ការអប់រំបុត្រធីតាសំខាន់ណាស់ ហើយបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការលើកយកមកជជែក​



កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្មវិធីសិក្ខាសាលាមួយស្តីពី “វិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក” ដែលកម្មវិធីសិក្ខាសាលានោះរៀបចំឡើងដោយបុរីប៉េង ហួត និងប្រព្រឹត្តិទៅនៅការិយាល័យលក់របស់បុរីប៉េង ហួត បឹងស្នោរផ្ទាល់។  

នេះជាកម្មវិធីសិក្ខាសាលាដ៏មានអត្ថន័យមួយដែលផ្តោតសំខាន់លើការអប់រំបុត្រធីតា និងការចិញ្ចឹមបីបាច់ពួកគាត់ឲ្យស្របតាមដំណើរលូតលាស់ធម្មជាតិរបស់គេ។ សិក្ខាសាលានេះត្រូវបានអញ្ជើញចូលរួមជាវាគ្មិនដោយលោក Christopher Lee ស្ថាបនិកនៃ HEDC International រួមជាមួយលោក អ៊ុក វីឡា នាយកគ្រប់គ្រងផ្នែកធនធានមនុស្សនិងប្រតិបត្តិនៃក្រុមហ៊ុន ប៉េង ហួតហ្រ្គុប។

 

លោក អ៊ុក វីឡា នាយកគ្រប់គ្រងផ្នែកធនធានមនុស្សនិងប្រតិបត្តិនៃក្រុមហ៊ុន ប៉េង ហួតហ្រ្គុប បានមានប្រសាសន៍ថា ភាពរីកចម្រើនរបស់បុរីប៉េង ហួតនៅពេលនេះបានមកពីការអភិវឌ្ឍ និងភាពមាំទាំផ្នែកធនធានមនុស្ស។ 

លោក Christopher Lee ស្ថាបនិកនៃ HEDC International ជាវាគ្មិនក្នុងកម្មវិធីបានមានប្រសាសន៍ថា ភាពរីកចម្រើនលូតលាស់របស់កូនពឹងផ្អែកសំខាន់បំផុតលើការអប់រំរបស់ឪពុកម្តាយ និងក្រុមគ្រួសារ។ លោកបានបន្តថា មានមនុស្សមួយចំនួនពេលនេះពួកគេបានផ្លាស់ប្តូរធម្មជាតិលើការអប់រំកូន មិនយកចិត្តទុកដាក់លើការប្រៀនប្រដៅផ្តល់ដំបូន្មាននានា ដោយយកលេសថាពួកគេមមាញឹកខ្លាំងណាស់ជាមួយការងាររបស់ពួកគេ។ ឪពុកម្តាយទាំងនោះបានយកភាពទទួលខុសត្រូវរបស់ខ្លួនទៅទម្លាក់នៅសាលារៀន ដោយគិតថានៅសាលាមានគ្រូចាំអប់រំប្រៀបប្រដៅហើយ តែពួកគាត់ភ្លេចគិតថាគ្រូម្នាក់ត្រូវទទួលបន្ទុកសិស្សច្រើននាក់ ពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដាន ហាត់ពត់លត់ដំចរិតកូនៗរបស់អ្នកឲ្យល្អបានមួយរយភាគរយទេ។

លោកសាស្រ្តាចារ្យក៏បានធ្វើការលើកឡើងទៀតថា៖ “កូនរបស់អ្នកមិនអាចក្លាយទៅជានាយកប្រតិបត្តិ ក្លាយទៅជាអ្នកដឹកនាំ ឬបុគ្គលជោគជ័យដោយសារតែការរៀន និងការអប់រំនៅសាលាមួយមុខទេ តែជាការពិតដែលពួកគេនឹងក្លាយជាបុគ្គលដ៏ល្អម្នាក់ ដោយទទួលបានការអប់រំប្រៀបប្រដៅយ៉ាងល្អពីគ្រួសារពិសេសឪពុកម្តាយ។ ការបង្រៀនកូនតាមច្បាប់ដែលធម្មជាតិបានកំណត់ ការស្វែងយល់ពីកូន រួមនិងការផ្តល់ភាពកក់ក្តៅដល់កូនជាអ្វីដែលឪពុកម្តាយគ្រប់រូបត្រូវធ្វើជាដាច់ខាត”

បើអ្នកចង់ឲ្យកូនរបស់អ្នកក្លាយជាអ្វីមួយនាពេលអនាគត ធ្វើជាគំរូឲ្យគេមើលទៅ ឧទាហរណ៍ថាបើអ្នកចង់ឲ្យកូនប្រុសរបស់អ្នកចេះស្រលាញ់ក្រុមគ្រួសារ និងភរិយារបស់គេ ក្នុងនាមជាឪពុកត្រូវធ្វើជាគំរូល្អក្នុងការមើលថែភរិយារបស់អ្នក ធ្វើជាឪពុកល្អដែលផ្តល់ដំបូន្មាននិងការអប់រំដល់ពួកគេជានិច្ច លោក Lee បានបញ្ជាក់។ ក៏នៅមានការចែករំលែកចំណេះដឹងជាច្រើនទៀតផ្តល់ដល់មាតាបិតា និងអ្នកត្រៀមក្លាយជាមាតាបិតាមួយចំនួនដែលលោក Lee បានធ្វើការចែករំលែក ហើយទាំងនោះសុទ្ធសឹងជាចំណេះដឹងដ៏មានប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកចូលរួម។ 

ក្នុងកម្មវិធីសិក្ខាសាលាមួយនេះមានការចូលរួម និងចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវអ្នកស្តាប់ព្រោះនេះជាប្រធានបទល្អសម្រាប់មាតាបិតាដើម្បីចញ្ចឹម អប់រំកូនៗ។ មានមតិអ្នកចូលរួមមួយចំនួនបានលើកឡើងថា ដោយសារសព្វថ្ងៃគាត់មានភាពមមាញឹកជាមួយការងារ មិនសូវជាមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែ និងផ្តល់ភាពកក់ក្តៅដល់កូន ដែលវាបានធ្វើឲ្យគាត់មានភាពខ្វះខាតមួយចំនួនដើម្បីស្និតស្នាលជាមួយកូន ហើយគាត់សង្ឃឹមថាគាត់អាចយកបទពិសោធន៍ពីសិក្ខាសាលាមួយនេះដើម្បីជាចំណេះក្នុងការអប់រំកូនឲ្យបានល្អ។

គួររម្លឹកផងដែរថា នេះជាសិក្ខាសាលាលើកទី ២ ហើយដែលបុរីប៉េង ហួតបានរៀបចំឡើង ដោយលើកទីមួយធ្វើឡើងក្រោមប្រធានបទ “ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ” ដែលរៀបចំឡើងនៅ CJCC៕

ដោយ៖  យ៉ាយ៉ា

 

X
5s