ទស្សនដ៏មានតម្លៃចំនួន ៥ ដែលបាននិយាយអំពីភាពមិនទៀងទាត់នៃជីវិត
ជីវិតគឺជាការហាត់ពត់លត់ដំចិត្ត។ បើចិត្តអារម្មណ៍របស់អ្នកល្អ នោះពេញមួយជីវិតរបស់អ្នកនឹងល្អ។ អ្នកខ្លះប្រាប់អ្នកថាមិនត្រូវបោះបង់នោះឡើយ ឯអ្នកខ្លះទៀតប្រាប់អ្នកថាមិនត្រូវជាប់ជំពាក់នោះឡើយ។ ស្ដាប់ទៅទស្សនទាំងពីរនេះហាក់ដូចជាប្រឆាំងគ្នា តែតាមពិតទៅចុងក្រោយគឺវាអាស្រ័យទៅលើអ្នកខ្លួនឯងនោះទេ។ ធ្វើការសម្រេចចិត្តថាតើក្នុងស្ថានភាពណាត្រូវដើរផ្លូវមួយណានឹងបង្ហាញពីបញ្ញារបស់អ្នកនៅក្នុងជីវិត ព្រោះមិនថាទស្សនល្អប៉ុណ្ណាក៏ដោយ វាត្រូវអាស្រ័យទៅលើបុគ្គលអ្នកចេះយល់ពីជម្រៅរបស់វានិងចេះយកវាមកអនុវត្តឲ្យបានត្រឹមត្រូវទៀត។
ភាពមិនទៀងទាត់គឺជាច្បាប់ធម្មជាតិ។ ការជាប់ជំពាក់នឹងអ្វីមួយពេក មានតែនាំទុក្ខសោកឲ្យខ្លួនឯងប៉ុណ្ណោះ។ ជួបរឿងមិនសមបំណងច្រើន ដល់ពេលមួយអ្នកនឹងយល់ថាជីវិតគឺជាការហាត់ពត់លត់ដំចិត្ត។ បើចិត្តអារម្មណ៍របស់អ្នកល្អ នោះមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ពេញមួយជីវិតរបស់អ្នកនឹងនៅតែល្អ។ ខាងក្រោមនេះគឺជាកម្រងសម្ដីចំនួន៥ដែលបាននិយាយអំពីភាពមិនទៀងទាត់នៃជីវិត:
១) «មនុស្សម្នាក់ដែលនៅក្បែរខ្ញុំឥឡូវនេះ បើទោះជារាងកាយរបស់ខ្ញុំក៏ដោយ យូរនិងឆាប់គង់តែក្លាយជាពពក ហើយហោះហើរទៅទិសដៅផ្សេងៗគ្នា។» Izumi Shikibu
២) «តើមួយណាដែលមិនគួរមានវត្តមាននៅក្នុងលោកនេះរវាង មនុស្សដែលភ្លេចនិងមនុស្សដែលត្រូវបានបំភ្លេច ? តើមួយណាដែលប្រសើរជាងរវាង ស្រឡាញ់មនុស្សដែលបានស្លាប់និងមិនបានឃើញគ្នានៅពេលមានជីវិតនៅឡើយ ? តើមួយណាដែលប្រសើរជាងរវាង មនុស្សជាទីស្រឡាញ់ដែលនៅឆ្ងាយដែលអ្នកតែងប្រាថ្នានិងមនុស្សដែលអ្នកឃើញរាល់ថ្ងៃតែមិនមានចិត្តអ្វីសោះទៅលើ ? តើណាមួយទៅដែលមិនគួរឲ្យទុកចិត្តជាងគេបំផុតនៅក្នុងចំណោមរបស់ដែលផ្លាស់ប្ដូរឥតឈប់ដែលជា ដំណើរហូរយ៉ាងរហ័សនៃចរន្តទឹក ទឹកស្ទឹងដែលហូរ និងពិភពលោកនៃមនុស្សមួយនេះ ? Izumi Shikibu
៣) «ចូរពិចារណាអំពីពន្លឺព្រះអាទិត្យ។ អ្នកប្រហែលជាឃើញវានៅជិត តែបើសិនជាអ្នកទៅតាមវាពីលោកមួយទៅលោកមួយក៏អ្នកមិនអាចចាប់វាមកក្នុងដៃរបស់អ្នកបានដែរ។ បន្ទាប់មកអ្នកក៏យល់ឃើញថាវានៅឆ្ងាយពីអ្នក ហើយអ្នកនឹងអាចឃើញវាគ្រាន់តែនៅខាងមុខភ្នែកអ្នកប៉ុណ្ណោះ។ ទៅតាមវា និងសម្លឹងមើលវា ហើយវានឹងរត់ចេញពីអ្នក។ រត់ចេញពីវា ហើយវានឹងមកតាមអ្នកជិត។ អ្នកមិនអាចធ្វើជាកម្មសិទ្ធិទៅលើវាឬក៏ធ្វើអ្វីម្យ៉ាងទៅលើវាបាននោះទេ។ តាមរយៈឧទាហរណ៍នេះ អ្នកអាចយល់បានថាតើវាគឺយ៉ាងដូចម្ដេចជាមួយនឹងធម្មជាតិពិតនៃរាល់អ្វីៗទាំងអស់ ហើយដូច្នេះហើយទើបវាមិនចាំបាច់អ្វីនឹងត្រូវសោកសៅឬព្រួយបារម្ភនឹងរឿងបែបនេះនោះឡើយ។» Huang Po
៤) «នៅក្នុងវប្បធម៌របស់យើង មនុស្សជាញឹកញាប់ណាស់ត្រូវបានដឹកនាំឲ្យមានអារម្មណ៍ថា ការផ្លាស់ប្ដូរប្រៀបបាននឹងមហាសមុទ្រដែលធំធេងនិងគួរឲ្យភ័យរន្ធត់ ដែលទាល់តែយើងបានតោងឲ្យជាប់ទៅនឹងអ្វីមួយដែលមានគ្រឹះរឹងមាំពុំនោះទេរលករបស់វានឹងបោកយើងទៅចេញឆ្ងាយ។ ប៉ុន្តែតាមការពិតការតោងជាប់នឹងដុំថ្ម មានតែធ្វើឲ្យបុគ្គលនោះត្រូវបានបោកយ៉ាងខ្លាំងក្លាដោយរលកទៅវិញ។ គ្រោះថ្នាក់មិនមែនមកពីការផ្លាស់ប្ដូរនោះទេ ប៉ុន្តែដោយសារការចចេសរឹងរូសនឹងវា។» Andrew Olendzki
៥) «គ្រប់យ៉ាងហូរទៅ គ្មានអ្វីដែលនៅមួយកន្លែង។ គ្រប់យ៉ាងត្រូវបានជំនួសផ្លាស់ថ្មី គ្មានអ្វីដែលនៅនឹងថ្កល់រហូតនោះទេ។»Heraclitus
ដោយ៖ ស្រីពៅ