សម្ដីដកស្រង់ចំនួន ១០ឃ្លា របស់ មឹងជឺ ទស្សនវិទូចិន ដែលគេចាត់ទុកជាបណ្ឌិតទី២បន្ទាប់ពីខុងជឺ
មឹងជឺ គឺជាទស្សនវិទូលទ្ធិខុងជឺរបស់ចិនមួយរូបដែលបានរស់នៅក្នុងរយៈពេលពាក់កណ្ដាលទី២នៃរាជវង្សចូវ។ លោកកើតនៅឆ្នាំ៣៧២មុនគ.ស និងលាចាកលោកនៅឆ្នាំ២៨៩មុនគ.ស។ គាត់ត្រូវបានគេឲ្យកិត្តិនាមថាជាបណ្ឌិតទី២បន្ទាប់ពីខុងជឺ។ ប្រវត្តិសាស្ត្របានចារទុកថាលោកគឺជាកូនសិស្សរបស់ជឺស៊ឺ ដែលត្រូវជាចៅរបស់ខុងជឺ។ តាមដំណាលតៗមកថា គាត់បានធ្វើដំណើរជុំវិញប្រទេសចិនក្នុងរយៈពេល៤០ឆ្នាំដើម្បីផ្ដល់ការប្រឹក្សាយោបល់ឲ្យមេដឹកនាំ។ ឪពុករបស់លោកបានស្លាប់ចោលលោកកាលរូបលោកនៅតូចម្ល៉េះ នៅសល់ម្ដាយរបស់គាត់ជាអ្នកចិញ្ចឹមបីបាច់គាត់តែម្នាក់ឯង។
នៅក្នុងភាសាចិនមានឃ្លាបុរាណមួយដែលល្បីល្បាញយ៉ាងខ្លាំងដែលបកប្រែមកថា «ម្ដាយរបស់មឹងជឺប្ដូរទីលំនៅ៣ដង»។ ទីលំនៅដំបូងគឺនៅទីបញ្ចុះសព ដែលម្ដាយរបស់លោកបានឃើញលោកធ្វើត្រាប់តាមអ្នកកាន់ទុក្ខក្នុងពេលមានក្បួនដង្ហែសព។ ទីលំនៅទី២គឺនៅក្បែរផ្សារ ដែលម្ដាយលោកបានឃើញលោកត្រាប់តាមឈ្មួញយំ ដែលឈ្មួញក្នុងសម័យនោះត្រូវបានគេស្អប់ខ្ពើម។ ចុងក្រោយម្ដាយគាត់ក៏ផ្លាស់ទៅនៅក្បែរសាលា។ ឃើញបញ្ញវន្តនិងសិស្ស គាត់ក៏ចាប់ផ្ដើមរៀនសូត្រ ទើបក្រោយមកក៏បានក្លាយជាបញ្ញវន្ត។ ម្ដាយរបស់មឹងជឺច្រើនត្រូវបានគេចាត់ទុកជាតួអង្គស្ត្រីគំរូមួយរូបនៅក្នុងវប្បធម៌របស់ចិន។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីរបស់ មឹងជឺ ចំនួន១០ ដើម្បីឲ្យអ្នកបានស្វែងយល់ពីគតិបណ្ឌិតរបស់ទស្សនវិទូដ៏សំខាន់របស់ចិនរូបនេះ៖
១) «មនុស្សដែលអស្ចារ្យគឺជាមនុស្សដែលមិនបាត់បង់បេះដូងកូនក្មេងរបស់គាត់។»
២) «ជំងឺរបស់មនុស្សកើតឡើងនៅពេលពួកគេមិនយកចិត្តទុកដាក់វាលស្រែរបស់ខ្លួនឯង ហើយបែរជារវល់ដករបស់ឥតប្រយោជន៍នៅត្រង់វាលស្រែរបស់អ្នកដទៃទៅវិញ។»
៣) «ភាពសំខាន់តែមួយគត់នៃការរៀនសូត្រគឺជាការស្វែងរកបេះដូងពីធម្មជាតិរបស់បុគ្គលនោះ។»
៤) «មនុស្សតែងអន្ទះសានឹងបញ្ចេញមតិទៅលើអ្វីមួយនៅពេលពួកគេខ្លួនឯងមិនទាំងបានស្ថិតនៅក្នុងស្ថានភាពនោះផង។»
៥) «គ្មានភាពរីករាយណាដែលលើសពីការមានសតិដឹងពីភាពស្មោះត្រង់ទៅលើការត្រួតពិនិត្យខ្លួនឯងនោះទេ។»
៦) «តៅនៅក្បែរខ្លួនប៉ុន្តែមនុស្សតែងស្វែងរកវានៅទីឆ្ងាយ។ វាមាននៅក្នុងរឿងដែលងាយស្រួល តែមនុស្សស្វែងរកវានៅក្នុងរឿងដែលស្មុគស្មាញ។»
៧) «ផ្លូវនៃការរៀនសូត្រគ្មានអ្វីក្រៅពីការស្វែងរកចិត្តដែលបានបាត់បង់នោះទេ។»
៨) «សេចក្ដីអាក្រក់កើតឡើងមកដើម្បីធ្វើឲ្យសេចក្ដីល្អមានមុខមាត់រុងរឿង។ សេចក្ដីអាក្រក់គឺជាសេចក្ដីល្អដែលអវិជ្ជមាន។ សេចក្ដីអាក្រក់អាចបម្លែងជាសេចក្ដីល្អ។ អ្វីដែលអាក្រក់សម្រាប់មនុស្សម្នាក់ក្នុងពេលមួយ ក្លាយជាល្អនៅពេលមួយផ្សេងសម្រាប់មនុស្សផ្សេងទៀត។»
៩) «បុគ្គលដែលបានចូលទៅក្នុងបាតជម្រៅនៃបេះដូងរបស់ខ្លួនឯង នឹងយល់ពីធម្មជាតិរបស់ខ្លួនឯង។ នៅពេលយល់ពីធម្មជាតិរបស់ខ្លួនឯង គេនឹងយល់ពីឋានសួគ៌។»
១០) «អារម្មណ៍នៃការអាណិតអាសូរគឺជាការចាប់ផ្ដើមនៃមនុស្សជាតិ។»
ដោយ៖ ស្រីពៅ