ស្ថាបនិកហ្គេមអាស្វា៖ ៥ ចំណុចដែលខ្ញុំអាចចាប់ផ្តើមពីសូន្យរហូតមានអាជីវកម្មមួយនេះ​



បើនិយាយពី ហ្គេម អាស្វា ប្រហែលមានអ្នកអាចស្គាល់ច្រើន តែមិនប្រាកដថាមានអ្នកដឹងថា អាស្វា បង្កើតឡើងដោយនរណា ទម្រាំអាចវិវត្តខ្លួនមកដល់ពេលនេះតើអ្នកបង្កើតហ្គេមអាស្វានេះជួបការលំបាកអ្វីខ្លះ?

លោក អៀ អ៊ុយ ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Osja Studio ជាកូនខ្មែរដំបូងគេដែលបង្កើតហ្គេមមានរំលេចនូវវប្បធម៌ខ្មែរ ទីតាំង សំលេង ភ្លេង និងការរចនានានាជាលក្ខណៈខ្មែរ។ លោកអ៊ុយ បានមានប្រសាសន៍ថាអាជីវកម្មមួយនេះវាកើតឡើងដោយការស្រលាញ់ និងការចូលចិត្តលេងហ្គេមរបស់លោក ពេលខ្លះលេងរហូតជក់ភ្លេចទៅរៀនក៏មាន។ បន្ទាប់មកលោកក៏បានប្រមូលគ្នាជាមួយមិត្ត ៤ ទៅ ៥នាក់ដែលជាអ្នកចូលចិត្តលេងហ្គេមដូចគ្នាបង្កើតហ្គេមដោយខ្លួនឯង តែពេលនោះអ្វីដែលជាឧបសគ្គធំគឺមិនចេះអ្វីសោះដើម្បីធ្វើការងារមួយនេះព្រោះគ្រាន់តែជាអ្នកចេះ និងចូលចិត្តលេងហ្គេម។ 

លោក អៀ អ៊ុយ ក៏បានលើកឡើងបន្ថែមថា មិនថាឧបសគ្គយ៉ាងណាលោកនៅតែខំប្រឹងជំនះព្រោះពេលចាប់បង្កើតហ្គេមទីមួយចំណាយពេលអស់មិនតិច ហើយដាក់លក់ក្នុង App Store អង្គុយចាំគេទិញក៏គ្មានអ្នកទិញទៀត ដូច្នេះបទពិសោធន៍ឈឺចាប់ច្រើន។ តែអ្វីដែលលោកអាចឈានមកដល់ថ្ងៃនេះបានគឺ ៥ ចំណុចខាងក្រោមនេះ៖

១) ចំណង់ចំណូលចិត្តនិងការស្រលាញ់
លោកអ៊ុយ មិនអាចប្រកែកបានទេថាលោកស្រលាញ់ហ្គេម និងចូលចិត្តវាខ្លាំង ដូចកាលពីលោកនៅក្មេងចេះត្រឹមតែលេងនោះមានពេលខ្លះឈរមើលគេលេង ហើយទៅដណ្តើមគេលេងទៀត។ អាជីវកម្មមួយដែលអាចសម្រេចបានដល់គោលដៅគឺអាស្រ័យលើការស្រលាញ់របស់សហគ្រិន ឃើញវា នៅជាមួយវា ចង់បង្កើតវាទោះហត់យ៉ាងណាក៏នៅតែចង់បន្ត នោះហើយដែលជាអាជីវកម្មពិតប្រាកដដែលអ្នកត្រូវចាប់យក លោកអ៊ុយបានរៀបរាប់ដូច្នេះ។

២) ផ្តោត
ការផ្តោតអារម្មណ៍ ផ្ចង់គំនិតក្នុងការបង្កើតអាជីវកម្មជាជំហានបន្ទាប់ដែលសហគ្រិនគួរ និងត្រូវធ្វើបន្ទាប់ពីដឹងថាខ្លួនឯងស្រលាញ់ និងចូលចិត្តអ្វី។ សហស្ថាបនិកអាស្វារូបនេះបញ្ជាក់ថា ទោះបីចិត្តស្រលាញ់យ៉ាងណា ចូលចិត្តការងារនោះប៉ុនណាបើអ្នកមិនផ្ចង់អារម្មណ៍ដើម្បីបង្កើតវាទេ នោះអ្នកគ្មានថ្ងៃទទួលបានក្តីស្រមៃដែលអ្នកចង់បានឡើយ។ មួយវិញទៀតផ្តោតក្នុងចំណុចនេះក៏សំដៅដល់ជំនាញ និងសមត្ថភាពរបស់យើងដែរថា សមត្ថភាពយើងមានកម្រិតណា ទីផ្សារកំពុងមានតម្រូវការលើផ្នែកអ្វី បើអ្នកលោតខ្ពស់ចង់ធ្វើអ្វីដែលធំហួសពេកវាអាចធ្វើឲ្យអ្នកធ្លាក់ទាំងមិនទាន់ទៅដល់គោលដៅក៏ថាបាន។

៣) ក្រុមការងារ
វាជាចំណុចសំខាន់មួយដែលអាជីវកម្មត្រូវការក្រុមការងារជាចាំបាច់ ព្រោះគ្មានម្ចាស់អាជីវកម្មណាដែលអាចដំណើរការអ្វីៗបានដោយខ្លួនឯងមួយរយភាគរយទេ បើមិនដោយសារកម្លាំងក៏បុគ្គលនោះអាចនឹងសុញគំនិតក្នុងការបន្តដំណើរទៅមុខទៀតដែរ។ ជាក់ស្តែងក្រុមការងាររបស់លោកពេកដំបូងគឺប្រមូលផ្តុំគ្នាសុទ្ធតែអ្នកចូលចិត្ត និងចេះលេងហ្គេម បើមិនចេះលេងទេគែថាមិនត្រូវការតែម្តង។ 

៤) ត្រៀមរួចរាល់ បាញ់ និងតម្រង់
ក្នុងចំណុចនេះវាហាក់រៀងប្លែកបន្តិច ព្រោះមនុស្សភាគច្រើនគឺត្រៀមរួចរាល់ តម្រង់គោលដៅរួចទើបបាញ់ តែសម្រាប់លោក បើលោកចាំតម្រង់ដើម្បីបាញ់គោលដៅប្រហែលមកទល់ពេលនោះក៏លោកមិនអាចរកគោលដៅឃើញផង។ អ្វីដែលលោកត្រូវធ្វើគឺលោកស៊ូបាញ់ទៅសិន បើមានអ្វីដែលផុសចេញមក នោះហើយជាគោលដៅដែលលោកត្រូវចាប់យកដើម្បីធ្វើដំណើរបន្ទាប់។

៥) រៀន ធ្វើវាឲ្យបានលទ្ធផល និងព្យាយាមអភិវឌ្ឍ
ខណៈដែលលោកអាចចាប់យកបួនចំណុចខាងលើរួចមកអ្វីដែលសំខាន់បន្ទាប់គឺរៀន (Learn) រៀនហើយធ្វើ (Do it, do it and do it) បើមិនចាប់ផ្តើមធ្វើទេមានអ្វីដែលជាលទ្ធផល មិនថាលទ្ធផលនោះល្អឬអាក្រក់គឺត្រូវតែធ្វើ។ បើយើងអាចទទួលបានលទ្ធផលល្អ ពេលនោះយើងអាចវាស់ស្ទង់សមត្ថភាពខ្លួនឯងបានថាយើងអាចធ្វើវាបានល្អ តែបើនៅខ្វះខាតឬស្ទើរយើងនឹងដឹងខ្លួនឯងថាចំណុចណាដែរយើងត្រូវកែប្រែ។ បន្ទាប់ពីនោះគឺការអភិវឌ្ឍ ព្រោះយើងកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល យើងមិនអាចបណ្ដោយខ្លួនឲ្យរស់តាមបែបដដែលៗបានទេបើគ្មានការអភិវឌ្ឍគឺស្មើនឹងស្លាប់ នេះជាអ្វីដែលស្ថាបនិកហ្គេមអាស្វាបានលើកឡើង៕

ដោយ៖ យ៉ាយ៉ា

 

X
5s