សុភាសិតស្វីស៖ «ទុក្ខ​កង្វល់​ច្រើន​តែ​ធ្វើ​ឲ្យ​របស់​តូចតាច​ជះ​ស្រមោល​ធំ។»​



ជនជាតិ​ស្វីស​មាន​សុភាសិត​មួយ​ថា «ទុក្ខ​កង្វល់​ច្រើន​តែ​ធ្វើ​ឲ្យ​របស់​តូចតាច​ជះ​ស្រមោល​ធំ។» អ្វីៗ​គឺ​អាស្រ័យ​នៅ​លើ​ការ​គិត។ មនុស្ស​យើង​តែង​ធ្វើ​ឲ្យ​ខ្លួនឯង​លិចលង់​នៅ​ក្នុង​ការ​គិត​របស់​ខ្លួនឯង ក្លាយ​ជា​ទាសករ​នៃ​ការ​គិត​របស់​ខ្លួនឯង ពោល​គឺ​មិន​អាច​គ្រប់គ្រង​បញ្ជា​ការ​គិត​របស់​ខ្លួនឯង​បាន។ នៅ​ពេល​អ្នក​មិន​បាន​ត្រួតពិនិត្យ​យកចិត្តទុកដាក់​ការ​គិត​របស់​ខ្លួនឯង​ទេ នោះ​នៅ​ពេល​ការ​គិត​មិន​ល្អ​មួយ​បាន​លេច​ឡើង​មក ដោយ​មិន​ដឹង​ខ្លួន គ្រាប់​ពូជ​នេះ​នឹង​បណ្ដុះ​នូវ​ការ​គិត​អវិជ្ជមាន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ការ​គិត​របស់​អ្នក​ជា​បន្តបន្ទាប់​គ្នា។ បើ​អ្នក​ដឹង​ខ្លួន​ទាន់ ដឹង​ថា​ឫសគល់​នៃ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ការ​គិត​របស់​ខ្លួនឯង នោះ​អ្នក​នឹង​អាច​ចាកចេញ​ពី​មហាសមុទ្រ​លិចលង់​នេះ​បាន។

ភាគច្រើន​បញ្ហា​ជាក់ស្ដែង​មាន​សភាព​តូចតាច​នោះ​ទេ ប៉ុន្តែ​ការ​គិត​របស់​អ្នក ទុក្ខ​កង្វល់​របស់​អ្នក​បាន​ធ្វើឲ្យ​បញ្ហា​តូចតាច​នេះ​រីក​ធំ​ឡើង​បន្តិច​ម្ដងៗ​រហូត​ទាល់តែ​បញ្ហា​តូចតាច​នេះ​ហាក់​ដូចជា​មាន​អំណាច​ខ្លាំងក្លា​ណាស់ រហូត​ទាល់តែ​មាន​អ្នក​ខ្លះ​ងើប​មិន​រួច​ពី​ការ​លិចលង់​នេះ។ ទុក្ខ​កង្វល់​នេះ​ឯង​ដែល​បាន​បិទបាំង​ចិត្ត​អ្នក​មិន​ឲ្យ​មើល​ឃើញ​អ្វីៗ​បាន​ច្បាស់លាស់ មិន​ឃើញ​អ្វី​ៗ​ទៅ​តាម​សភាព​ពិត​របស់​វា។ Marcus Aurelius ក៏​បាន​និយាយ​ដែរ​ថា «អ្នក​មាន​អំណាច​ទៅលើ​ការ​គិត​របស់​ខ្លួនឯង មិន​មែន​រឿង​ខាងក្រៅ​នោះ​ទេ។ ដឹង​ការ​ពិត​នេះ នោះ​អ្នក​នឹង​ស្វែងរក​ឃើញ​កម្លាំង​ខ្លាំងក្លា។» បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក នោះ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក។

ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ចាំ​ថា​មិន​ថា​បញ្ហា​ធំ​ប៉ុណ្ណា​ក៏​ដោយ មាន​ពេល​ខ្លះ​ត្រូវការ​ដំណោះស្រាយ​តូចតាច​មួយ​ប៉ុណ្ណោះ។ បញ្ហា​ធំ​ប៉ុណ្ណា​ក៏​ត្រូវ​បំបែក​វា​តូចៗ ដោះស្រាយ​ចេញ​ពី​រឿង​តូចតាច​ទៅ​មុន​សិន នោះ​ទើប​បញ្ហា​ធំ​ងាយស្រួល​ដោះស្រាយ​បាន។ បើ​ការ​គិត​របស់​អ្នក​ជំពាក់ជំពិន នោះ​សូម្បីតែ​បញ្ហា​តូចតាច​ក៏​អ្នក​សម្លឹង​មើល​ឃើញ​វា​ជំពាក់ជំពិន​ដែរ៕

ដោយ៖ ស្រីពៅ

X
5s