ពិភលោកកំពុងផ្លាស់ប្ដូរ ពេលណាអ្នកផ្លាស់ប្ដូរ?
ដោយសារនិន្នាការបច្ចេកវិទ្យានៃយុគ្គសម័យថ្មីនេះ មនុស្សចាប់ផ្ដើមនិយាយអំពីអនឡាញ អ៊ិនធឺណេត បច្ចេកវិទ្យា និងឌីជីថលជាដើម។ រឿងមួយចំនួនធំបានផ្លាស់ប្ដូរពីបែបបុរាណទៅជាទំនើបដែលស្របតាមយុគ្គសម័យមួយដែលភាគច្រើនគេឲ្យឈ្មោះថា បដិវត្តឧស្សាហកម្ម៤.០ (Industry 4.0)ដែលគេនិយាយអំពីទីក្រុងឆ្លាតវៃនិងមនុស្សយន្ត និងអ៊ីនធឺណិតនៃអ្វីគ្រប់យ៉ាង (IoT) ជាដើម។ ដូចនេះហើយ មានរឿងជាច្រើនដែលបានផ្លាស់ប្ដូរនិងកំពុងតែផ្លាស់ប្ដូរ ដែលមនុស្សមួយចំនួនមិនទាន់ដឹង ក្នុងយុគ្គសម័យនេះ៖
- ពីមុនគេនិយាយអំពីរបៀបទំនាក់ទំនងនៅពេលជួបមុខគ្នាផ្ទាល់ ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយវិធីបង្កើនទំនាក់ទំនងតាមរយៈបណ្ដាញសង្គម
- ពីមុនគេនិយាយអំពីវិធីសាស្ត្រនិយាយសាធារណៈ ប៉ុន្តែបច្ចុប្បន្នគេគេចាប់ផ្ដើមនិយាយអំពីជំនាញនិយាយនៅមុខកាមេរ៉ា
- ពីមុនគេនិយាយអំពីការលក់ផលិតផលតាមហាង ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយអំពីវិធីលក់ទំនិញតាមអនឡាញ (Online business ឬ E-commerce)
- ពីមុនគេនិយាយអំពីរបៀបធ្វើបទបង្ហាញ (presentation) ឲ្យទាក់ទាញ ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយអំពីរបៀបឡាយ (Live) ឲ្យមាននាក់មើលច្រើន
- ពីមុនគេនិយាយអំពីការបង្រៀនក្នុងថ្នាក់រៀន ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយអំពីការបង្រៀនតាមអនឡាញ (Online learning ឬ E-learning)
- ពីមុនគេនិយាយអំពីការធ្វើការដើម្បីបានលុយ ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយអំពីការរកលុយតាមយូធូប (Youtube) ហ្វេសបុក (Facebook)
- ពីមុនគេនិយាយអំពីការចាយលុយដោយប្រើក្រដាសប្រាក់ ប៉ុន្តែបច្ចុប្បន្នគេនិយាយអំពីការចាយលុយដោយមិនប្រើសាច់ប្រាក់ (E-payment)
- ពីមុនគេនិយាយអំពីការធ្វើទីផ្សារបែបប្រពៃណី (Traditional marketing) ប៉ុន្តែបច្ចុប្បន្នគេចាប់ផ្ដើមនិយាយអំពីការធ្វើទីផ្សារបែបឌីជីថល (Digital marketing)
- ពីមុនគេនិយាយអំពីខ្សែ ប៉ុន្តែបច្ចុប្បន្នគេនិយាយអំពីចំណេះដឹង ជំនាញ សមត្ថភាព និងបទពិសោធន៍
អ្នកឃើញយ៉ាងច្បាស់ថាពិភពលោកកំពុងផ្លាស់ប្ដូរជិត១៨០ដឺក្រេ ដូចនេះប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរ ឬធ្វើអ្វីដែលថ្មីប្លែកនោះទេ ប្រាកដណាស់ថាអ្នកអាចនៅក្រោយគេឬត្រូវគេជាន់ជាមិនខាន។ ពេលខ្លះចង់មិនចង់ អ្នកត្រូវបង្ខំចិត្តបត់បែនតាមទំនោរនិងបរិបទសង្គម និងនិន្នាការបច្ចេកវិទ្យា។ បើអ្នកមិនខិតខំពង្រឹងសមត្ថភាព ធ្វើអ្វីដែលថ្មីប្លែកនោះទេ អ្នកមិនអាចយកឈ្នះក្នុងពិភពប្រកួតប្រជែងនេះបានឡើយ៕
អត្ថបទដោយ៖ លង់ វណ្ណៈ