នេះជាមេរៀនដ៏មានតម្លៃសម្រាប់អាជីពការងារដែលអ្នកគួររៀនសូត្រនៅពេលអ្នកនៅក្មេង
នៅពេលអ្នកនៅក្មេង អ្នកគួររៀនធ្វើការឲ្យបានល្អជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈ និងចំណេះដឹងផ្សេងៗគ្នាតាមដែលអាចធ្វើទៅបាន។ ជាមួយនឹងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាដូចជា មនុស្សយន្ត និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការងារសម្រាប់មនុស្សសម័យថ្មីនៅពេលអនាគត តម្រូវឲ្យមានភាពវៃឆ្លាតខាងបញ្ញាស្មារតីដែលគេហៅថា EQ (Emotional Quotient) ខ្ពស់ដែលអាចយល់ និងចេះធ្វើការបានយ៉ាងល្អជាមួយអ្នកដទៃ។ ដើម្បីអាចអភិវឌ្ឍជំនាញនេះបាន អ្នកត្រូវការពេលវេលាសិក្សាស្វែងយល់ និងការខិតខំប្រឹងប្រែងក្នុងពេលជាមួយគ្នា។
១.កុំមើលរំលងវិស័យសេវាកម្ម
ចំណេះដឹង EQ របស់អ្នកខ្ពស់ឬទាប ខ្លាំងឬខ្សោយគឺអាស្រ័យថា តើអ្នកបានផ្តល់បទពិសោធន៍ជីវិតរបស់អ្នកទាំងក្មេងខ្ចីជាមួយនឹងការវឹកហាត់នឹងការងារខាងក្រៅបានច្រើនកម្រិតណា។ មនុស្សដែលខ្លាំងខាង EQ ភាគច្រើនជាមនុស្សដែលហែលឆ្លងកាត់ និងប្រឡូកក្នុងសង្គមការងារច្រើនជាពិសេសក្នុងវិស័យសេវាកម្ម ដូចជារៀនធ្វើការជាអ្នកលក់បាយ អ្នកបម្រើ អ្នកទទួលភ្ញៀវ អ្នកបោសសម្អាត អ្នកលាងឡាន អ្នកដឹកជញ្ជូន និងការងារជាច្រើនទៀតរាប់ពីតូចទៅធំដោយមិនរុញរាដើម្បីក្តីសង្ឃឹមអភិវឌ្ឍអាជីពការងារនៅពេលខាងមុខ។
ពេញមួយអាជីពរបស់អ្នក អ្នកត្រូវរកវិធីបែបណាដើម្បីឲ្យការងារនោះបានសម្រេច និងទទួលបានលទ្ធផលដ៏អស្ចារ្យដែលឆ្ពោះទៅរកគោលដៅរបស់អ្នកតាមរយៈបទពិសោធន៍ដែលអ្នកបានជួបជាមួយក្រុមមនុស្សផ្សេងៗគ្នា។ ប្រើបទពិសោធន៍របស់អ្នកដែលអ្នកទទួលបានពីបទពិសោធន៍ការងារជាមួយក្រុមមនុស្សទាំងនោះ ហើយបន្តឆ្ពោះទៅកាន់ទីតាំងថ្មីដែលខ្ពស់ជាងនេះ។
២.ត្រូវចេះ និងរៀនធ្វើការក្នុងជំនាញផ្សេងៗទៀតក្រៅពីជំនាញអាជីពរបស់អ្នក
ដំបូន្មានមួយទៀតសម្រាប់យុវជនក្មេងៗនោះគឺថា នៅក្នុងអាជីពការងាររបស់អ្នក អ្នកត្រូវបង្កើនបទពិសោធន៍ និងប្រសិទ្ធភាពសម្រាប់អាជីពណាមួយដែលជាជំនាញរបស់អ្នក ហើយរៀនជំនាញផ្សេងៗទៀត។ អ្នកគួររៀនអង្កេតមើលថា តើ CEO ប្រធានក្រុមហ៊ុន ឬបុគ្គលផ្សេងៗដែលដឹកនាំស្ថាប័នកំពូលៗណាមួយនៅក្នុងសង្គមរបស់អ្នកបានហែលឆ្លងកាត់អ្វីខ្លះមុននឹងបានក្លាយជាប្រធានដឹកនាំស្ថាប័នទាំងនោះ? តើយុវជនក្មេងៗគួរត្រៀមខ្លួនបែបណាដើម្បីក្លាយជាអ្នកដឹកនាំគេ?
កាលពីសម័យមុន អ្នកអាចចេះជំនាញណាមួយគឺគ្រប់គ្រាន់ អាចរស់ស្រួលបានហើយ។ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ត្រឹមចេះតែជំនាញណាមួយនោះ វាមិនគ្រប់គ្រាន់ទេ ហើយវាកាន់តែលំបាកថែមទៀតប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំគេដូចជា CEO ឬប្រធានក្រុមហ៊ុនជាដើម។
អាជីពការងារនៅយុគសម័យបច្ចេកវិទ្យានេះទោះបីជាអ្នកបម្រើក្នុងស្ថាប័ន ឬមុខតំណែងអ្វីក៏ដោយ អ្នកត្រូវរៀនសូត្រតាំងពីតំណែងតូចតាច និងមុខតំណែងច្រើនប្រភេទជាមុនសិន។ អ្នកត្រូវរៀនធ្វើការជាមួយមនុស្សគ្រប់ប្រភេទ ចេះរបៀបទំនាក់ទំនងជាមួយអតិថិជន រៀនទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នា ចេះជំនាញចរចា ការសម្រេចចិត្ត ពូកែដោះស្រាយបញ្ហា ជំនាញគ្រប់គ្រងពេលវេលា ចេះលក់ ចេះជំនាញគណនេយ្យ វិនិយោគ ច្បាប់ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ហើយជាពិសេសនោះគឺមានភាពច្នៃប្រឌិត និងពូកែខាងបញ្ញាស្មារតី (EQ) តែម្តង។
អ្នកអាចតម្រូវទិសលើអាជីពការងាររបស់អ្នកជាសំខាន់ ហើយបន្ទាប់មករៀនជំនាញផ្សេងៗទៀតជាមួយគ្នានេះ។ អ្នកមិនអាចចេះត្រឹមតែការងាររបស់អ្នកឡើយ។ ដោយហេតុតែបច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុដូច្នេះអ្នកត្រូវចេះបទបែន និងអភិវឌ្ឍខ្លួនជានិច្ច ហើយកុំភ្លេចរៀនសូត្រអ្វីៗថ្មីៗជាប្រចាំ។ សូមចាំថា ពិភពលោកនេះផ្លាស់ប្តូរលឿនណាស់។ ការងារ ឬគំនិតដែលល្អថ្ងៃនេះ មិនប្រាកដថា នឹងល្អស័ក្តិសមសម្រាប់អ្នកនៅក្នុងរយៈពេល ១០ ឬ ២០ឆ្នាំក្រោយឡើយ៕
ប្រភព៖ Entrepreneur