ដំបូន្មាន៖ សូមកុំគិតថា ការរកស៊ីតែមួយមុខគ្រប់គ្រាន់ធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានបាន!
នៅពេលអ្នកសម្រេចចិត្តបើកជំនួញរកស៊ី គោលដៅនៅពីក្រោយហេតុផលមួយនេះប្រហែលជាគ្មានអ្វីក្រៅតែពីផ្តោតលើប្រាក់ចំណូលជាសំខាន់នូវអ្វីដែលអ្នកយល់ថា គឺជាវិថីតែមួយគត់ដែល ធ្វើឲ្យអ្នកឆាប់ក្លាយជាអ្នកមាន។ ក៏ប៉ុន្តែប្រសិនបើនេះជាការយល់ឃើញរបស់អ្នក សូមចូលរួមសោកស្តាយផងត្បិតអីមានមុខជំនួញមួយរីកច្រើន មិនប្រាកដថា ធ្វើឲ្យអ្នកអាចកសាងទ្រព្យសម្បត្តិស្តុកស្តម្ភបានឡើយ។
តាមពិតទៅ មានកិច្ចការចាំបាច់ជាច្រើនទៀតដែលអ្នកត្រូវផ្ដោតយកចិត្តទុកដាក់ក្រៅពីជំនួញរបស់អ្នកដើម្បីអាចធានាបានថា អ្នកនឹងអាចកសាងទ្រព្យសម្បត្តិបានជាលំដាប់ដែលក្នុងនោះរួមមាន៖
១.កសាងទ្រព្យសម្បត្តិក៏ត្រូវពឹងលើយុទ្ធសាស្ត្រ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកដែរ
នៅពេលអ្នកចង់ពង្រីកលទ្ធភាពក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់ អ្នកទំនងជាត្រូវបន្តគោលដៅការកសាងទ្រព្យសម្បត្តិរបស់អ្នក ពោលគឺទ្រព្យសម្បត្តិដែលបានមកក្រៅពីមុខជំនួញរបស់អ្នក។ នេះគឺសំដៅលើយុទ្ធសាស្ត្រ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នក។
ក្រៅពីចំណូលក្នុងមុខជំនួញរបស់អ្នក អ្នកត្រូវថ្លឹងថ្លែងមើលថា តើយុទ្ធសាស្ត្រ និងការសម្រេចចិត្តរបៀបណាដែលមានឥទ្ធិពលដល់គោលដៅហិរញ្ញវត្ថុរបស់អ្នក? មានអ្នកជំនួញជាច្រើនមានការប្រុងប្រយ័ត្នខ្ពស់ និងមានគំនិតល្អិតល្អន់ខ្លាំងណាស់ក្នុងការចាត់ចែងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន។ ពួកគេមើលគ្រប់ជ្រុងជ្រោយនៃចំណូល និងចំណាយ ព្រមទាំងវិភាគទិន្នន័យសព្វគ្រប់បែបយ៉ាងដើម្បីឲ្យប្រាកដថា ការសម្រេចចិត្តហិរញ្ញវត្ថុរបស់ពួកគេធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ នេះអាចធ្វើឲ្យពួកគេអាចជៀសវាងបានភាពចន្លោះប្រហោងដែលមិននាំមកនូវហានិភ័យដល់ការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។
២.ធ្វើការជាមួយអ្នកជំនាញពូកែៗខាងផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់
រាល់ការប្ដេជ្ញាចិត្តក្នុងការកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃផែនការដើម្បីក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់ ត្រូវតែមានសកម្មភាពជាក់លាក់ដែលអាចជួយធានាបានថា ទ្រព្យសម្បត្តិរបស់អ្នកត្រូវបានយកចិត្តទុកដាក់ថែរក្សាយ៉ាងល្អ។ មានសកម្មភាពសំខាន់មួយ ប៉ុន្តែត្រូវបានសហគ្រិនភាគច្រើនមើលរំលងជារឿយៗ នោះ គឺការគ្រប់គ្រងប្រាក់កាសដែលអ្នករកបានពីមុខជំនួញរបស់អ្នក។ ការគ្រប់គ្រងនេះគឺត្រូវធានាឲ្យបាននូវភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អ្នក និងអាចការពារពីហានិភ័យផ្សេងៗដូចជា ជាការទប់ទល់ទៅនឹងបណ្តឹងផ្សេងៗពីអតិថិជន ដៃគូភាគហ៊ុន ឬមនុស្សនៅជុំវិញអ្នក។
ប៉ុន្តែការពូកែរកលុយតែមួយមុខមិនមែនតែងតែធ្វើឲ្យអ្នកក្លាយជាអ្នកពូកែក្នុងការគ្រប់គ្រងចាត់ចែងលុយកាក់ឲ្យមានប្រសិទ្ធភាពនោះឡើយ។ មានសហគ្រិន ឬអ្នកជំនួញច្រើនណាស់បន្ទាប់ពីទទួលបានចំណូលពីការលក់ក្រុមហ៊ុន ឬ ការរកស៊ីរបស់ខ្លួនហើយបែរជាទ្រព្យសម្បត្តិរបស់ខ្លួនបាត់បង់ទៅវិញតាមរយៈកំហុសក្នុងការវិនិយោគ និងបញ្ហាបណ្តឹងផ្លូវច្បាប់ជាដើម។ ពេលខ្លះបើទោះបីជាពួកគេមានភាពឆ្លាតវៃ និងចេះសន្សំសំចៃ ពួកគេនៅតែមានភាពចន្លោះប្រហោង និងធ្វើឲ្យមានភាពច្របូកច្របល់ដោយសារតែខ្វះជំនាញក្នុងការគ្រប់គ្រងលុយកាក់នេះឯង។
អ្នកអាចកាត់បន្ថយហានិភ័យទាំងនេះបានដោយឧស្សាហ៍ចូលរួមសិក្សាស្វែងយល់ ទំនាក់ទំនង និងរៀនធ្វើការជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់ពូកែៗ។ នៅក្នុងបរិបទជំនួញរបស់អ្នក លទ្ធផលនេះ អាចសម្រេចបានលទ្ធផលល្អបំផុតតាមរយៈការកសាងក្រុមការងារដែលមានជំនាញ និងគុណភាពខ្ពស់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ហាផ្នែកច្បាប់ដែលមានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចធ្វើសកម្មភាពសម្របសម្រួលលើកិច្ចការទាំងនេះ។ ការពិតទៅ វិធីសាស្ត្រច្រើនធ្វើឡើងដោយអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានមុខជំនួញជោគជ័យខ្លាំងពីព្រោះដោយសារតែពួកគេយល់ថា ក្រុមការងារទាំងនេះអាចផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អមួយដើម្បីការពារមិនឲ្យមានស្នាមប្រេះ ឬភាពចន្លោះប្រហោងលើការគ្រប់គ្រងលុយកាក់។
៣.តើអ្នកពិតជាចង់ក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់មែនទេ?
អ្នកត្រូវយល់ថា ការក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់ គឺត្រូវធ្វើឲ្យការងារអ្វីមួយកើតមានឡើងដែរ។ ការប្ដេជ្ញាចិត្តដើម្បីក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់មានន័យថា អ្នកត្រូវកាត់បន្ថយពេលវេលា និងការខំប្រឹងប្រែងរបស់អ្នកទៅលើកិច្ចការជាច្រើនដែលមិនផ្តល់មកវិញនូវសក្ដានុពលសម្រាប់កសាងទ្រព្យសម្បត្តិឲ្យអ្នក។ នេះហើយជាមូលហេតុដែលវាមិនមែនសុទ្ធតែជាគោលដៅដ៏ល្អសម្រាប់សហគ្រិនទាំងអស់ដើម្បីបន្តលើកិច្ចការជំនួញរបស់ខ្លួន។ អ្នកត្រូវឆ្លើយដោយស្មោះត្រង់ហ្នឹងខ្លួនឯងចំពោះសំនួរមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការក្លាយជាអ្នកមានគឺជាគោលដៅធំបំផុតរបស់អ្នក អ្នកត្រូវប្ដេជ្ញាចិត្តក្នុងការកសាងទ្រព្យសម្បត្តិរបស់អ្នក និងត្រូវរក្សាការប្ដេជ្ញាចិត្តនេះឲ្យបានគ្រប់ពេលទោះបីជាត្រូវហែលឆ្លងកាត់ឧបសគ្គ និងការបរាជ័យតូចធំក៏ដោយ។ ការធ្វើដូច្នេះនឹងជួយឲ្យអ្នកអាចឆាប់ចាប់បានឱកាសកាន់តែច្រើន និងឆាប់បានដល់គោលដៅ ហើយប្រហែលជាអាចលើសពីអ្វីដែលអ្នករំពឹងទុកទៀតផង៕
ប្រភព៖ Entrepreneur