បើអ្នកឆ្លើយថា "Yes” ចំពោះសំនួរ ៥ នេះបាន មានន័យថាអ្នកមានគុណសម្បត្តិអាចក្លាយជា CEO
តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន (CEO) គឺជាមុខតំណែងដ៏ស្មុគស្មាញមួយនៅក្នុងក្រុមហ៊ុនត្បិតអីការទទួលខុសត្រូវរបស់ខ្លួនមានច្រើនជាងនរណាទាំងអស់ទាក់ទងទៅនឹងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ វាក៏ទាមទារនូវគុណសម្បត្តិ បុគ្គលិកលក្ខណសម្បត្តិ និងបទពិសោធន៍ជាច្រើនដើម្បីអាចកាន់តំណែងនេះបាន។
បើអ្នកមានក្តីសុបិន្តចង់កាន់មុខតំណែងមួយនេះ អ្នកគួរតែលើកទឹកចិត្តខ្លួនឯង និងត្រៀមខ្លួនរួចរាល់ជាមុន។ នៅខាងក្រោមនេះជាសំនួរចំនួន ៥ ដែលអាចជាជំនួយស្មារតីសម្រាប់អ្នកចោទសួរខ្លួនឯង។ ក្នុងចំណោមសំនួរ ៥ នេះ បើចម្លើយរបស់អ្នកវិជ្ជមាន មានន័យថា ក្តីសុបិន្តក្លាយជា CEO របស់អ្នកនឹងក្លាយជាការពិត។
១.តើអ្នកសុខចិត្តជំនះឧបសគ្គផ្សេងៗដើម្បីស្វែងរកក្តីសុបិន្ដរបស់អ្នកដែរឬទេ?
អ្វីដែលនៅអមលើដងវិថីរបស់សហគ្រិន គឺឧបសគ្គ និងហានិភ័យនានារាប់រយជំពូក។ វាជាកៅអីដ៏ក្តៅគគុកដែលពេលខ្លះឡើងពេលខ្លះចុះ ហើយស្វាគមន៍តែនរណាម្នាក់ដែលចូលចិត្តបង្កើតក្តីសុបិន្ដធំ យកឈ្នះឧបសគ្គ មនុស្សមានឆន្ទៈខ្ពស់ ភាពអត់ធ្មត់ ឬសំបូរយុទ្ធសាស្ត្រច្នៃប្រឌិតមើលឃើញខុសមនុស្សទូទៅតែប៉ុណ្ណោះ។ នេះជាលក្ខណសម្បត្តិដែលអ្នកត្រូវមានសម្រាប់ធ្វើជាអ្នកដឹកនាំគេដូចជា នាយកប្រតិបត្តិ (CEO) ជាដើម។
២.តើអ្នកបានត្រៀមខ្លួនទទួលខុសត្រូវហើយឬនៅ?
ការធ្វើជំនួញទោះបីជាអ្នកមានបុគ្គលិកតិច ឬច្រើនក្តី នៅក្នុងវិស័យណាក៏ដោយ វាគឺជាការងារលំបាកខ្លាំងណាស់។ ក្រៅពីភាពសំបូរបែបនៃគំនិតរបស់អ្នក អ្នកត្រូវការវិនិយោគពេលវេលា ទុន និងថាមពលជាដើមដើម្បីធ្វើឲ្យក្តីសុបិន្ដក្នុងមុខជំនួញរបស់អ្នកអាចជោគជ័យបាន។ ក៏ប៉ុន្តែសំនួរនឹងចោទសួរឡើងថា តើនឹងមានអ្វីកើតឡើងនៅពេលជំនួញរបស់អ្នកមានបញ្ហា? នៅចំណុចនេះ បន្ទុក និងការទទួលខុសត្រូវនឹងធ្លាក់មកលើស្មារបស់អ្នក។ ទន្ទឹមនឹងនេះ អ្នកព្យាយាមដោះស្រាយបញ្ហា និងព្យាយាមកែលំអបញ្ហាទាំងនោះឲ្យបានល្អប្រសើរជាងមុន ហើយនេះជាលក្ខណសម្បត្តិមួយក្នុងនាមជា CEO។
៣.តើអ្នកពូកែទំនាក់ទំនងដែរឬអត់?
ភាពជោគជ័យនៅក្នុងមុខតំណែងជាអ្នកដឹកនាំ ទាមទារឲ្យមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមនុស្សគ្រប់រូប។ ការបង្កើតទំនាក់ទំនងមួយប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាពគឺជាមូលដ្ឋានគ្រឹះមួយនៃភាពជោគជ័យក្នុងជំនួញ។ សំនួរនេះសំខាន់ពីព្រោះថា CEO នឹងត្រូវធ្វើការ និងជួបមនុស្សគ្រប់ប្រភេទដើម្បីទំនាក់ទំនងក្នុងអាជីវកម្មប្រចាំថ្ងៃ។ វាជាជំនាញដ៏ចាំបាច់របស់ CEO ហើយអ្នកត្រូវរៀនអភិវឌ្ឍជំនាញនេះឲ្យបានប្រសើរបំផុត។
៤.តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកការរិះគន់ដែរឬទេ?
ដោយសារតែការងារជា CEO មានការទទួលខុសត្រូវខ្ពស់ចំពោះស្ថាប័នអាជីវកម្មទាំងមូល ដូច្នេះភាពជោគជ័យ ឬបរាជ័យ សម្ពាធ ការខកចិត្ត ឬសប្បាយរីករាយ ការគាំទ្រ ឬមិនគាំទ្រ ការឲ្យតម្លៃ និងការរិះគន់អាចកើតមានឡើងគ្រប់ពេល។ នៅពេលខ្លះអ្នកធ្វើការរាប់សិបឆ្នាំដោយគ្មានអ្នកណាម្នាក់មកស្តីបន្ទោស ឬកោតសរសើរលើការខិតខំប្រឹងប្រែងរបស់អ្នក។ កូនចៅរបស់អ្នកអាចមិនពេញចិត្តការសម្រេចចិត្តរបស់អ្នក។ ក៏ប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យអ្នកអាចហែលឆ្លងកាត់ស្ថានភាពទាំងនេះបាន? នោះគឺទំនុកចិត្ត និងភាពជឿជាក់របស់អ្នក។ គុណសម្បត្តិរបស់អ្នកមួយនេះ ជួយឲ្យអ្នកបន្តដំណើរទៅមុខឆ្ពោះទៅកាន់គោលដៅដោយមិនភ័យខ្លាច។
៥.តើអ្នកអាចមើលថែជីវិតឯកជនរបស់អ្នកបានល្អកម្រិតណា?
ថ្វីត្បិតតែមុខជំនួញគឺជាការងារសំខាន់ និងអាទិភាពសម្រាប់អ្នក ក៏ប៉ុន្តែនេះមិនមែនមានន័យថា អ្នកមិនអាចធ្វើឲ្យជីវិតរបស់អ្នកគ្មានតុល្យភាពដោយមើលរំលងពីតម្រូវការផ្ទាល់ខ្លួនឡើយ។ ក្រៅពីការងារដែលពោរពេញដោយសម្ពាធ អ្នកក៏ត្រូវការបែងចែកពេលវេលាដើម្បីលំហែកម្សាន្ត មើលថែសុខភាពខ្លួនឯង មើលថែមនុស្សដែលអ្នកស្រលាញ់ និងធ្វើការងារក្នុងជីវិតឯកជនជាច្រើនទៀត។ នេះជាកិច្ចការចាំបាច់មិនខុសពីការងាររបស់អ្នកឡើយ។ បើអ្នកអាចគ្រប់គ្រងការងារឯកជនរបស់អ្នកបានល្អប្រសើរ វាក៏រួមចំណែកឲ្យការគ្រប់គ្រងជំនួញក្នុងនាមជា CEO ក៏នឹងទទួលបានភាពជោគជ័យតាមនោះដែរ៕
ប្រភព៖ Businessinsider