អ្នកមិនអាចស្រលាញ់មនុស្សដែលអ្នកមិនទុកចិត្តទេ កូនអ្នកក៏នឹងធ្វើបែបនេះដែរបើគេមិនអាចទុកចិត្តអ្នក
បច្ចុប្បន្នមានឪពុកម្តាយច្រើនណាស់ដែលបាននិយាយថា កូនៗរបស់ខ្លួនហាក់សោះអង្គើយ មិនសូវជាស្ដាប់ដំបូន្មានប្រៀបប្រដៅ និងយកចិត្តទុកដាក់លើខ្លួនដែលជាឪពុកម្តាយសោះ ។ ករណីបែបនេះមិនមែនកើតមានចំពោះតែលើយុវវ័យទេ តែសព្វថ្ងៃទង្វើនៃភាពព្រងើយកន្តើយ សោះអង្គើយនេះច្រើនកើតមានចំពោះកុមារតូចៗដែលមានអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំ តើវាបណ្ដាលមកពីអ្វី?
លោក Christopher Lee ស្ថាបនិកនៃ HEDC International និងជាអ្នកជំនាញចិត្តសាស្ត្រផ្នែកអប់រំកុមារ បានមានប្រសាសន៍ថា កូនតូចរបស់អ្នកត្រូវការក្តីស្រលាញ់ពីអ្នកជាឪពុកម្តាយ ហើយអ្វីដែលគេត្រូវការកាន់តែខ្លាំងបំផុតនោះគឺទំនុកចិត្តលើក្តីស្រលាញ់មួយនេះ។ ទំនុកចិត្តនៃក្តីស្រលាញ់មួយនេះវាមិនអាចបង្ហាញចេញតាមរយៈត្រឹមតែពាក្យសម្តី ឬការផ្តល់ដោយសម្ភារៈនោះទេ តែទង្វើដែលអ្នកជាឪពុកម្តាយត្រូវបង្ហាញចេញជារឿងសំខាន់បំផុត។
តាមការស្រាវជ្រាវពីអ្នកចិត្តវិទូជនជាតិអាល្លឺម៉ង់-អាមេរិកមួយរូបផ្នែកអភិវឌ្ឍន៍ចិត្តសាស្រ្ត លោក Erik Homburger Erikson បានរកឃើញថា ដំណាក់កាលនៃការអភិវឌ្ឍផ្លូវអារម្មណ៍របស់កុមារមាន ៦ ដំណាក់តាមអាយុគឺ៖
១) ពី ០ ទៅ ២ឆ្នាំ
កូនៗអ្នកត្រូវការភាពជិតស្និត ការយកចិត្តទុកដាក់ថែទាំពីឪពុកម្តាយ ពិសេសគឺម្តាយតែម្តងដូចជាការថ្នាក់ថ្នម មើលថែក្នុរង្វង់ដៃម្តាយ និងការបំបៅដោះម្តាយជាដើម។
២) ពី ២ ទៅ ៣ឆ្នាំ
ក្នុងវ័យនេះកូនៗអ្នកត្រូវការធ្វើត្រាប់សកម្មភាពរបស់អ្នក និងមនុស្សនៅជុំវិញខ្លួន ព្រោះវាជាដំណាក់កាលដំបូងនៃការទទួលយកចំណេះដឹងរបស់ពួកគេ ហើយកូនៗរបស់អ្នកព្យាយាមនិយាយ ព្យាយាមធ្វើសកម្មភាពនានាដើម្បីឲ្យខ្លួនគេមើលទៅដូចឪពុកម្តាយគេ។
៣) ពី ៣ ទៅ ៤ឆ្នាំ
ជាដំណាក់កាលមួយដែលកុមារត្រូវការភក្តីភាពពីឪពុកម្តាយ និងបងប្អូន វាជាពេលវេលាមួយដែលខួរក្បាលកុមារចាប់យករាល់ពាក្យសម្តី ការប្រព្រឹត្ត ទង្វើនានាពីមនុស្សនៅជុំវិញខ្លួន ក៏ជាពេលដែលខួរក្បាលរបស់កុមារចាប់ផ្តើមមានការវិភាគបឋម។ បន្ទាប់ពីការរៀនតាមមនុស្សនៅជុំវិញខ្លួន ខួរក្បាលពួកគេចាប់ផ្តើមបញ្ជាឲ្យចងចាំថានរណាផ្តល់ភាពកក់ក្តៅដល់គេច្រើន យកចិត្តទុកដាក់ជាមួយគេច្រើន ទោះគេមិនទាន់អាចយល់បានថាអ្វីទៅជាភក្តីភាពក៏ដោយ។
៤) ពី ៤ ទៅ ៥ឆ្នាំ
កូនៗរបស់អ្នកត្រូវការការយកចិត្តទុកដាក់ រាល់សកម្មភាពដែលពួកគេបានធ្វើ ស្នាដៃអ្វីមួយដែលពួកគេបានបញ្ចេញពួកគេចង់ឲ្យមនុស្សនៅជុំវិញខ្លួនគេចាប់អារម្មណ៍ជាខ្លាំង និងចាត់ទុកថាពួកគេជាមនុស្សសំខាន់ពេលនោះ។
៥) ពី ៥ ដល់ ៦ឆ្នាំ
កូនៗរបស់អ្នកចាប់ផ្តើមផ្តល់ក្តីស្រលាញ់ចំពោះឪពុកម្តាយ បងប្អូន សាច់ញាត្តិ រួមទាំងសត្វចិញ្ចឹមផងដែរ។ ការផ្តល់ក្តីស្រលាញ់របស់ពួកគេគឺស្តែងចេញតាមរយៈការនិយាយ ការគូរគំនូរជារូបគ្រួសារ។ កុមារច្រើនពាន់លាននាក់ណាស់ដែលចេះគូររូបផ្តើមចេញដោយរូបបេះដូង រូបម្តាយឪពុកនិងកូនកាន់ដៃគ្នាដោយទឹកមុខញញឹម ក្នុងដៃមានរូបបេះដូង ជុំវិញព័ទ្ធដោយរូបបេះដូង ព្រោះពួកគេដឹងថារូបបេះដូងនេះតំណាងឲ្យក្តីស្រលាញ់ដែលពួកគេទទួលបាន និងជាក្តីស្រលាញ់ដែលគេចង់បង្ហាញទៅកាន់ក្រុមគ្រួសារ។
៦) ចាប់ពីអាយុ ៦-៧ ឆ្នាំឡើងទៅ
កូនៗត្រូវការការចែករំលែកនូវរឿងរ៉ាងក្នុងចិត្ត រឿងសំងាត់មួយចំនួន ក៏ដូចជាបញ្ហាដែលគេកំពុងជួបប្រទះ។ ឆ្លងកាត់ដំណាក់កាលជាច្រើនតាមលំដាប់លំដោយចាប់ពីពេលកើតដំបូង រហូតដល់ពេលមួយដែលគេត្រូវការការចែករំលែកក្តីសុខ ក្តីទុក្ខ និងហ៊ានជជែកប្រាប់រឿងរ៉ាវក្នុងចិត្ត បញ្ហាដែលគេកំពុងជួបដល់អ្នកលុះត្រាកូនៗអ្នកចាត់ទុកថា ឪពុកម្តាយគេជាមនុស្សដែលគេអាចទុកចិត្តនឹងការប្រឹក្សារឿងរ៉ាវទាំងអស់នេះ។ បើស្តាប់ទៅដូចជារឿងលេងសើច ព្រោះមិនដែលថាកូនណាមិនទុកចិត្តឪពុកម្តាយខ្លួន ហើយទៅទុកចិត្តអ្នកដទៃជាងនោះទេ តែបើអ្នកគិតបែបនេះវាគឺជាការយល់ខុសមួយរបស់អ្នកហើយ។
អ្នកជាឪពុកម្តាយត្រូវចាំចំណុចមួយថា អ្នកក៏ធ្លាប់ឆ្លងកាត់ភាពជាកុមារ ទោះបីអ្នកមិនអាចចងចាំកាលពេលខ្លួនមានអាយុត្រឹម ២ ឬ៣ ឆ្នាំក្តី តែអ្នកនឹងចាំបានពេលអ្នកមានអាយុ ៥ ឬ ៦ ឬ៧ ឆ្នាំថាខ្លួនបានធ្វើអ្វីខ្លះ។ អ្នកអាចនឹងក្លាហាននិយាយជាមួយឪពុកម្តាយបើអ្នកដឹងថាម្តាយឪពុកអ្នកនឹងមិនដាក់ទណ្ឌកម្មដោយគ្រាន់តែអ្នកធ្វើឲ្យបែកចាន ឬខូចនាឡិការបស់គាត់ ព្រោះភាពទុកចិត្តលើឪពុកម្តាយ អ្នកដឹងថាពួកគាត់គ្រាន់តែចង់ឲ្យអ្នកដឹង ទទួល និងហ៊ានសារភាពកំហុសរួចទទួលយកការអប់រំរបស់គាត់។ ដោយឡែកបើអ្នកដឹងថារាល់ពេលអ្នកធ្វើអ្វីមួយខុសដោយចេតនា ឬអចេតនាអ្នកនឹងទទួលបានការស្តីបន្ទោស និងការដាក់ទណ្ឌការដូចជាការវ៉ៃជាដើម ពេលមានបញ្ហាអ្វីមួយអ្នកនឹងមិនអាចយករឿងរ៉ាវទាំងនេះទៅពិភាក្សា ឬប្រាប់ឪពុកម្តាយទេព្រោះអ្នកដឹងច្បាស់ថា ប្រាប់ក៏នៅតែគ្មានដំណោះស្រាយ មានតែពាក្យស្តីបន្ទោសការខឹងសម្បារតែប៉ុណ្ណោះ។ ទាំងនេះហើយជាការអប់រំមួយរបស់ឪពុកម្តាយធ្វើឲ្យកូនៗកាន់តែឆ្ងាយពីខ្លួនបន្តិចម្តងៗ។
សម្ដេចសង្ឃ ដាឡៃ ឡាម៉ាបានមានសង្ឃដីកាថា៖ “សុភមង្គលនៃកុមារភាព ភាបស្ងប់ស្ថាត់នៃការភ័យខ្លាចរបស់កុមារ និងការអភិវឌ្ឍដ៏អស្ចារ្យនៃភាពជឿជាក់របស់គេស្ថិតនៅលើក្តីស្រលាញ់ដោយផ្ទាល់”៕
ដោយ៖ យ៉ាយ៉ា