រៀនបដិសេធខ្លះក៏ល្អដែរ! ចំណុចទាំង ១០ នេះជាហេតុផលដែលអ្នកគួររៀនបដិសេធ
“No ឬ ទេ” ជាពាក្យសាមញ្ញធម្មតា តែវាបានក្លាយជាពាក្យមួយដែលពិបាកនិយាយចេញមកពិសេសបើនិយាយជាមួយមនុស្សជិតដឹត។ មនុស្សភាគច្រើនតែងខ្លាចនឹងការប្រើប្រាស់ពាក្យបដិសេធថាទេនេះ ក៏ព្រោះការឆ្លើយយល់ស្រប “Yes” តែងបង្ហាញពីការគួរសម ឬសម្រាប់ពន្យាពេលនៃស្ថានការណ៍មិនល្អណាមួយ។
តែគ្រប់យ៉ាងមិនអាចល្អប្រសើរបានរហូតដោយសារពាក្យយល់ស្រប ឬ Yes នេះបានទេ ហើយជម្រើសនៃការបដិសេធក៏មិនមែនសុទ្ធតែអាក្រក់នោះដែរ។ ខាងក្រោមនេះជាហេតុផលដែលអ្នកគួរប្រើពាក្យថា “No” ខ្លះក្នុងទំនាក់ទំនង ឬការងារមួយចំនួន៖
១) បដិសេធដើម្បីកុំឲ្យមានភាពឆ្គាំឆ្គងនាពេលខាងមុខ
ការទទួលយកសំណើរណាមួយទាំងដែលអ្នកមិនអាចធ្វើបាន វានាំឲ្យមានបញ្ហានៅថ្ងៃក្រោយ។ ដូច្នេះបើដឹងថាខ្លួនមិនអាចរ៉ាប់រងអ្វីដែលជាសំណើររបស់នរណាម្នាក់ អ្នកគួរបដិសេធដើម្បីចៀសវាងនាំខ្លួនឯងឲ្យទទួលបានភាពឆ្គាំឆ្គងពីភាពមិនច្បាស់លាស់របស់ខ្លួនឯង។
២) បដិសេធដើម្បីជម្រុញឲ្យខ្លួនឯងអ្នកខំប្រឹងបន្ថែមហើយទទួលបានលទ្ធផលដ៏អស្ចារ្យ
ពេលខ្លះការបដិសេធមិនមែនមកពីអ្នកគ្មានសមត្ថភាពបំពេញការងារមួយនោះទេ តែចម្លើយ No របស់អ្នកលាក់ទុកនូវការខឹតខំប្រឹងប្រែងព្យាយាម ហើយវាក៏ជាកត្តាជម្រុញចិត្តមួយដើម្បីធ្វើឲ្យអ្នកទទួលបានលទ្ធផលការងារដ៏ប្រសើរ និងអស្ចារ្យ។ អ្នកធ្វើបែបនេះក៏អាចជួយការពារចិត្តខ្លួនឯងពីភាពអំនួត និងការបាក់ទឹកចិត្តនៅថ្ងៃណាមួយដែរ។
៣) ទុកអាទិភាពដល់ខ្លួនឯង
មិនមែនជារឿងអត្មានិយមទេដែលគ្រាន់តែគិតពីខ្លួនឯងមុនគិតពីអ្នកដទៃ ជីវិតជារបស់អ្នកគ្មាននរណាអាចផ្តល់ក្តីសុខសុភមង្គលដល់អ្នកក្រៅពីខ្លួនអ្នកបានឡើយ។ វាមិនខុសទេដែលអ្នកគួរធ្វើការងាររបស់អ្នកជាអាទិភាព ព្រោះអ្នកមិនអាចប្រឈមនឹងការដាក់ទោសទណ្ឌនានាដោយសារចង់ឲ្យអ្នកដទៃបានប្រសើរខណៈដែលខ្លួនអ្នកកំពុងស្ថិតក្នុងគ្រោះអាសន្ននោះទេ។
៤) រក្សាថាមពល និងពេលវេលាដោយមិនខ្ជះខ្ជាយ
បើនិយាយពាក្យថាយល់ស្របហើយត្រូវខ្ជះខ្ជាយកម្លាំងថាមពល និងពេលវេលាដោយឥតប្រយោជន៍ គួរតែកុំល្អជាង ដោយសារពេលវេលាជាមាសប្រាក់បើអ្នកបណ្ដោយឲ្យពេលវេលាដ៏មានតម្លៃរបស់អ្នកកន្លងផុតទៅដោយសារអ្នកដទៃវាមិនគប្បីសម្រាប់ខ្លួនឯងទេ។ អ្នកខំប្រឹងញ៉ាំអាហារល្អៗដើម្បីស្វែងរក និងសន្សំថាមពលសម្រាប់ខ្លួនឯង តែបើវាត្រូវចំណាយចេញទៅដោយគ្មានបានការដោយសារតែយកគាប់គួរជាមួយអ្នកដទៃ វាហាក់ដូចជាខាតខ្លាំងណាស់។ ឧទាហរណ៍ឲ្យស្រួលស្តាប់មួយគឺ បើអ្នកបដិសេធការស្រលាញ់ពីនរណាម្នាក់ដែលអ្នកដឹងច្បាស់ថាអ្នកមិនបានស្រលាញ់គាត់វាជារឿងគម្បីបំផុត ទោះបីគាត់ត្រូវខូចចិត្តនៅពេលនេះ តែវាល្អសម្រាប់ថ្ងៃខាងមុខមិនថាតែគាត់ឬអ្នកផ្ទាល់ទេ អ្នកទាំងពីរនឹងមិនចំណាយពេលដោយឥតប្រយោជន៍លើទំនាក់ទំនងមិនច្បាស់លាស់គ្មានលទ្ធផលមួយនេះ។
៥) មិនធ្វើឲ្យអ្នកទទួលរងភាពអាម៉ាស់
ជួនកាល ការផ្តល់ចម្លើយ Yes របស់អ្នកអាចនាំទុក្ខទោសដល់ខ្លួនអ្នកវិញ ឧទាហរណ៍អ្នកជាម្ចាស់ហាងលក់ផ្កាមួយកន្លែង នៅក្នុងហាងរបស់អ្នកមានលក់ផ្កាច្រើនប្រភេទ តែចៃដន្យចន្លោះការនាំចូលផ្កាពីបរទេសត្រូវបានខកខានក្នុងរយៈពេល ១ ខែនេះព្រោះមានបញ្ហាពីអ្នកនាំចូលហើយក៏មិនអាចកំណត់ថ្ងៃជាក់លាក់ក្នុងការនាំចូលបានដែរ។ ស្របពេលជាមួយគ្នានេះ មានអតិថិជនត្រូវការកក់ផ្កាដើម្បីរៀបចំកម្មវិធីសម្ពោធហាងថ្មីរបស់គេ ហើយអ្នកក៏ទទួលកក់របស់គាត់ដោយខ្លាចដាច់ម៉ូយផង និងដោយសារដើម្បិប្រាក់ចំណូលផង។ កាន់តែកៀកថ្ងៃកំណត់ ផ្កានៅតែមិនទាន់មកដល់ដៃ ហើយអ្នកដើររកពីហាងផ្សេងក៏គ្មានដោយសារគេទុកដើម្បីអាជីវកម្មគេដូចគ្នា ពេលនោះវានាំឲ្យអ្នកទទួលរងភាពអាម៉ាស់ និងបាត់បង់ធំជាងអ្វីដែលអ្នកខ្លាចទៅទៀត។ ដូច្នេះបើដឹងថាខ្លួនឯងមិនអាចទទួលការងារអ្វីមួយបាន ឬការងារមួយនោះធំហួសពីសមត្ថភាពពេលបដិសេធសិនទៅ ទុកពេលឲ្យខ្លួនឯងរៀនសូត្រឲ្យបានច្រើន សន្សំបទពិសោធន៍ដើម្បីសម្រេចការងារធំនៅថ្ងៃមុខជាការល្អ។
៦) កសាងទំនុកចិត្តសម្រាប់ខ្លួនឯង
គ្រាន់តែបដិសេធមិនមែនខ្លួនឯងអន់ទេ ការនិយាយបដិសេធឲ្យត្រូវពេលត្រូវវេលាវាជួយឲ្យអ្នកកសាងទំនុកចិត្តឲ្យខ្លួនឯងបាន ព្រោះវាបញ្ជាក់ពីជំហរដ៏រឹងមាំ និងភាពក្លាហានរបស់អ្នកបដិសេធនូវអ្វីដែលអ្នកមិនចង់ធ្វើព្រោះអ្នកដឹងថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។
៧) ជាផ្លូវមួយនាំអ្នកចេញពីសម្ពាធដ៏អាក្រក់ និងឥតបានការ
មនុស្សមិនតិចទេដែលនិយាយយល់ស្របទទួលសំណើរមួយដែលខ្លួនមិនពេញចិត្តនឹងបំពេញ ដូច្នេះហើយការប្រើចម្លើយបដិសេធនេះ អាចជាច្រកចេញមួយសម្រាប់ខ្លួនឯងដើរចេញពីការដាក់សម្ពាធរបស់នរណាម្នាក់។ វាក៏ជាជម្រើសល្អបំផុតមួយដែលធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរ មិនប្រឈមនឹងបញ្ហាធុញថប់អារម្មណ៍ (Stress)។
៨) ទទួលបានការគោរព
មិនមែនការផ្តល់ជំនួយទាំងអស់សុទ្ធតែជាចម្លើយស្របទេ មានពេលខ្លះការផ្តល់ជំនួយពិតប្រាកដជាការបដិសេធ ព្រោះការបដិសេធរបស់អ្នកនៅពេលនេះធ្វើឲ្យអ្នកដែលត្រូវការជំនួយពីអ្នកចេះប្រឹងរស់ មិនផ្តេកផ្ដួលរងចាំការជួយលើករហូត។ បន្ទាប់ពីគេអាចសិក្សាពីអ្វីដែលជាការជួយពិតប្រាកដ គេនឹងយល់ពីហេតុផលដែលអ្នកធ្វើក្នុងពេលនេះ ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលទទួលបានការគោរពពីអ្នកដទៃយ៉ាងពិតប្រាកដ។
៩) ដើម្បីឲ្យសុខភាពអ្នកបានល្អប្រសើរ
ស្តាប់ទៅដូចជាលេងសើចបន្តិចដែលថាគ្រាន់តែរៀនឆ្លើយថា No សោះអាចធ្វើឲ្យសុខភាពល្អដែរ តែវាជាការពិត ព្រោះពេលណាដែលអ្នកមិនចេះបដិសេធខ្លះទេអ្នកនឹងត្រូរឈឺក្បាលគិតច្រើនថាតើនឹងដោះស្រាយបញ្ហា ឬធ្វើការងារនោះបានដោយវិធីណា។ វាអាចធ្វើឲ្យអ្នកខ្វាយខ្វល់ចិត្តរហូតគេងមិនលក់ ហើយភាពភិតភ័យនៅតាមជាប់ខ្លួនជានិច្ច ដែលវាផ្តល់ជាផលអវិជ្ជមានដល់សុខភាពរបស់អ្នក។
១០) បដិសេធដើម្បីឲ្យពាក្យ “Yes” របស់អ្នកមានតម្លៃ
ដូចបានលើកឡើងពីខាងដើម ការនិយាយបដិសេធជាការប្រកាន់គោលជំហរដ៏រឹងមាំមួយរបស់អ្នក។ អ្នកនឹងត្រូវបានគេឲ្យតម្លៃនៅពេលដែលអ្នកចេះឆ្លើយបដិសេធឲ្យត្រូវកាលៈទេសៈ ព្រោះចម្លើយបដិសេធរបស់អ្នកវាបង្កប់អត្ថន័យវិជ្ជមានយ៉ាងមានតម្លៃបំផុត។ ពេលអ្នកធ្វើបែបនេះ មនុស្សនៅជុំវិញខ្លួនអ្នកនឹងដឹងច្បាស់ថាអ្នកមិនមែនជាមនុស្សងាយ ជាមនុស្សដែលអាចអូសទាញបានតាមចិត្តដោយគ្រាន់តែថ្នូរអ្វីមួយនោះទេ បើពេលណាមួយដែលអ្នកប្រើពាក្យថា Yes នោះចម្លើយ Yes របស់អ្នកនឹងមានតម្លៃបំផុត។
វាក៏ជាសុជីវធម៌ដ៏ធំមួយក្នុងការដែលអ្នកប្រើចម្លើយបដិសេធទៅកាន់ការអញ្ជើញ ឬជូនកាដូអ្វីមួយពីនរណាម្នាក់ពិសេសការជូនដោយពុំមានហេតុផលសមរម្យ។ អ្នកមិនបានធ្វើឲ្យខូចខាត ឬបំផ្លាញទំនាក់ទំនងណាមួយឡើយ ព្រោះអ្នកដឹងពីអ្វីដែលគួរទទួល អ្វីមិនគួរទទួល អ្នកមិនមែនជាមនុស្សដែលចង់បានមិនមើលមុខមើលក្រោយនោះទេ ហើយអ្នកក៏មិនអាចឲ្យនរណាម្នាក់វាយតម្លៃអ្នកលើបញ្ហានេះដែរ៕
ដោយ៖ យ៉ាយ៉ា