ក្រៅ​ពី​គិតគូរ​សុខភាព​ប្រជាជន សហគ្រិន​រូប​នេះ​មាន​ផ្នត់​គំនិត​មួយ​គួរ​ឲ្យ​សរសើរ​



ល្អី​បៃតង គឺ​ជា​ឈ្មោះ​ហាង​លក់​បន្លែ​ផ្លែឈើ រួម​នឹង​ផលិតផល​សរីរាង្គ​ជា​ច្រើន​ប្រភេទ​​ដែល​ដាំដុះ​ដោយ​ប្រជាកសិករ​ខ្មែរ។ ក្រៅ​អំពី​ការ​គិតគូរ​ដល់​សុខភាព​ប្រជាជន លោក​ ចៃ ឡុង ដែល​ជា​ម្ចាស់​ហាង​ផ្ទាល់​ប្រាប់​ថា ឈ្មោះ​ល្អី​បៃតង បាន​បង្កប់​នូវ​ខ្លឹមសារ​ដាស់​តឿន​ប្រជាជន​ទូទាំង​ប្រទេស​ឲ្យ​នឹក​ឃើញ​ដល់​ការ​រស់​នៅ​កាល​ពី​ជំនាន់​មុន​ នៅ​ពេល​ទៅ​ផ្សារ​ឬ​ទៅ​ធ្វើ​ចម្ការ​ប្រជាជន​តែង​តែ​មាន​កញ្ជើ​ល្អី​សម្រាប់​ដាក់​របស់របរ​ ដូច្នេះ​ឈ្មោះ​នេះ​គឺ​ជា​សារ​រំលឹក​ឲ្យ​ពលរដ្ឋ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិច។

ដោយ​មើល​ឃើញ​ហានិភ័យ​នៃ​សំណល់​ប្លាស្ទិច​ជា​ច្រើន​បាន​កើន​ឡើង​រាល់ថ្ងៃ ហើយ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​រួម​នឹង​ជីវិត​សត្វ​ផង។ លោក ចៃ ឡុង លើក​ឡើង​ថា ការ​យក​ឈ្មោះ «ល្អី​បៃតង» មក​ធ្វើ​ជា​យីហោ​ហាង គឺ​លោក​ចង់​បង្ហាញ​ពលរដ្ឋ​ឲ្យ​នឹក​ឃើញ​ដល់​វិធីសាស្ត្រ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ជាក់​ស្ដែង​នៅ​ពេល​ទៅ​ផ្សារ​ពួកគាត់​អាច​ប្រើ​ ល្អី កញ្ជើ កន្ត្រក ស្លឹក​ឈូក និង​ស្លឹក​ចេក​ជា​ដើម​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន។ បន្ថែម​ពី​នេះ ពាក្យ​ល្អី គឺ​លោក​ចង់​បង្ហាញ​ និង​ចង់​លើក​ស្ទួយ​នូវ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​គាំទ្រ​ដល់​ជីវភាព​ប្រជា​កសិករ​ខ្មែរ​យើង។

ល្បី​បៃតង ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​សហគ្រិន​សង្គម រួម​នឹង​អ្នក​រកស៊ី​មួយ​ចំនួន​នា​ខេត្ត​បាត់ដំបង។ គោល​បំណង​នៃ​ការ​បង្កើត​នេះ​ទី​មួយ​គឺ​ ចង់​ផ្ដល់​នូវ​បន្លែ​ផ្លែឈើ​សុវត្ថិភាព​ជូន​ប្រជាជន ទីពីរ​គឺ​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ជី​គីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ចុង​ក្រោយ​គឺ​ចង់​ចូល​រួម​ចំណែក​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​កសិករ​ខ្មែរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ជ្រោមជ្រែង​លើ​ការ​ផលិត​ និង​ការ​ធានា​នូវ​តម្លៃ​ទីផ្សារ​សម្រាប់​ពួកគាត់។

ជា​គោលដៅ​ចំពោះ​ល្អី​បៃតង លោក​ ចៃ ឡុង​ ប្រាប់​ថា​លោក​នឹង​ព្យាយាម​ពង្រីក​ផលិតផល​សម្រាប់​បម្រើ​ទីផ្សារ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ ដោយ​ពេល​នេះ​គឺ​លោក​បាន​ចាប់​ផ្ដើម​ពី​ខេត្ត​បាត់ដំបង និង​បន្ទាប់​មក​ទៀត​គឺ​អាច​ជា​ខេត្ត​នៅ​ភូមិភាគ​ពាយ័ព្យ​ និង​បន្ត​ទៅ​តាម​រាជធានី​ខេត្ត​នានា៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s