សញ្ញាណ ៤ នេះបញ្ជាក់ថា មិត្តរួមការងារណាម្នាក់កំពុងលួចស្អប់អ្នក​



ពេលខ្លះចង់ដឹងថា អ្នករួមការងារណាម្នាក់កំពុងស្អប់អ្នក អ្នកអាចមើលឃើញច្បាស់ៗតែម្តងដោយសារតែពួកគេបង្ហាញសកម្មភាពចេញមកឲ្យអ្នកដឹងតែម្តង។ ប៉ុន្តែប្រសិនបើអ្នកមានការលំបាកក្នុងការកំណត់បញ្ហានេះ អ្នកអាចរៀនអង្កេតមើលសញ្ញាណចំនួន ៤ ខាងក្រោមនេះដែលបញ្ជាក់ថា ពួកគេក៏កំពុងលួចស្អប់អ្នកដែរ។ 

១.បង្វែក្រសែភ្នែកចេញនៅរាល់ពេលបានជួបអ្នក
ហេតុអ្វីចំណុចនេះជាសញ្ញាណគួរឲ្យយកចិត្តទុកដាក់មួយថា វាជាមូលហេតុដែលក្រុមការងាររបស់អ្នកមិនចូលចិត្តអ្នក? តាមពិតទៅនៅពេលមនុស្សម្នាក់មិនចូលចិត្តនរណាម្នាក់ហើយ ការប្រើក្រសែភ្នែកសម្លឹងចំៗទៅបុគ្គលនោះ វាគឺជារឿងពិបាកមួយ។ ម្នាក់នោះនឹងមានអារម្មណ៍ថា ហាក់មានសម្ពាធ និងដូចជាមានរឿងក្តៅក្រហាយកើតមានឡើងនៅពេលបានជួបអ្នក។ ដូច្នេះហើយដើម្បីកាត់បន្ថយអារម្មណ៍តានតឹងរបស់ខ្លួនទើបពួគគេ ព្យាយាមគេចចេញ មិនសម្លឹងចំៗ ឬជៀសវាងមិនចង់ជួបអ្នកតែម្តង។

២. មិនយកចិត្តទុកដាក់អ្វីដែលជាសមិទ្ធផលរបស់អ្នក
ជាការពិត ទាំងអ្នកគ្រប់គ្រង និងក្រុមការងារដទៃទៀតទោះបីជាមិនសូវស្និតជាមួយអ្នក ប៉ុន្តែយ៉ាងហោចណាស់ក៏គួរបង្ហាញអារម្មណ៍រីករាយ និងអបអរចំពោះការខិតខំរបស់អ្នកដែរ។ យ៉ាងណាមិញ ចំពោះអ្នករួមការងារដែលស្អប់អ្នក អ្នកនឹងកត់សម្គាល់ដោយខ្លួនឯងថា មិត្តរួមការងារណាមួយដែលមិនចូលចិត្តអ្នក នឹងបង្ហាញសកម្មភាពព្រងើយកន្តើយធ្វើមិនដឹងដូចជាគ្មានអ្វីកើតឡើង ខណៈដែលអ្នកផ្សេងទៀតកំពុងអបអរ ឬកោតសរសើរស្នាដៃអ្នក។ ទោះបីជាអ្នកល្អប៉ុណ្ណាក៏ដោយ អ្វីដែលការយល់ឃើញរបស់ពួកគេចំពោះអ្នក គឺថា អ្នកមិនមែនជាសំណព្វចិត្តអ្នករួមការងាររបស់ពួកគេឡើយ។

៣.សួរដេញដោលច្រើនហួសហេតុ 
ចំណុចមួយទៀតដែលអាចបង្ហាញថា មិត្តរួមការងាររបស់អ្នកមិនចូលចិត្តអ្នកផងដែរនោះគឺការ សួរសំនួរនេះសួរសំនួរនោះ ឬសួរដេញដោលជាលក្ខណៈផ្ចាញ់ផ្ចាលច្រើនហួសហេតុតែម្តង។ បន់ឲ្យតែអ្នកមានកំហុសឆ្គង ម្អាលហ្នឹងចាប់ចំណុចខ្សោយរបស់អ្នក។ រាល់ការសម្រេចចិត្តរបស់អ្នកម្តងៗ ពួកគេតាមសួរអ្នកជានិច្ច ខណៈដែលសំនួរទាំងនេះពួកគេកម្រសួរទៅកាន់ក្រុមការងារផ្សេងទៀតណាស់។ នេះបញ្ជាក់ថា ពួកគេមានភាពមន្ទិលសង្ស័យលើអ្នក ពោលគឺមិនចង់ឲ្យអ្នកមានសេចក្តីសុខតែម្តង។

៤.គ្មានឡើយពេលវេលាសម្រាប់ផ្តល់ឲ្យអ្នក
នៅត្រង់នេះមិនពិបាកយល់ទេ។ ប្រសិនបើអ្នកមិនអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្រង ឬមិត្តរួមការងាររបស់អ្នកទេ មានន័យថា អ្នកមិនស្ថិតនៅក្នុងក្រសែភ្នែកពួកគេទេ។ ជារឿយៗនៅពេលមានកិច្ចប្រជុំ និងត្រូវការពិភាក្សាជាមួយអ្នក ពួកគេបានលុបចោល ឬអ្នកមិនមានឈ្មោះនៅក្នុងបញ្ជីអាទិភាពដែលពួកគេត្រូវជួប តែម្តង។ តិច ឬច្រើន នេះជាសញ្ញាណបញ្ជាក់ថា ពួកគេមិនចូលចិត្តអ្នកឡើយ៕

ចុះអ្នកវិញ តើអ្នកបានជួបបទពិសោធន៍បែបនេះដែរឬទេ? តើមានចំណុចផ្សេងទៀតក្រៅពីនេះដែរទេដែលបញ្ជាក់ថា ក្រុមការងាររបស់អ្នកកំពុងលួចស្អប់អ្នក?

ប្រភព៖ Businessinsider 

 

X
5s