អ្នកមិនចាំបាច់ចំណាយច្រើនទេ គ្រាន់តែ​បង្កើតទម្លាប់ល្អៗ៩នេះ ជីវិតអ្នកនឹង​មាន​តម្លៃ​



តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើមនុស្សមួយចំនួនទទួលបានជោគជ័យដោយសារអ្វី? អ្នកប្រាកដជាឆ្ងល់ហើយ! តាមពិតទៅ គំនិតដ៏អស្ចារ្យ ការលើកទឹកចិត្ត ការតស៊ូ និងសំណាងមួយចំនួន អាចជួយឲ្យអ្នកទាំងនោះជោគជ័យ។ ក៏ប៉ុន្តែបើអ្នកស្គាល់បុគ្គលជោគជ័យទាំងនោះឲ្យកាន់តែច្បាស់ អ្នកនឹងដឹងថា អ្នកទាំងនោះភាគច្រើនមានទម្លាប់ជាក់លាក់ចំនួន ៨ ដូចខាងក្រោមនេះ ហើយទម្លាប់ទាំងនេះហើយដែលជួយឲ្យពួកគេឈានមុខអ្នកដទៃជានិច្ច។

១) ក្រោកពីព្រឹកព្រលឹម
អតីតប្រធានាធិបតីអាមេរិក លោក Obama មាហសេដ្ឋីអង់គ្លេសលោក  Richard Branson  និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ជាដើមត្រូវបានគេមើលឃើញថា សុទ្ធតែជាបុគ្គលឆាប់ក្រោកពីទទួលទានដំណេកនៅព្រឹកព្រលឹម។ តើទម្លាប់មួយនេះបានរួមចំណែកឲ្យបុគ្គលល្បីៗទាំងនេះជោគជ័យដោយរបៀបណា? មូលហេតុនៅត្រង់ថា ស្របពេលដែលអ្នកផ្សេងមិនទាន់ក្រោកពីដំណេក អ្នកទាំងនេះបានធ្វើរឿងមានប្រយោជន៍សម្រាប់ខ្លួនឯងរួចទៅហើយនោះ គឺហាត់ប្រាណដើម្បីសុខភាព និងមានពេលច្រើនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការងារសំខាន់ៗផ្សេងទៀតមុនអ្នកដទៃ។

២) សមាធិ
ក្រៅពីចំណុចពិសេសនៃការឆាប់ក្រោកពីទទួលទានដំណេកនៅព្រឹកព្រលឹម ការសមាធិបានផ្តល់គុណសម្បត្តិ មួយទៀតជួយរួមចំណែកឲ្យអ្នកជោគជ័យ។ ហេតុអ្វី? ការសមាធិ គឺជាវិធីហាត់លត់ដំចិត្តរបស់អ្នកឲ្យរឹងមាំ។ សមាធិធ្វើឲ្យអ្នកចិត្តស្ងប់ អត់ធ្មត់ មានចិត្តជ្រះថ្លា  ចេះប្រមូល និងគ្រប់គ្រងអារម្មណ៍ឲ្យមូលដែលជាលក្ខណៈពិសេសមួយធ្វើឲ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ។ វាមិនលំបាកទេ ពោលគ្រាន់តែចំណាយពេលពី ១៥ ទៅ ២០ នាទី និងធ្វើឲ្យបាន២ ឬ៣ដងក្នុងមួយសប្តាហ៍អាចចាត់ទុកថា សមល្មមហើយ។

៣.ទំនាក់ទំនង
អ្នកត្រូវដឹងថា រាល់បុគ្គលជោគជ័យទាំងអស់សុទ្ធតែជាមនុស្សពូកែទំនាក់ទំនង។ ការស្រាវជ្រាវនានាបានបង្ហាញថា ទំនាក់ទំនងអាចជំរុញឲ្យអ្នកអនុវត្តបានការងារយ៉ាងប្រសើរ និងបង្កើនឱកាសល្អៗសម្រាប់ខ្លួនឯង។ ទំនាក់ទំនងអាចជួយឲ្យអ្នកជោគជ័យកាន់តែមានគំនិតច្នៃប្រឌិតពីព្រោះថា រាល់អ្នកពូកែទំនាក់ទំនងទាំងអស់កម្រលើកឡើង ឬចុះចាញ់បញ្ហាណាស់។ ពួកគេមានភាពអត់ធ្មត់ សំបូរគំនិតថ្មីៗ និងព្យាយាមរកដំណោះស្រាយជាធំ។ លក្ខណៈសម្បត្តិនេះហើយដែលធ្វើឲ្យពួកគេជោគជ័យ។

៤) ធ្វើឲ្យខ្លួនឯងរវល់
ភាពរវល់របស់មនុស្សម្នាក់ៗមានភាពខុសៗគ្នា។ យ៉ាងណាមិញ ភាពរវល់របស់អ្នកគួរតែប្រព្រឹត្តទៅប្រកបដោយផលិតភាពដោយមិនចំណាយពេលឥតប្រយោជន៍នោះឡើយ។ បុគ្គលល្បីៗដូចជា Elon Musk ប្រធានក្រុមហ៊ុន SpaceX បានផ្តល់តម្លៃលើពេលវេលាខ្លាំងណាស់។ ក្នុងមួយឆាកជីវិតរបស់លោកមើលទៅមានភាពរវល់ខ្លាំងណាស់ដែលក្នុងមួយសប្តាហ៍លោកបានចំណាយពេលដល់ទៅជិត ១០០ ម៉ោងដើម្បីការងាររបស់លោក។ អ្នកមិនចាំបាច់ធ្វើដូចលោក Elon Musk ទេ។ តែកុំយកលេស ហើយកុំចំណាយពេលវេលារវល់ទៅលើការងារដែលគ្មានប្រយោជន៍។ 

៥) មិនមើលទូរទស្សន៍ តែមើលសៀវភៅច្រើន
ការចំណាយពេលមើលទូរទស្សន៍ច្រើនពេក វាមិនមែនជាទម្លាប់ដែលអ្នកជោគជ័យចូលចិត្តធ្វើនោះទេ។ ផ្ទុយទៅវិញ ការអានសៀវភៅទៅវិញទេដែលមានប្រយោជន៍ និងចំណង់ចំណូលចិត្តរបស់ពួកគេ។ អ្នកនិពន្ធសៀវភៅអាមេរិក Thomas Corley បានអះអាងថា ទម្លាប់របស់អ្នកមាន ៦៧% មើលទូរទស្សន៍ត្រឹមតែ ១ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ខណៈអ្នកក្រដល់ទៅ ៧៨% ពេញនិយមទម្លាប់មួយនេះ។ បន្ថែមលើនេះ ង្នកមាន ៨៦% ចូលចិត្តអានសៀវភៅដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយ៉ាងហោចណាស់ក៏ ៣០ នាទីដែរឬច្រើនជាងនេះក្នុងមួយថ្ងៃ។

៦) រៀបចំគម្រោងការងារប្រចាំថ្ងៃឲ្យហើយ
ជាទម្លាប់ បុគ្គលជោគជ័យតែងត្រៀមខ្លួនរួចរាល់ក្នុងការកត់ត្រារៀបចំបញ្ជីការងារដែលត្រូវធ្វើនៅយប់មុនពេលគេង។ ពួកគេធ្វើបែបនេះរាល់ថ្ងៃ និងបានកំណត់កាងារអាទិភាពសម្រាប់ធ្វើនៅថ្ងៃស្អែក។ ទន្ទឹមនឹងនេះ អ្នកជោគជ័យទាំងនោះក៏បានកំណត់ការងារសំខាន់ជាងគេដែលត្រូវធ្វើផងដែរនៅក្នុងចំណោមការងារអាទិភាពទាំងនោះ។

៧) របៀបគ្រប់គ្រងលុយកាក់
អ្នកត្រូវដឹងថា ទម្រាំមានថ្ងៃនេះ អ្នកជោគជ័យទាំងអស់ជាពិសេសអ្នកមាន ពួកគេមានចំណេះដឹងល្អមួយទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។ ពួកគេមានភាពវ័យឆ្លាតក្នុងការរកលុយ ជាពិសេសការវិនិយោគដែលនាំមកនូវប្រាក់ចំណេញ។ ការចំណាយដែលត្រូវខ្ទង់ ការសន្សំសម្ចៃសម្រាប់ពេលអនាគត និងការបើកជំនួញរកស៊ីគឺជាចំណង់ចំណូលចិត្តរបស់ពួកគេហើយ។ ទាំងអស់នេះ សុទ្ធតែជាអ្វីដែលអ្នកអាចរៀនសូត្រពីពួកគេបាន។

៨) ការកំណត់គោលដៅជីវិត
គេហទំព័រ Entreprenueur បានចេញផ្សាយថា អ្នកជោគជ័យ ៩៥% សុទ្ធតែបានអនុវត្តគម្រោងផែនការគោលដៅដែលពួកគេបានកំណត់ទុក។ អ្នកទាំងនោះអនុវត្តផែនការជាជំហានៗជាប្រចាំក្នុងថ្ងៃនីមួយៗ ឬយ៉ាងហោចណាស់ធ្វើសកម្មភាពមួយដែលអាចតម្រង់ឆ្ពោះទៅរកគោលដៅរបស់ខ្លួននៅព្រឹកព្រលឹម។ នេះមានន័យថា ជោគជ័យមិនមែនជារឿងចៃដន្យ វាជាការរៀបចំទុកជាមួយនឹងផែនការគោលដៅច្បាស់លាស់៕

ប្រភព៖ Entrepreneur 

 

X
5s