ពលរដ្ឋ​ខ្មែរ​ជាង​៥០%​ក្នុង​ចំណោម​៥ពាន់​គ្រួសារ​ត្រូវ​បាន​រងគ្រោះ​ដោយ​ការ​ខ្ចី​ប្រាក់​ថែទាំ​សុខភាព​



តាម​រយៈ​របាយការណ៍​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ  University of New South Wales (UNSW) នៅ​ចក្រភព​អង់គ្លេស បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​ប្រជាជន​ចំនួន ៥០០០គ្រួសារ ទូទាំង​ប្រទេស​កម្ពុជា​ និង​បាន​រក​ឃើញ​ថា មាន​ប្រជាជន​ប្រមាណ​ ២៨,១ភាគរយ បាន​ខ្ចី​ប្រាក់​ដើម្បី​ថែទាំ​សុខភាព ហើយ​ក្នុង​ចំណោម​ប្រជាជន ​៥៥ភាគរយ ​ដែល​បាន​ខ្ចី​  ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​កម្ចី​ទាំង​នោះ។

របាយការណ៍​ខាង​លើ​បាន​បង្ហាញ​ថា កម្ចី​ជា​មធ្យម​មាន​ចំនួន​១២៥ដុល្លារអាមេរិក ដោយ​ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន ២០០ដុល្លារ មាន​អត្រា​ការប្រាក់​ ខណៈ​៧៥ដុល្លារ​ទៀត​មិន​មាន​អត្រា​ការប្រាក់​។ ជា​មធ្យម​ក្នុង​ការ​សង​កម្ចី​មាន​រយៈពេល ៨ខែ ប៉ុន្តែ​សម្រាប់​គ្រួសារ​ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​សង​កម្ចី​នេះ មាន​៧៨ភាគរយ​បាន​ចំណាយ​រយៈពេល​រហូត​ដល់​ជាង​១២ខែ។

បើ​តាម​លោក Augustine Asante សហ​ដឹកនាំ​ការនិពន្ធ សាលា​សុខភាព​សាធារណៈ និង​វេជ្ជសាស្ដ្រ​សហគមន៍​នៅ​សាកលវិទ្យាល័យ UNSW Sydney បាន​លើក​ឡើង​ថា «ថវិកា​២០០ដុល្លារ ជា​ចំនួន​ច្រើន​ណាស់​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​ចំណូល​សេដ្ឋកិច្ច​ទាប។ ប្រសិន​បើ​អ្នក​រស់នៅ​ប្រទេស​អូស្ត្រាលី អ្នក​ប្រហែល​ជា​គិត​ថា​លុយ​២០០ដុល្លារ​មិន​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា វា​ស្មើ​នឹង​៧ភាគរយ​នៃ​ប្រាក់​ចំណូល​គ្រួសារ​ប្រចាំ​ឆ្នាំ​។ វា​ជា​ការ​ពិត​ដែល​ភាព​ក្រីក្រ​ត្រូវ​បាន​ចាត់​ទុក​ជា​ចំណុច​សំខាន់ នៅ​ពេល​វា​ចូល​មក​កំណត់​លើ​ហិរញ្ញប្បទាន​សុខភាព​ ព្រោះ​គ្រួសារ​ក្រីក្រ​ភាគច្រើន​បាន​ខ្ចី​ប្រាក់​ដែល​មាន​អត្រា​ការប្រាក់»

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការអនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិន​មាន​ប្រភេទ​កម្ចី​សម្រាប់​ការ​ព្យាបាល​ជំងឺ​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា​នៅ​តំបន់​ជនបទ​តែងតែ​ប្រើប្រាស់​ផ្នែក​មួយ​នៃ​កម្ចី​សម្រាប់​ការ​ព្យាបាល​របស់​ពួកគេ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិត​ថា ការយក​កម្ចី​ណាមួយ​មិន​មានន័យថា អាក្រក់ ឬ​ល្អ​នោះ​ទេ ដោយសារ​តែ​ពួកគេ​កំពុង​ស្ថិត​ក្នុង​តម្រូវការ ថា​តើ​សម្រាប់​អាជីវកម្ម ឬ​សម្រាប់​ការប្រើប្រាស់​លក្ខណៈ​បុគ្គល​?» នេះ​បើ​តាម​បទ​សម្ភាសន៍​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ពេល​កន្លង​ទៅ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s