៤ ចំណុចចាក់ដោត ឌីជេ ណាណា បានលើកឡើងក្នុងកម្មវិធីពិព័រណ៍ឧត្តមសិក្សា នៅអូឡាំព្យារ
ឌីជេ ណាណា បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីតាំងពិព័រណ៌ឧត្តមសិក្សាកាលពីថ្ងៃសៅរ៍-អាទិត្យ ទី ១៤-១៥ ខែកញ្ញា ២០១៩ កន្លងទៅ នៅផ្សារទំនើបអូឡាំព្យារ។
ជាវាគ្មិនក្នុងកម្មវិធីដ៏ពិសេសមួយសម្រាប់ប្អូនដែលទើបប្រលងទី ១២ ចប់ពេលថ្មីៗនេះ ឌីជេ ណាណាបានធ្វើការចែករំលែកចំណេះដឹងជាច្រើនពីការសម្រេចចិត្តចាប់យកជំនាញសិក្សានៅសកលវិទ្យាល័យ ដោយការចែករំលែកនេះលើកឡើងចំនុចសំខាន់ៗ ចំនួន ៤គឺ៖
១) ធ្វើយ៉ាងណាទើបអាចសម្រេចជ្រើសមុខជំនាញរៀនឲ្យបានត្រឹមត្រូវ?
ឌីជេណាណាបានបញ្ជាក់ថា ចង់រើសជំនាញរៀនឲ្យបានត្រឹមត្រូវ ចាំបាច់បំផុតគឺត្រូវស្គាល់ពីចំណង់ចំណូលចិត្ត ក្តីស្រលាញ់ និងក្តីស្រមៃរបស់ខ្លួនជាមុនសិន។ បន្ទាប់មកយើងត្រូវស្គាល់ពីមុខជំនាញនីមួយៗថាអ្វីទៅជាគណនេយ្យ អ្វីទៅជាច្បាប់ អ្វីទៅជាសេដ្ឋកិច្ច -ល- ហើយមុខវិជ្ជានីមួយៗសិក្សាលើផ្នែកអ្វីខ្លះ មានមុខវិជ្ជាអ្វីខ្លះសម្រាប់រៀនរយៈពេល ៤ឆ្នាំ ឬមួយចប់បរិញ្ញាបត្រនេះ?
ក្រៅពីនេះបើនៅតែមិនទាន់ច្បាស់ក្នុងចិត្តថាគួររើសជំនាញមួយណាទេ ប្អូនៗចូលរៀនឆ្នាំមូលដ្ឋានសិនទៅព្រោះថានៅឆ្នាំមូលដ្ឋាននេះគេសិក្សាលើមុខវិជ្ជាដូចគ្នាស្ទើរគ្រប់សាលា ដើម្បីផ្តល់ឱកាសក្នុងការសម្រេចចិត្តឲ្យបានជាក់លាក់ដល់និស្សិត។ ពេលសិក្សាថ្នាក់មូលដ្ឋាននេះប្អូនអាចស្វែងយល់ពីខ្លួនឯងបាននូវមុខវិជ្ជាដែលខ្លួនចូលចិត្ត និងមុខវិជ្ជាណាដែលខ្លួនមិនចូលចិត្តដើម្បីសម្រួចតម្រង់ទៅចាប់ជំនាញដែលត្រឹមត្រូវមួយសម្រាប់ខ្លួនឯងបាន។ ឌីជេណាណា បានបញ្ជាក់បន្ថែមចំនុចនេះថា “មិនពិបាកទេអូនបើចង់ដឹងថាខ្លួនឯងចូលចិត្តរៀនមុខវិជ្ជាអ្វី បើដល់ម៉ោងណារៀនហើយអូនមានអារម្មណ៍ថាសប្បាយចិត្ត ឬរំភើបនឹងរៀន ចាប់យកវាទៅមិនខុសទេ តែបើម៉ោងណារៀនហើយអង្គុយស្ងាប ឬធុញមិនចង់ទៅរៀនទាត់វាចោលទៅ ព្រោះវាមិនត្រូវជំនាញប្អូនទេ"។
២) ជំនាញដែលគ្រួសារចង់ឲ្យរៀន និងជំនាញដែលខ្លួនស្រលាញ់គួរជ្រើសមួយណា?
វាមិនខុសទេពេលឧពុកម្តាយឬបងប្អូនគាត់ជ្រើសរើសជំនាញឲ្យយើងរៀន ព្រោះបង្ហាញថាពួកគាត់មានបំណង និងគំនិតចង់ឲ្យយើងមានចំណេះ។ ចំពោះចំនុចនេះដែរ ឌីជេ ណាណា បានបញ្ជាក់ថាវាជារឿងល្អមួយប្រសិនបើជំនាញដែលខ្លួនស្រលាញ់ជាអ្វីដែលគ្រួសារចង់ឲ្យរៀនដូចគ្នា តែវាជាបញ្ហាបន្តិចបើគំនិតនោះវាផ្ទុយគ្នាទៅវិញ។ អ្វីដែលសំខាន់អ្នកដែលត្រូវប្រឈមមុខនឹងការរៀនគឺខ្លួនឯងយើង បើគាត់ឲ្យយើងរៀនមុខវិជ្ជាដែលយើងមិនចូលចិត្ត យើងរៀនមិនចេះធ្វើម៉េចទៅ ចំណាយពេលអស់ ៤ ឬ ៥ ឆ្នាំចុងក្រោយមានលទ្ធផលមិនចេះអ្វីសោះជាការល្អឬអត់? រៀនចប់រកការងារធ្វើមិនបានដោយសារអត់មានជំនាញលើផ្នែកណាមួយ មិនយល់ពីការងារព្រោះការងារនោះយកមេរៀនមកប្រើសឹងតែទាំងអស់ ចឹងធ្វើម៉េចទៅវាមិនខាតពេល ខាតលុយអស់។ ជម្រើសល្អគឺ ព្យាយាមពន្យល់ហេតុផលទៅគ្រួសារដើម្បីឲ្យគាត់ដឹងថាមុខវិជ្ជាដែលយើងនឹងជ្រើសរើសវាមានប្រយោជន៍អ្វីខ្លះ វាត្រូវនឹងចំណង់ចំណូលចិត្តយើងដូចម្តេចខ្លះ។ តែអ្វីដែលត្រូវគិតមួយទៀតគឺលុយបង់សាលា តើវាជាលុយយើង ឬជាលុយរបស់ប៉ាម៉ាក់ បើរើសមុខជំនាញរៀនខ្លួនឯងត្រូវរឿនធ្វើយ៉ាងណាឲ្យបានពូកែ ឬសាងស្នាដៃណាមួយជាសមិទ្ធិផលឲ្យប៉ាម៉ាក់ឃើញព្រោះលុយមិនស្រួលរកទេ បើគ្មានលទ្ធផលល្អជូនគាត់វានាំឲ្យគាត់ខកចិត្ត។
៣) បើរើសជំនាញដែលយើងស្រលាញ់ហើយ តែយើងរៀនខ្សោយជាងគេធ្វើម៉េចទៅ?
ចម្លើយយ៉ាងខ្លីរបស់ ឌីជេ ណាណា គឺ បើគេខ្លាំងគេរៀន ៥ ម៉ោង យើងប្រឹងរៀនលើសគេឲ្យបាន ១៥ ម៉ោងទៅ វាគ្មានខុសអ្វីពីការរត់ទេ គេមានកម្លាំងគេអាចរត់ដល់ទៅដៅក្នុងរយៈពេល ១ ម៉ោង យើងខ្សោយកម្លាំងត្រូវចំណាយពេល ៣ ឬ ៤ម៉ោងដើម្បីបានដល់គោលដៅ។ ត្រូវចាំថា បេសកកម្មរបស់យើងគឺដើម្បីទៅដល់គោលដៅ មិនមែនបេសកកម្មចំណាយពេលតែ ១ ម៉ោងដូចគេហើយមិនអាចទៅដល់គោលដៅនោះទេ។
៤) លុយបង់សាលា
នេះជាចំនុចមួយ ដែលមនុស្សភាគច្រើនតែងលើកវាជាបញ្ហាក្នុងការបន្តបេសកកម្មសិក្សានៅសកលវិទ្យាល័យ ដោយគិតថាគ្រួសារគ្មានលទ្ធភាព ខ្លួនទើបបញ្ចប់ថ្នាក់ទី ១២ មិនអាចមានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលា។ ឌីជេ ណាណា បានបញ្ជាក់ថា មិនមែនរៀនចប់ទី ១២ ភ្លាមត្រុវតែចូលសកលវិទ្យាល័យភ្លាមទេ វាគ្មានអ្វីចម្លែកទេសម្រាប់អ្នកដែលចប់ទី ១២ ហើយចេញធ្វើការសិនរកលុយដើម្បីផ្គត់ផ្គង់ការសិក្សា ព្រោះវាជាការរកលុយចាយខ្លួនឯង វាជាការរកលុយដោយអំពើសុច្ចរិតគឺជាថ្លៃថ្នូរបំផុតព្រោះយើងមិនបានដាក់បន្ទុកលើឪពុកម្តាយទេ។ វាជាការទទួលខុសត្រូវមួយដ៏ល្អបើយើងរៀនទទួលខុសត្រូវលើជីវិតរបស់យើងចាប់ពីពេលនេះទៅ យើងនឹងដឹងពីការលំបាក យើងក៏ចេះតស៊ូ ហើយយើងក៏នឹងរឹងមាំដែរ។ ពេលដែលយើងអាចមានចំណូលខ្លួនឯង ផ្គត់ផ្គង់តម្រូវការខ្លួនឯង យើងនឹងមានមោទនភាពចំពោះការខិតខំរបស់ខ្លួនឯង យើងស្គាល់តម្លៃលុយដែលយើងរកបាន យើងនឹងឲ្យតម្លៃអ្វីដែលយើងមាន មិនតែប៉ុណ្ណោះប៉ាម៉ាក់យើងក៏សប្បាយចិត្តដែលកូនគាត់ចេះគិតដែរ៕
ដោយ៖ យ៉ាយ៉ា