ទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន ៥ ចំណុចដែលសហគ្រិនអ្នកមាន និងមហាសេដ្ឋីតែងធ្វើ​



មិនមែនចៃដន្យដែលបុគ្គលជោគជ័យដូចជា Bill Gates Warrant Buffet Mark Zuckerberg ជាដើមអាចក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក។ ខណៈដែលមានការគ្រប់គ្រង រៀបចំយុទ្ធសាស្រ្ត និងធ្វើការដឹកនាំអាជីវកម្មឲ្យដំណើរការបានល្អនិងរីកចម្រើន បុគ្គលជោគជ័យក៏មានទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុដែលអាចធ្វើឲ្យពួកគេមានជីវភាព និងជីវិតហាយសូបែបនេះ។

១) រៀបចំបញ្ជីទិសដៅនៃប្រាក់លើកទឹកចិត្ត
ក្នុងនាមជាសហគ្រិន ជាអ្នករកស៊ីគេដឹងច្បាស់ណាស់ថាការលើកទឹកចិត្តសំខាន់យ៉ាងណាដើម្បីឲ្យអាជីវកម្មមានដំណើរការទៅមុខល្អ ហើយការលើកទឹកចិត្តនេះទៀតសោតផ្តល់ជូនទាំងបុគ្គលិក និងខ្លួនឯង។ វាជាប្រភេទចំណាយមួយក្នុងអាជីវកម្ម ដូច្នេះត្រូវមានការរៀបចំផែនការច្បាស់លាស់នៃពេលវេលា និងចំនួនដងនៃការចំណាយលើការលើកទឹកចិត្តនេះ។ ការធ្វើផែនការច្បាស់លាស់ និងអនុវត្តតាមផែនការបានល្អអាចឲ្យពួកគេគ្រប់គ្រងលំហូរហិរញ្ញវត្ថុបានត្រឹមត្រូវចៀសវាការខាតបង់។ ការសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុ និងការពិនិត្យឡើងវិញជាប្រចាំនឹងផ្តល់ឱ្យសហគ្រិននូវទិសដៅច្បាស់លាស់ទាក់ទងនឹងសកម្មភាពដែលអ្នកត្រូវធ្វើដើម្បីកែលំអទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងផលចំណេញនៃអាជីវកម្ម។

២) បង្កើតផែនការសកម្មភាពសម្រាប់ចំណាយ និងសន្សំ
ចំពោះអ្នកកាន់គម្រោងច្បាស់ជាដឹងថា រាល់សកម្មភាពគឺស្មើនឹងចំណាយ បើគ្មានការកំណត់ផែនការសកម្មភាពថា ក្នុងខែត្រូវធ្វើអ្វីខ្លះ ចំណាយប៉ុន្មាន ចំណូលអាចរកបានប្រហែលប៉ុន្មាន និងត្រូវដកសន្សំប៉ុន្មានឲ្យជាក់លាក់ទេ នោះអាជីវកម្ម និងខ្លួនឯងផ្ទាល់ច្បាស់ជាជួបវិបត្តិហិរញ្ញវត្ថុនៅថ្ងៃណាមួយមិនខាន។ អ្វីដែលសំខាន់លើសពីនេះ អ្នកត្រូវដឹងពីទម្លាប់ចំណាយរបស់ខ្លួនអ្នកផ្ទាល់ តាមដានត្រួតពិនិត្យការចំណាយឲ្យបានជាប្រចាំ ធ្វើបែបនេះទើបអាចរក្សាតុល្យភាពខ្ទង់ចំណាយបាន មិនខ្ជះខ្ជាយឥតប្រយោជន៍។

៣) ធ្វើពិពិធកម្មហានិភ័យដោយរកប្រភពចំណូលថ្មី
ទោះបីជាអាជីវកម្មអាចរកចំណូលបានគ្រប់គ្រាន់ក៏ដោយ ជាសហគ្រិនមិនដែលពឹងលើចំណូលតែមួយច្រកទេ គេតែងស្វះស្វែងរកប្រភពចំណូលថ្មីបន្ថែមដើម្បីបង្កើនចំណូល។ តាមរយៈការបង្កើតប្រភពចំណូលជាច្រើនទាំងនេះបង្ហាញថា សហគ្រិនកំពុងធ្វើពិពិធកម្មនិងបន្ថយហានិភ័យហិរញ្ញវត្ថុផ្ទាល់ខ្លួន។

៤) ព្យាយាមវិនិយោគដើម្បីបង្កើន Passive Income 
សហគ្រិនឆ្នើមតែងរកវិធីក្នុងការវិនិយោគដើម្បីអាចទទួលបាន Passive Income ហើយនេះក៏ជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាដែលចង់ទទួលបាន Passive Income នេះ។ អ្នកជំនាញវិនិយោគជាច្រើនបានណែនាំឲ្យអនុវត្តយុទ្ធសាស្រ្តដ៏មានប្រសិទ្ធិភាពគឺការវិនិយោគលើមូលបត្រ ការវិនិយោគលើអចលនទ្រព្យ (មានផ្ទះ ឬដីជួល) ដែលអាចអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មរកចំណូល Active Income។

៥) តាមដាន និងស្វែងយល់ពីទីផ្សារឲ្យច្បាស់
ការស្រាវជ្រាវពី CB Insights បានបញ្ជាក់ថា ៤២ ភាគរយនៃអាជីវកម្មបង្កើតថ្មី Startup ត្រូវបានដួលដោយសារពួកគេមិនទាន់ស្គាល់ពីកន្លែងឈរជើងពិតប្រាកដក្នុងទីផ្សារ។ កង្វះព័ត៌មានទីផ្សារដូចជា តម្រូវការអតិថិជន អ្នកផ្គត់ផ្គង់ គូប្រកួតប្រជែង ផលិតផលជំនួស និងបរិបថសេដ្ឋកិច្ចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មយ៉ាងខ្លាំង។ កង្វះព័ត៌មានទាំងនោះធ្វើឲ្យអ្នកចំណាយលើការផ្សព្វផ្សាយខុសទិសដៅ ការចំណាយកើនឡើង ចំណូលធ្លាក់ចុះ វានាំឲ្យមានអតុល្យភាពហិរញ្ញវត្ថុដែលជាហេតុនាំឲ្យអាជីវកម្មដួលរលំ។ សហគ្រិនឆ្នើមតែងធ្វើការតាមដានទីផ្សារយ៉ាងដឹតដល់ គេត្រូវដឹងថាទម្លាប់ទិញរបស់អ្នកប្រើប្រាស់ (Customer Purchasing Behavior) មានការប្រែប្រួលដូចម្តេចខ្លះ។ ពួកគេក៏ត្រូវដឹងថាមានគូប្រកួតប្រជែងប៉ុន្មាននៅក្នុងទីផ្សារ អ្នកចាស់ប៉ុន្មាន អ្នកថ្មីប៉ុន្មាន ហើយពួកគេមានកម្លាំងប៉ុនណា មានអ្វីដែលអាចទប់ទប់ជាមួយគេបាន។ លើសពីនេះរបត់សេដ្ឋកិច្ចក៏ជាកត្តាសំខាន់ជះឥទ្ធិពលដល់ដំណើរការអាជីវកម្មដូចគ្នា ក្នុងនាមជាអ្នករកស៊ីត្រូវដឹងពីការប្រែប្រួលសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងសកល ដើម្បីអាចរកវិធីទប់លំនឹងពីការបត់បែននេះ តែបើការប្រែប្រួលនេះផ្តល់សញ្ញាវិជ្ជមានពួកគេនឹងមានឱកាសគ្រប់គ្រាន់ទាញយកផលចំណេញបាន។ ទាំងអស់នេះហើយជាទម្លាប់នៃការគ្រប់គ្រងហិរញ្ញវត្ថុដែលអាចធ្វើឲ្យសហគ្រិនឆ្នើមទទួលជោគជ័យ រហូតក្លាយទៅជាមហាសេដ្ឋីបាន៕

ដោយ៖ យ៉ាយ៉ា 

 

X
5s