គន្លឹះ ៥ ដែលអ្នកគួរដឹង ដើម្បីចរចាសុំមេដំឡើងប្រាក់ខែ
ការទទួលបានប្រាក់ខែសមស្របទៅនឹងសមត្ថភាពរបស់អ្នកគឺជារឿងសំខាន់ណាស់។ ក៏ប៉ុន្តែការសុំដំឡើងប្រាក់ខែពីចៅហ្វាយនាយរបស់អ្នក មិនមែនជារឿងងាយស្រួលនោះទេ ហើយថែមទាំងមានសម្ពាធខ្លាំងទៀតផង។ ការស្នើសុំរបស់អ្នកមានប្រសិទ្ធិភាពឬអត់ គឺអាស្រ័យថា តើអ្នកបានត្រៀមខ្លួនល្អកម្រិតណា?
នៅក្នុងទិដ្ឋភាពជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន នៅពេលអ្នកកំពុងបម្រើការងារជាបុគ្គលិកក្រុមហ៊ុនណាមួយនោះ អ្នកគួរអនុវត្តតាមគន្លឹះ ៥ នេះជាមុនសិន មុនពេលស្នើសុំដំឡើងប្រាក់ខែ៖
១.មើលកាលៈទេសៈជាមុនសិន
មុនពេលចាប់ផ្តើមចរចាជាមួយចៅហ្វាយរបស់អ្នក សូមគិតឲ្យបានវែងឆ្ងាយបន្តិច ហើយសួរខ្លួនឯងថា តើពេលនេះវាស័ក្តិសមដើម្បីស្នើសុំចៅហ្វាយរបស់អ្នកដំឡើងប្រាក់ខែឲ្យដែរឬទេ? នៅពេលក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ ឬកំពុងជួបបញ្ហាផ្សេងៗទៀតដែលប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនទាំងមូល វាហាក់បីដូចជាមិនមែនជាកាលៈទេសៈត្រឹមត្រូវសម្រាប់អ្នកឡើយ។ ដូច្នេះជម្រើសដ៏ល្អបំផុតមួយគឺត្រូវរង់ចាំស្ថានការណ៍ល្អប្រសើរឡើង ត្រឡប់មកស្ថានភាពដើមវិញសិន ជាពិសេសនៅពេលក្រុមហ៊ុនកំពុងលូតលាស់ខ្លាំង ក៏វាមិនទាន់ហួសពេលទេ។
២.ស្រាវជ្រាវពីតំណែងប្រាក់ខែ
នៅមុនពេលសម្រេចស្នើសុំដំឡើងប្រាក់ខែ អ្នកត្រូវគិតពីកត្តាផ្សេងៗ។ កត្តាមួយចំនួនអ្នកមិនអាចគ្រប់គ្រងបានទេ ក៏ប៉ុន្តែការស្រាវជ្រាវដោយខ្លួនឯងអាចជួយមានឱកាសកាន់តែល្អជាងនេះ។ អ្នកអាចស្រាវជ្រាវថា តើតំណែងទីផ្សារការងាររបស់អ្នកទទួលបានប្រាក់ខែប៉ុន្មាននៅតាមបណ្តាក្រុមហ៊ុនផ្សេង? បើក្រុមហ៊ុនផ្សេងឲ្យប្រាក់ខែច្រើនជាងក្រុមហ៊ុនរបស់អ្នក អ្នកត្រូវសិក្សាទៀតថា តើការងាររបស់អ្នកមានលក្ខណៈដូចម្តេចបើធៀបទៅនឹងបុគ្គលិកនៅទីនោះ? តើអ្នកមានទំនួលសមត្ថភាព និងទំនួលខុសត្រូវច្រើនជាងពួកគេដែរឬទេ? បើចម្លើយវិជ្ជមានគួរតែស្នើសុំទៅ។ ប៉ុន្តែបើនៅមានកម្រិត អ្នកគួរអត់ធ្មត់មួយរយៈសិន។
៣.យល់ឲ្យច្បាស់ពីចិត្តចៅហ្វាយរបស់អ្នក
នៅពេលអ្នកមានទិន្នន័យគ្រប់បែបយ៉ាងក្នុងដៃ ប្រៀបដូចជាអ្នកកំពុងមានអាវុធដ៏មានឥទ្ធិពលមួយផងដែរ។ ឥឡូវនេះអ្នកត្រូវពិនិត្យមើលសមិទ្ធិផលរបស់អ្នកក្រោមក្រសែភ្នែកចៅហ្វាយរបស់អ្នក។ តើអ្នកមានអំណះអំណាងបែបណាប្រសិនបើចៅហ្វាយបដិសេធន៍សំណើររបស់អ្នក? តើអ្នកមានអ្វីជាលក្ខណៈ ពិសេសធ្វើឲ្យចៅហ្វាយរបស់អ្នកត្រូវដំឡើងប្រាក់ខែឲ្យអ្នក? វិធីដ៏ល្អមួយនៅទីនេះ គឺអ្នកត្រូវរកមូលហេតុសំខាន់ៗយ៉ាងហោចណាស់ចំនួន ៥ ដែលចៅហ្វាយរបស់អ្នកមើលមកអ្នកថា អ្នកនឹងមិនត្រូវបានដំឡើងប្រាក់ខែ។ ធ្វើបែបនេះ អាចឲ្យអ្នករកចំណុចខ្សោយរបស់អ្នកឃើញ ហើយកែប្រែចំណុចខ្វះខាតទាំងនោះដើម្បីចរចាសុំឡើងប្រាក់ខែ។
៤.រក្សាឲ្យបានភាពវិជ្ជាជីវៈ
នៅពេលចរចាដំឡើងប្រាក់ខែ អ្នកត្រូវរក្សាគោលជំហរមួយដែលមិនមានលក្ខណៈជាអាត្មានិយម ឬទាក់ទងនឹងអ្នកច្រើនពេកទេ។ ការរកមូលហេតុផ្សេងៗដូចជាលើកឡើងថា ក្រុមការងារដែលបំពេញការងារដូចអ្នក បែរជាមានប្រាក់ខែច្រើនជាងអ្នក មិនមែនជាជម្រើសល្អឡើយ ហើយវាក៏មិនមានលក្ខណៈវិជ្ជាជីវៈផងដែរ។ នេះអាចជាមូលហេតុមួយដែលអ្នកគួរត្រូវបានដំឡើងប្រាក់ខែ ប៉ុន្តែវាមិនបានពាក់ព័ន្ធអ្វីទៅនឹងតួនាទីដែលអ្នកត្រូវធ្វើនោះឡើយ។ ផ្ទុយមកវិញ អ្វីដែលធ្វើឲ្យអ្នកមានទម្ងន់ក្នុងការចរចាជាមួយចៅហ្វាយរបស់អ្នកនៅពេលនេះ គឺបង្ហាញពីវិធី ឬគន្លឹះដែលអ្នកអាចជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនខ្លាំងឡើងទើបជាជម្រើសល្អ។
៥.គិតរយៈពេលវែង
អ្នកត្រូវដឹងថា ការចរចាសុំដំឡើងប្រាក់ខែមិនមែនសុទ្ធតែអាចទទួលបានលទ្ធផលដូចការគ្រោងទុកនោះទេ ហើយអ្នកគួរតែត្រៀមដោះស្រាយលទ្ធផលដែលមិនមែនជាអ្វីដែលអ្នកចង់បាន។ ប៉ុន្តែការទទួលបានចម្លើយអវិជ្ជមាន មិនចាំបាច់ចាត់ទុកថា ជាការបរាជ័យដ៏ធ្ងន់នោះដែរ។ ការព្យាយាមដោះស្រាយវាតាមវិធីត្រឹមត្រូវអាចជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មួយសម្រាប់ដំឡើងប្រាក់ខែរបស់អ្នកនៅពេលអនាគត។
អ្នកនឹងអាចខកចិត្តនៅពេលត្រូវបានបដិសេធន៍។ ប៉ុន្តែសូមបញ្ចប់ការចរចារបស់អ្នកដោយភាពវិជ្ជមាន ហើយខិតខំរិះរកគំនិតថ្មីៗល្អៗ ខិតខំបំពេញការងារ និងនាំសមិទ្ធិផលឲ្យក្រុមហ៊ុនបានកាន់តែច្រើនជាងមុននោះមិនជឿថា ម្តងនេះការសុំដំឡើងប្រាក់ខែរបស់អ្នកបរាជ័យដូចមុនទៀតនោះឡើយ៕
ប្រភព៖ CNN