ស្ថាបនិកភូមិផ្កា៖ មុនបើកអាជីវកម្មសហគ្រិនគួរភ្ជាប់ខ្លួនជាមួយសង្គមឲ្យបានច្រើន
បើកអាជីវកម្មមួយឲ្យដំណើរការ មិនមែនជារឿងលេងសើចគិតភ្លាមធ្វើវាភ្លាម និងរំពឹងទទួលបានលទ្ធផលភ្លាមៗទេ។ មានគំនិតអាជីវកម្មជាចំណុចចំបងដែលសហគ្រិនត្រូវមាន តែអ្វីដែលត្រូវមានលើសពីនោះគឺទិន្នន័យពាក់ព័ន្ធនឹងអតិថិជនដែលរាប់បញ្ចូលទាំងចំណង់ចំណូលចិត្ត កត្តាជីវភាព បំលាស់ប្តូរស្ទាយនៃការរស់នៅ (Change of Life Style) រួមទាំងចំណេះជំនាញមួយចំនួនទៀតក្នុងការដឹកនាំអាជីវកម្មនោះ។
ស្ថាបនិកអាជីវកម្មភូមិផ្កា កញ្ញា ផល្លី ស្រីរ៉ុង ជាសហគ្រិនវ័យក្មេងប្រលូកចាប់បង្កើតអាជីវកម្មតាំងពីនាងនៅជានិស្សិតសកលវិទ្យាល័យ។ ស្រីរ៉ុង បានរៀបរាប់ប្រាប់ក្រុមការងារ BizKhmer ពីការបើកហាងផ្ការបស់នាងថា ដោយសារនាងជាយុវតីមួយរូបបើកអាជីវកម្មចេញពីក្តីស្រមៃនិងការស្រលាញ់ តែមិនមានការគាំទ្រពីក្រុមគ្រួសារឡើយព្រោះពួកគាត់យល់ថានាងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់នៅឡើយ។ ដោយសារការប្រឆាំងរបស់ក្រុមគ្រួសារធ្វើឲ្យនាងព្យាយាមបញ្ជូនខ្លួនឯងចូលរួមក្នុងសង្គម ជួបម្ចាស់អាជីវកម្មជាច្រើនដែលមានបទពិសោធន៍ដើម្បីជាការរៀនសូត្រ និងទទួលបានចំណេះដឹងពាក់ព័ន្ធនឹងការដឹកនាំអាជីវកម្ម។ ពេលដំបូងបំផុតគឺនាងបានចូលរួមក្នុងកម្មវិធីក្លាហាន ៩ ក៏ជាពេលមួយដែលនាងអាចទទួលបានការបណ្ដុះបណ្ដាលច្រើនទាក់ទងនឹងគំនិតអាជីវកម្ម ការរៀបចំផែនការហិរញ្ញវត្ថុ និងការគ្រប់គ្រងមួយចំនួនទៀត។
ការលក់ផលិតផល ឬសេវាកម្មរបស់អាជីវកម្មមួយអាចមានភាពរីកចម្រើនធំធាត់ក៏អាស្រ័យមានការគាំទ្រពីអតិថិជន ហើយអ្នកដែលនឹងគាំទ្រអាជីវកម្មរបស់យើងមុនពេលក្នុងពេលចាប់ដំណើរការដំបូងក៏គ្មាននរណាក្រៅពីមនុស្សដែលយើងស្គាល់នោះដែរ។ បើរំពឹងត្រឹមបងប្អូន ក្រុមគ្រួសារតើអាចបំពេញសេចក្តីត្រូវការចង់ឲ្យអាជីវកម្មមួយនេះរីកចម្រើនបានឬទេ ចម្លើយគឺមិនគ្រប់គ្រាន់ទេ ហេតុដូច្នេះហើយក្រៅពីក្រុមគ្រួសារ មិត្តរួមសាលា មិត្តរួមការងារ គឺមនុស្សនៅក្នុងសង្គមដែលអ្នកបានភ្ជាប់ទំនាក់ទំនងនោះហើយជាអ្នកជួយជ្រោមជ្រែងជីវិតអាជីវកម្មអ្នក។
មួយវិញទៀត ការប្រលូកក្នុងសង្គមមុនពេលសម្រេចចិត្តចាប់យកអាជីវកម្មមួយ អាចចាត់ទុកថាជាការដើរប្រមូលទិន្នន័យពីតម្រូវការអតិថិជន ការស្ទាបស្ទង់ពីស្ថានភាព និងបរិយាកាសសង្គមថាតើអ្វីដែលជាគំនិតអាជីវកម្មមួយនេះវាអាចផ្គូផ្គងត្រូវជាមួយតម្រូវការដែរឬទេ បើត្រូវវាអាចត្រូវប៉ុន្មានភាគរយក្នុងការដែលអាចធ្វើឲ្យអាជីវកម្មនេះមានលទ្ធភាពដើរទៅមុខបាន។ បើក្នុងករណីគំនិតមួយនេះមិនបានផ្គូផ្គងជាមួយតម្រូវការតើយើងគួរមានវិធីសាស្ត្រយ៉ាងណាផ្លាស់ប្តូរវាចេញ មានផ្លូវណាដែលល្អ ងាយស្រួលដើរជាងនេះហើយធ្វើឲ្យខ្លួនយើងឈានទៅដល់គោលដៅដែលបានកំណត់ ឬយើងត្រូវបញ្ឈប់វាតែម្តង។
យុវតីរូបស្រស់ស្រីរ៉ុង ក៏បានបន្ថែមដែរថាការចូលប្រឡូកក្នុងសង្គមជារឿងសំខាន់ដែលមនុស្សគ្រប់រូបត្រូវធ្វើ មិនមែនចាំទាល់តែសហគ្រិនឬចង់បើកអាជីវកម្មទើបត្រូវស្គាល់សង្គមទេ ព្រោះថាការនៅម្នាក់ឯងផ្តាច់ខ្លួនពីសង្គមយើងមិនអាចអភិវឌ្ឍខ្លួនឯងបានទេ។ ជួបមនុស្សច្រើនស្គាល់របៀបនៃការរស់នៅក៏ច្រើន ចេះពីរបៀបទំនាក់ទំនងក៏កាន់តែច្រើន មានឱកាសផ្លាស់ប្តូរចំណុចខ្វះខាតរបស់ខ្លួនក៏បានកាន់តែច្រើន។
គួរបញ្ជាក់ដែរថា សម្រាប់ផល្លី ស្រីរ៉ុង នាងមិនត្រឹមតែចូលរួមក្នុងកម្មវិធីក្លាហាន ៩ ប៉ុណ្ណោះទេ តែនៅមានការងារសង្គមដែលនាងបានធ្វើដូចជា ចូលរួមការងារស្ម័គ្រចិត្តតាមអង្គការ ស្ម័គ្រចិត្តក្នុងការរៀបចំកម្មវិធីដែលរៀបចំដោយក្រុមយុវជន កម្មវិធីសប្បុរសធម៌នានាជាច្រើនសុទ្ធសឹងជាបណ្ដាញល្អៗដែលនាងអាចមានឱកាសអភិវឌ្ឍខ្លួនបានរហូតមកដល់សព្វថ្ងៃនេះ៕
ដោយ៖ យ៉ាយ៉ា