពី Gold Fields Mineral Services (GFMS) បានឲ្យដឹងថាក្នុងឆ្នាំ ២០១៨ អូស្រា្តលីផលិតមាសបាន ៣១២.២ តោន ដោយអណ្ដូងរ៉ែមាស Newcrest’s Cadia Hill ផ្តល់ទិន្នផល ២៣ តោនច្រើនជាងឆ្នាំ ២០១៧ ៣៨ភាគរយ។ រីឯអណ្ដូង AngloGold Ashanti ផលិតបាន ១២ ភាគរយខណៈកំណើននៃអណ្ដូង Kirkland Lake កើនដល់ ២១ភាគរយ។ គួរបញ្ជាក់ដែរថា ឧស្សាហកម្មរ៉ែផលិតបានជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់អូស្រ្តាលីនិងបង្កើតបានប្រហែល ៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

៣) ប្រទេសរុស្ស៊ី
ការផ្គត់ផ្គង់មាសនៅប៉ែកអឺរ៉ុបប្រមាណ ៨៣ ភាគរយបានមកពីប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ ២០១៨ រុស្ស៊ីផលិតមាសបាន ២៨១.៥ តោន ហើយគេសង្កេតឃើញថាផលិតកម្មមាសរបស់រុស្ស៊ីមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបើគិតពីឆ្នាំ ២០១០ មក។ បើនិយាយពីឆ្នាំ ២០១៨ ដដែលនេះគ្រាន់តែកំណើនមានការកើនដល់ ១១ តោន គិតជាភាគរយពី ១ ទៅ ២ភាគរយ ស្របតាមគោលនយោបាយជម្រុញបង្កើនឧស្សាហកម្មមាសនេះ។ 

៤) សហរដ្ឋអាមេរិក
ទិន្នផលផលិតមាសសម្រាប់សហរដ្ឋអាមេរិកមានការកើនឡើង ១០ភាគរយក្នុងឆ្នាំ ២០១៨ ផលិតបានប្រមាណ ២៥៣.២ តោន ហើយផលិតកម្មមាសរបស់សហរដ្ឋអាមេរិកក៏មានការកើនឡើងរយៈពេល ៥ឆ្នាំជាប់គ្នា។ ផលិតកម្មត្រូវបានគាំទ្រដោយថ្នាក់ខ្ពស់នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន Newmont នៅរដ្ឋ Nevada ហើយ ៧៨ ភាគរយនៃមាសដែលផលិតនៅសហរដ្ឋអាមេរិកគឺមកពីរដ្ឋ Nevada។

៥) ប្រទេសកាណាដា
ក្នុងឆ្នាំ ២០១៨ កាណាផលិតមាសបាន ១៩៣.០ តោន និងមានការប៉ាន់ប្រមាណថាក្នុងឆ្នាំខាងមុខ កាណាដានឹងអាចផលិតមាសបាន ៧៨០ តោន ជាហេតុញ៉ាំងឲ្យឧស្សាហកម្មផលិតមាសរបស់ប្រទេសកាណាដាកើនឡើង។ 

៦) ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ីបានដណ្តើមចំណាត់ថ្នាក់លេខ ៦ នេះពីប្រទេសប៉េរូដោយផលិតមាសបាន ១៩០.០ តោនក្នុងឆ្នាំ ២០១៨។ សម្រាប់ការផលិតមាសក្នុងឆ្នាំ ២០១៨ របស់ដែនដីកោះមួយនេះគឺបានច្រើនជាងគេប្រមាណ ២៣ភាគរយ ឬ ៣៦តោន។ ដោយឡែករដ្ឋាភិបាលឥណ្ឌូនេស៊ីបានរៀបចំរចនាសម្ព័ន្ធគោលនយោបាយនិងពន្ធលើបរិស្ថានឡើងវិញ ដែលវានាំឲ្យមានការជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មរ៉ែអស់រយៈពេលពីរបីឆ្នាំមកហើយ។

៧) ប្រទេសប៉េរូ
ប៉េរូផលិតមាសបាន ១៥៥.៤ តោនក្នុងឆ្នាំ ២០១៨ ទិន្នផលមាសបានធ្លាក់ចុះសម្រាប់រយៈពេលឆ្នាំ ៣ ជាប់ៗគ្នានៅប្រទេសប៉េរូចំនួន ៧ តោន ដែលភាគច្រើនបណ្តាលមកពីការបង្ក្រាបប្រតិបត្តិការរុករករ៉ែខុសច្បាប់នៅតំបន់ឡាមប៉ាប៉ា និងប្រតិបត្តិការមួយចំនួនទៀតលើគម្រោងដែលមានស្រាប់។

៨) ប្រទេសអាហ្វ្រិកខាងត្បូង
នៅឆ្នាំ ២០១៨ នេះអាហ្វ្រិកខាងត្បូងផលិតមាសបាន ១២៣.៥ តោន។ ធ្លាប់ជាប្រទេសដែលផលិតមាសឈានមុខគេនៅលើពិភពលោក ដោយគិតពីវិសាលភាពនៃទីតាំងរ៉ែមាសរបស់ប្រទេសអាហ្វ្រិកខាងត្បូង តែពេលនេះបែរជាមានការធ្លាក់ចុះស្ទើររៀងរាល់ឆ្នាំបើគិតចាប់តាំងពីឆ្នាំ ២០០៨ មក។ នេះបណ្ដាលមកពី អាហ្វ្រិកខាងត្បូងកំពុងជួបនឹងបញ្ហានៃការកើនឡើងថ្លៃអគ្គិសនី កត្តាពលករធ្វើការក្នុងអណ្ដូងរ៉ែកំពុងធ្លាក់ទឹកដៃជាខ្លាំង។ ទោះយ៉ាងណាអាហ្រ្វិកខាងត្បូងជាកន្លែងដែលមានរ៉ែមាសជ្រៅជាងគេបំផុតនៅលើពិភពលោកគឺអណ្តូងរ៉ែ Mponeng ដែលលាតសន្ធឹងក្រោមដីចម្ងាយ ២.៥ ម៉ៃល៍ ឬប្រមាណ ៤គីឡូម៉ែត្រ។

៩) ប្រទេសម៉ិកស៊ិក
ក៏ជាប្រទេសមួយដែលមានការធ្លាក់ចុះផ្នែកផលិតកម្មរ៉ែមាស ៣ ឆ្នាំជាប់ៗគ្នាដែរ តែប្រទេសនេះនៅអាចនៅឈរប្រកួតប្រជែងជាមួយប្រទេសដទៃបានក្នុងការផលិតមាសនេះ។ គួរបញ្ជាក់ថា ទោះបីមានរបាយការណ៍ថាផលិតកម្មមាសធ្លាក់ចុះតែទិន្នផលក៏នៅតែមានការកើនឡើងពី ៥០.៨ តោន ក្នុងឆ្នាំ ២០០៨ មកដល់ ១៣០ តោនក្នុងឆ្នាំ ២០១៧កន្លងទៅ។ 

១០) ប្រទេសហ្គាណា
ហ្គាណាជាប្រទេសធំលំដាប់ទី ២ លើការផលិតមាសក្នុងទ្វីបអាព្រិក ហើយក៏មានការព្យាករណ៍ថា ហ្គាណាអាចនឹងឈានដល់ការផ្តួលប្រទេសអាព្រិកខាងត្បូងហើយដណ្តើមយកលេខ ១ នៃអ្នកផលិតមាសធំជាងគេក្នុងទ្វូបអាព្រិកដែរ។ ក្នុងឆ្នាំ២០១៨ កន្លងទៅ ហ្គាណាផលិតមាសបាន ១០១.៨ តោន ផលិតកម្មមាសដុំបានកើនឡើងមួយភាគដប់តោនក្នុងឆ្នាំ ២០១៨ ហើយស្មើនឹងអត្រាជាង ២០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសទាំងមូល។

ដោយ៖ យ៉ាយ៉ា

 

X
5s