ហេតុអ្វីអ្នកដឹកនាំគួរចាត់ទុកខ្លួនឯងជាអ្នកបម្រើ? ចំណុចទាំង ៤នេះនឹងប្រាប់ពីចម្លើយលម្អិត​



ពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលចង់ក្លាយជាអ្នកដឹកនាំជោគជ័យត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើទៅវិញ។ តែអ្នកដឹងទេថាពាក្យថាជាអ្នកបម្រើនៅទីនេះ គឺជាការបម្រើដល់អាជីវកម្ម ឬអង្គភាពរបស់អ្នកផ្ទាល់ធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនអ្នកមានភាពរីកចម្រើន ហើយវាក៏ជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំដែលពោរពេញទៅដោយឥទ្ធិពល មានការគោរពពីអ្នកក្រោមបង្គាប់យ៉ាងពេញលេញ។ 

អ្នកបម្រើសម្រាប់ខ្លួនឯង និងសម្រាប់អាជីវកម្មវាជារឿងល្អ អ្នកនឹងបំពេញតួនាទីគ្រប់យ៉ាងដើម្បីដឹកនាំខ្លួនឯង ដឹកនាំអាជីវកម្ម និងដឹកនាំបុគ្គលិកឲ្យដើរទៅរកភាពជោគជ័យព្រោះអ្នកមិនប្រើផ្នត់គំនិតជាមនុស្សមានអំណាច តែអ្នកប្រើសមត្ថភាពដើម្បីសម្រេចគោលដៅ។ ៤ ចំណុចខាងក្រោមនេះនឹងបកស្រាយបញ្ជាក់កាន់តែច្បាស់ពីហេតុផលខាងលើ៖

១) អ្នករៀនសូត្រពីរឿងរ៉ាវនានាពីមនុស្សដែលអ្នកត្រូវដឹកនាំ
ធ្វើជាអ្នកដឹកនាំដែលយល់ពីកូនចៅម្នាក់ៗយ៉ាងល្អ និងលម្អិតមិនមែនជារឿងងាយស្រួលទេព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។ ពេលអ្នកអាចស្វែងយល់ស៊ីជម្រៅពីមនុស្សនៅជុំវិញខ្លួន អ្នកអាចដឹងបានថាបុគ្គលិកម្នាក់នេះអ្នកគួរប្រើការដឹកនាំ ឬការនិយាយស្តី ឬការលើកទឹកចិត្តបែបណាដល់គេ ហើយបុគ្គលិកម្នាក់ផ្សេងទៀត ពេលមានបញ្ហាគេចូលចិត្តការដោះស្រាយបញ្ហាបែបណា និងរីករាយក្នុងការជជែកដោយភាសាបែបណា។ ទាំងនេះវាគ្មានខុសពីអ្នកបម្រើម្នាក់ដែលព្យាយាមស្វែងយល់ចិត្តចៅហ្វាយនាយ ដើម្បីធ្វើឲ្យមានការពេញចិត្ត និងរកឱកាសនៃភាពរីកចម្រើនរបស់ខ្លួននោះទេ។

២) អ្នកបញ្ចេញសកម្មភាពក្នុងការដឹកនាំ ជាជាងគិតពីមុខមាត់
មានមនុស្សមួយចំនួនទៀតមិនហ៊ានបញ្ចេញសកម្មភាពក្នុងការងារអ្វីមួយទេ អាចដោយសារគេគ្មានបទពិសោធន៍ការងារមួយនោះ ខ្លាចថាពេលធ្វើខុសត្រូវអាប់មុខ ប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន។ តែការធ្វើបែបនេះជាការបរាជ័យដ៏ធំទៅវិញក្នុងការធ្វើជាគំរូដល់អ្នកថ្នាក់ក្រោម ព្រោះពេលអ្នកជាអ្នកដឹកនាំមិនហ៊ាន កូនចៅរឹតតែមិនហ៊ាន គ្មាននរណាម្នាក់ក្នុងអង្គភាពមានសេចក្តីក្លាហានធ្វើការងារមួយឲ្យមានលទ្ធផល ធ្វើដូចម្តេចទើបអាចដើរទៅដល់គោលដៅនៃភាពជោគជ័យបាន។

គេនិយាយថាអ្នកដឹកនាំជាមនុស្សដែលដាក់ផែនការ យុទ្ធសាស្រ្តដើម្បីឲ្យអ្នកក្រោមបង្គាប់អនុវត្ត តែអ្នកដឹកនាំពិតប្រាកដធ្វើសកម្មភាពនៃការដឹកនាំដោយមិនខ្វល់ថា “ជាមេគេចាំបាច់ធ្វើការងារច្រើនអ្វីម្ល៉េះ ទុកឲ្យកូនចៅធ្វើទៅបានហើយ”។ តែគេដឹងច្បាស់ថាជាអ្នកដឹកនាំត្រូវធ្វើជាគំរូល្អសម្រាប់ថ្នាក់ក្រោម ទើបរកភាពជោគជ័យដល់ខ្លួនឯង និងអង្គភាពបាន។ ទោះជាការងារនោះថ្មីយ៉ាងណា អ្នកដឹកនាំល្អតែងហ៊ានដាក់ចិត្តដាក់កាយប្រថុយ ដោយគេយល់ថាទោះជាត្រូវបរាជ័យក៏គេនឹងទទួលបានមកវិញនូវបទពិសោធន៍មួយសម្រាប់ការងារបន្ទាប់។ 

៣) ស្វែងរកកម្លាំងហើយប្រមូលផ្តុំគ្នាធ្វើការដើម្បីភាពរីកចម្រើននៃអង្គភាព
អ្នកដឹកនាំដែលមានមហិច្ឆតាជោគជ័យពិតប្រាកដ តែងមានគំនិតចង់រៀនសូត្របន្ថែមជានិច្ច ហើយពួកគេក៏ត្រូវការបន្ថែមទាំងកម្លាំងនិងគំនិតដើម្បីធ្វើការងារឲ្យបានល្អ។ គេត្រូវការធ្វើការចែករំលែកចំណេះដឹងទៅវិញទៅមកមិនថាពីអ្នកថ្នាក់ក្រោម ឬនរណាទេដើម្បីស្វែងរកភាពទន់ខ្សោយ និងចំណុចខ្វះខាតដែលជាបញ្ហារារាំងដល់ដំណើរការអាជីវកម្ម និងការដឹកនាំរបស់គេ។ ការចូលរួមបញ្ចេញមតិពីបុគ្គលិកនិយាយអំពីបញ្ហាដែលកំពុងជួប និងការស្វែងរកដំណោះស្រាយជារឿងសំខាន់ដែលអ្នកដឹកនាំល្អចង់បាន និងតែងធ្វើ ហើយវាក៏ជាក្រមសីលធម៌មួយរបស់អ្នកដឹកនាំដូចគ្នាដែរ។

៤) មានការតាំងចិត្ត និងភាពជឿជាក់
ធម្មតាទេដែលថាអ្នកបម្រើម្នាក់ចង់បានការងារល្អ ហើយមេពេញចិត្តនិងទទួលបានភាពរីកចម្រើន ទាល់តែគេមានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារ ហើយជឿថាគេពិតជាអាចធ្វើបាន។ អ្នកដឹកនាំដែលជោគជ័យក៏ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ និងជឿជាក់ថាគោលដៅដែលពួកគេបានកំណត់រួច គេនឹងអាចទៅដល់នៅពេលដ៏ខ្លីខាងមុខខណៈពួកគេបានដាក់ផែនការ និងផ្លូវដើរទៅកាន់គោលដៅនោះយ៉ាងច្បាស់លាស់៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s