ធាតុសំខាន់ៗ ៧ យ៉ាងដែលផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកទៅជាផ្នត់គំនិតអាជីវកម្ម
ការអភិវឌ្ឍខ្លួនឯងពិតជារឿងសំខាន់ ហើយប្រសិនបើអ្នកសម្រេចចិត្តធ្វើការដើម្បីខ្លួនអ្នកនោះមានន័យថាអ្នកបានជ្រើសរើសផ្លូវដ៏ត្រឹមត្រូវហើយ។ រឿងសំខាន់ដែលត្រូវដឹងគឺថាអាជីវកម្មរបស់អ្នកពិតជាអាចក្លាយជារឿងអស្ចារ្យ ប្រសិនបើអ្នកដាក់ពេលវេលា និងការខិតខំប្រឹងប្រែងគ្រប់គ្រាន់។ នេះជាធាតុសំខាន់ៗទាំង៧ ដែលអាចផ្លាស់ប្ដូរផ្នត់គំនិតអាជីវកម្មរបស់អ្នក ៖
១) ផ្នត់គំនិត
របៀបដែលអ្នកគិតនឹងកំណត់ពីភាពជោគជ័យរបស់អ្នក។ ដូចនេះអ្នកត្រូវផ្លាស់ប្ដូររបៀបគិត ឬផ្នត់គំនិតរបស់អ្នកជាមុនសិន។ សហគ្រិនគឺជាបុគ្គលដែលហ៊ានប្រឈមនឹងគ្រោះថ្នាក់ជាងបុគ្គលធម្មតា។
អ្នកគួរតែយល់ថាអ្នកជាមនុស្សម្នាក់ដែលសម្រេចចិត្តនូវវិធីដែលអ្នកគិត និងធ្វើពេញមួយជីវិត។ អាស្រ័យលើអ្នកមានអាកប្បកិរិយាជាក់លាក់ចំពោះបញ្ហានេះប៉ុណ្ណា។ ប្រសិនបើអ្នកឃើញថាអ្វីដែលអ្នកកំពុងធ្វើឬរបៀបដែលអ្នកកំពុងគិតមិនត្រឹមត្រូវ អ្នកត្រូវប្ដូរវាជាបន្ទាន់។
២) ការប្តេជ្ញាចិត្ត
បុគ្គលិកលក្ខណៈសំខាន់បំផុតមួយរបស់សហគ្រិនជោគជ័យគឺការប្តេជ្ញាចិត្ត។ វាមិនគ្រាន់តែមានភាពរឹងមាំគ្រប់គ្រាន់ មិនថាអ្នកស៊ូទ្រាំនឹងឧបសគ្គដែលអ្នកជួបប្រទះប៉ុណ្ណានោះទេ ប៉ុន្តែគួរតែត្រៀមនិងមានការតាំងចិត្តឲ្យបានជាប់លាប់ដែរ។ ការរៀបចំផែនការដើម្បីភាពជោគជ័យគឺពិតជាសំខាន់ខ្លាំងណាស់ដើម្បីភាពជោគជ័យ។
ប្រសិនបើអ្នកមានការតាំងចិត្ត អ្នកប្រាកដជាមានជំហររឹងមាំ និងធ្វើកិច្ចការសំខាន់ដើម្បីសម្រេចរឿងអស្ចារ្យក្នុងជីវិត។ គ្មានមនុស្សជោគជ័យទាំងឡាយណាដែលអង្គុយហើយរង់ចាំភាពជោគជ័យហោះមកនោះទេ ប៉ុន្តែអ្នកត្រូវងើបគូទហើយធ្វើការ។
៣) ទំនាក់ទំនង
អាជីវកម្មគឺនិយាយអំពីទំនាក់ទំនង។ ការកសាងទំនាក់ទំនងដ៏ល្អនិងស្អិតល្មួតគឺជាភាពសំខាន់ខ្លាំងណាស់ដើម្បីជោគជ័យទាំងក្នុងជីវិតអាជីវកម្មនិងជីវិតរស់នៅ។ ប្រសិនបើអ្នកចេះទំនាក់ទំនងជាមួយមនុស្ស មនុស្សនឹងទាក់ទងមកអ្នកវិញ។
សហគ្រិននិងអ្នកជំនួញដែលជោគជ័យច្រើនតែជាអ្នកដែលចេះបង្កើតទំនាក់ទំនង ព្រោះទាំងនេះមានសារៈសំខាន់ណាស់សម្រាប់កំណើននិងការរស់នៅ។ នៅពេលអ្នកបង្កើតទំនាក់ទំនងជាមួយនរណាម្នាក់អ្នកមិនត្រូវភ្លេចបង្កើតវាហើយបន្តអភិវឌ្ឍចំណងនេះតាមមធ្យោបាយណាមួយឡើយ បើមិនដូច្នោះទេវាអាចរសាត់ទៅតាមខ្យល់ហើយ។ ចំណងទំនាក់ទំនងរឹងមាំជាមួយគ្រួសារ មិត្តរួមការងារ មិត្តភក្តិ និងដៃគូអាជីវកម្មសុទ្ធតែសំខាន់ដូចគ្នា។
៤) ភាពជាអ្នកដឹកនាំ
តើភាពជាអ្នកដឹកនាំជាអ្វី? មានចម្លើយជាច្រើនសម្រាប់សំនួរមួយនេះ ហើយវាមានភាពខុសប្លែកគ្នាដោយសារតែដើម្បីក្លាយជាអ្នកដឹកនាំ វាទាមទាររឿងរ៉ាវជាច្រើន។ សហគ្រិនមានទំនួលខុសត្រូវច្រើន នៅពេលអ្នកជាអ្នកដឹកនាំអាជីវកម្មមួយ។
ភាពជាអ្នកដឹកនាំគឺនិយាយអំពីការហ៊ានប្រឈមមុខនឹងហានិភ័យនិងរក្សាក្រមសីលធម៌របស់និយោជិករបស់អ្នកឲ្យខ្ពស់។ ភាពជាអ្នកដឹកនាំជាការគិតឱ្យបានរហ័សនិងសម្របសម្រួលអ្វីៗគ្រប់យ៉ាងតាមរបៀបដែលមានប្រសិទ្ធភាពបំផុត។
ភាពជាអ្នកដឹកនាំគឺនិយាយអំពីការបង្រៀននិងការរៀនសូត្រ។ អ្នកជំនួញដែលជោគជ័យភាគច្រើនគឺជាអ្នកដឹកនាំដែលចេះសម្របខ្លួនប្រថុយប្រថានធ្វើសកម្មភាពលឿននិងមានសុទិដ្ឋិនិយម។
៥) ចំណេះដឹងអាជីវកម្ម
វាជាការភាន់ច្រឡំមួយថាសហគ្រិនដែលជោគជ័យគ្រប់គ្រងអាជីវកម្មរបស់ពួកគេបានល្អដោយសារពួកគេមានមន្តស្នេហ៍។ ចំណេះដឹងគឺជាអំណាច ហើយពាក្យនេះគឺជាការពិតនៅពេលគេនិយាយអំពីអាជីវកម្ម។
សហគ្រិនដែលពោរពេញទៅដោយចំណេះដឹងនឹងស្គាល់មុខជំនួញរបស់ពួកគេទាំងក្នុងនិងក្រៅបានយ៉ាងច្បាស់ ហើយមិនត្រឹមតែអាជីវកម្មខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែឧស្សាហកម្មនិងដៃគូប្រកួតប្រជែងផងដែរ។
ការពិតទៅអ្នកមិនអាចចេះអ្វីគ្រប់យ៉ាងនោះទេ ហេតុនេះហើយដែលអ្នកត្រូវការរៀបសូត្រជាប្រចាំ។ បទពិសោធន៍គឺសំខាន់ខ្លាំងណាស់ ប៉ុន្តែបទពិសោធន៍ដែលជាទ្រឹស្ដីគឺកាន់តែសំខាន់។ ដូចនេះអ្នកត្រូវការការអានសៀវភៅ ចូលរៀនវគ្គខ្លី និងអប់រំខ្លួនឯងឲ្យបានច្រើន។
៦) កុំទាន់បោះបង់
ភាពជាសហគ្រិនទាមទារការពុះពារហែលឆ្លងភាពលំបាក។ ពេញមួយជីវិតអ្នកនឹងត្រូវផ្លាស់ប្តូរទិសដៅជាច្រើនដង។ ប្រហែលជាអ្នកត្រូវផ្លាស់ប្តូរផែនការការងារ យុទ្ធសាស្រ្ត និងជីវិតរបស់អ្នក។ បន្តប្រយុទ្ធដើម្បីអ្វីដែលអ្នកស្រឡាញ់ និងសូមចងចាំថាអ្នកមានគោលដៅហើយប្រសិនបើអ្នកមិនធ្វើវា ហើយខិតខំឆ្ពោះទៅរកវា។ កុំឈប់ហើយ កុំបោះបង់ចោល នៅពេលពិភពលោកទាំងមូលកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។
៧) ដំណោះស្រាយដើម្បីទទួលបានភាពជោគជ័យ
កុំភ្លេចជំហានដ៏សំខាន់នេះដែលត្រូវបានបង្កើតឡើងដើម្បីទទួលបានជោគជ័យ។ អ្នកអាចទទួលជោគជ័យក្នុងអ្វីមួយប៉ុន្តែដឹងថាវាមិនងាយស្រួលទេ។ ស្វែងរកដំណោះស្រាយដោយខ្លួនឯងដើម្បីសំរេចអ្វីមួយ ដូច្នេះគ្មានអ្វីអាចរារាំងអ្នកបានទេ។ អនុញ្ញាតឱ្យខ្លួនអ្នកសុបិនហើយផ្តល់ឱ្យខ្លួនអ្នកនូវក្តីសង្ឃឹម។ ប្រសិនបើអ្នកពិតជាយល់ថាអ្នកអាចទទួលបានជោគជ័យនិងបញ្ចុះបញ្ចូលខ្លួនអ្នកថាវាអាចទៅរួច អ្នកនឹងអាចធ្វើអ្វីដែលអ្នកមិនបានទាំងដឹងថាអ្នកអាចធ្វើបាន៕
ដោយ៖ ជា ធារិទ្ធ