កម្រងគតិ ចំនួន៩ របស់ទស្សនវិទូ តៅ ជ័ងជឺ ដែលអ្នកគួរតែបានអានម្ដងនៅក្នុងជីវិត
ជ័ងជឺ បានសរសេរថា «វិមាត្រគ្មានដែនកំណត់។ ពេលវេលាគ្មានទីបញ្ចប់។ ស្ថានភាពមិននៅឋិតថេរ លក្ខខណ្ឌមិនមែនជាទីបញ្ចប់។ ហេតុនេះ បុគ្គលដែលមានបញ្ញាសម្លឹងមើលទៅកាន់លំហ ហើយមិនមើលឃើញអ្វីដែលតូចថាតូចខ្លាំងពេក ឬអ្វីដែលធំធេងថាធំធេងខ្លាំងពេក ពីព្រោះតែគាត់យល់ថាវាគ្មាននូវដែនកំណត់សម្រាប់វិមាត្រនោះឡើយ។» ពិភពលោកស្ថិតនៅក្នុងចិត្តរបស់អ្នក។ អ្នកគិតបែបណា នោះអ្នកនឹងសម្លឹងឃើញពិភពលោកខាងក្រៅថាបែបនោះ។ នៅក្នុងលោកនេះ រឿងអ្វីក៏អាចទៅរួចដែរ។ ការដែលបើកចិត្តខ្លួនឯងឲ្យទូលាយត្រៀមខ្លួនសម្រាប់ទទួលយកភាពដែលអាចទៅរួចគ្រប់សព្វបែបយ៉ាងនេះ នឹងជួយឲ្យអ្នករស់នៅមានចិត្តសុខស្ងប់ជាងមុន។
ថ្ងៃមុនយើងបានដកស្រង់នូវសម្ដីរបស់ជ័ងជឺ ដែលជាទស្សនវិទូតៅដ៏សំខាន់មួយរូបរបស់ចិន ថ្ងៃនេះយើងនាំគ្នាមកបន្តស្វែងយល់ពីគតិបណ្ឌិតរបស់គាត់ចំនួន៩ឃ្លាបន្ថែមទៀត:
១) «ខ្ញុំសុបិនឃើញថាខ្ញុំគឺជាមេអំបៅ ហោះហើរពេញលើមេឃ បន្ទាប់មកខ្ញុំក៏ភ្ញាក់ឡើងមក។ ពេលនេះខ្ញុំងឿងឆ្ងល់ថាតើខ្ញុំគឺជាមនុស្សដែលសុបិនឃើញខ្លួនឯងជាមេអំបៅ ឬក៏ខ្ញុំគឺជាមេអំបៅដែលសុបិនឃើញខ្លួនឯងជាមនុស្ស ?»
២) «ជីវិតកើតមកពីផែនដី ហើយជីវិតក៏ត្រឡប់វិញទៅផែនដីដែរ។»
៣) «ចាបធ្វើសម្បុកនៅក្នុងជម្រៅនៃដើមឈើ វាប្រើមែកឈើមិនលើសពីមួយមែក។ ឯសត្វកំពីងដូងផឹកទឹកស្ទឹង ក៏វាផឹកបានត្រឹមតែមួយចម្អែតក្រពះប៉ុណ្ណោះ។»
៤) «វិមាត្រគ្មានដែនកំណត់។ ពេលវេលាគ្មានទីបញ្ចប់។ ស្ថានភាពមិននៅឋិតថេរ លក្ខខណ្ឌមិនមែនជាទីបញ្ចប់។ ហេតុនេះ បុគ្គលដែលមានបញ្ញាសម្លឹងមើលទៅកាន់លំហ ហើយមិនមើលឃើញអ្វីដែលតូចថាតូចខ្លាំងពេក ឬអ្វីដែលធំធេងថាធំធេងខ្លាំងពេក ពីព្រោះតែគាត់យល់ថាវាគ្មាននូវដែនកំណត់សម្រាប់វិមាត្រនោះឡើយ។»
៥) «គាត់សម្លឹងមើលត្រឡប់ក្រោយទៅកាន់អតីតកាល និងមិនសោកសៅនឹងអ្វីដែលបានកន្លងផុតទៅហួសឆ្ងាយ ឬក៏ត្រេកត្រអាលនឹងអ្វីដែលនៅជិត ពីព្រោះតែគាត់ដឹងថាពេលវេលាគ្មានទីបញ្ចប់។ គាត់សង្កេតមើលភាពពេញលេញនិងភាពពុកផុយរលួយ ហេតុនេះមិនត្រេកត្រអាលនៅពេលខ្លួនឯងជោគជ័យ ឬក៏សោកសៅនៅពេលបរាជ័យ ពីព្រោះតែគាត់ដឹងថាស្ថានភាពមិននៅឋិតថេរនោះឡើយ។»
៦) «មនុស្សទាំងអស់សុទ្ធតែដឹងពីផលប្រយោជន៍នៃអ្វីដែលមានប្រយោជន៍ តែពួកគេមិនដឹងពីផលប្រយោជន៍នៃអ្វីដែលឥតប្រយោជន៍នោះទេ។»
៧) «ខ្ញុំទទួលយកតែមិនរក្សាទុកនោះឡើយ។»
៨) «អ្នកនឹងស្វែងរកឃើញចម្លើយនៅក្នុងសំឡេងរបស់ទឹក។»
៩) «បើទឹកទទួលបានភាពថ្លាឆ្វង់របស់វាពីការនៅស្ងៀម បើជាចិត្តវិញតើវានឹងទទួលបានភាពថ្លាឆ្វង់នេះប៉ុណ្ណា! ចិត្តរបស់បណ្ឌិត នៅក្នុងភាពស្ងប់ស្ងាត់ ក្លាយជាកញ្ចក់នៃចក្រវាល ឧបករណ៍ឆ្លុះពិនិត្យនៃរាល់សភាវៈមានជីវិតទាំងអស់។»
ដោយ៖ ស្រីពៅ