អាថ៌កំបាំងនៅពីក្រោយថា តើការរកស៊ីគឺជារឿងល្អ ឬមិនល្អសម្រាប់អ្នក
នៅពេលនិយាយពីភាពមានបាន មនុស្សភាគច្រើនបាននឹកឃើញភ្លាមដល់ការរកស៊ី ត្បិតអីពួកគេយល់ថា នេះជាវិថីមួយដែលធ្វើឲ្យមនុស្សឆាប់កសាងភាពមានបានយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែពួកគេអាចនឹងភ្លេចសួរខ្លួនឯងថា តើមានមនុស្សប៉ុន្មានអ្នកក្នុងចំណោម ១០ នាក់ជោគជ័យក្នុងមុខជំនួញ? នេះបញ្ជាក់ថា ជីវិតជាអ្នកជំនួញ គឺទាមទារលក្ខណសម្បត្តិច្រើនណាស់ ហើយថា អ្នកមានលក្ខណសម្បត្តិទាំងនោះដើម្បីធ្វើជំនួញឬអត់ គឺត្រូវពិនិត្យមើលចំណុចទាំងអម្បាលម៉ានខាងក្រោមនេះ៖
សញ្ញាណ ៣ បញ្ជាក់ថា ការរកស៊ីជារឿងល្អសម្រាប់អ្នក
១.អ្នកចាប់ផ្តើមធុញថប់នឹងទំនៀមទម្លាប់ធ្វើការឲ្យគេ
តើអ្នកធ្លាប់មានធ្លាប់ធ្វើការមួយ ឬច្រើនក្រុមហ៊ុន ហើយមានអារម្មណ៍ថា អ្នកមិនទទួលបានផលប្រយោជន៍អ្វីសោះពីការងារទាំងនោះ? តើជីវិតដ៏រីករាយរបស់អ្នកត្រូវពឹងលើថ្ងៃសម្រាក ២ថ្ងៃនៅចុងសប្តាហ៍មែនទេ? មនុស្សមួយចំនួនយល់ថា ខ្លួនមិនស័ក្តិសមនឹងធ្វើការឲ្យគេ។ មិនចង់ធ្វើការឲ្យគេ ហើយបានប្រាក់ខែត្រឹមតែមួយរស់ៗ ព្រមទាំងមិនចូលចិត្តមានអ្នកត្រួតត្រាពីលើទៀត ឬមួយក៏យល់ថា ខ្លួនកំពុងធ្វើការឲ្យគេ មិនមែនឲ្យខ្លួនឯង។
ប្រសិនបើអ្នកមានអារម្មណ៍បែបនេះមែននោះ អ្នកគួរចាប់ផ្តើមបើកជំនួញណាមួយដោយខ្លួនឯង។ មានតែការរកស៊ីប៉ុណ្ណោះដែលជាជម្រើសល្អសម្រាប់អ្នកនៅក្នុងស្ថានភាពនេះ។ រកមុខរបរមួយឲ្យច្បាស់ ឬថា បើអ្នកចង់បើកជំនួញអ្វីមួយ គួរធ្វើការយកបទពិសោធន៍ពីមុខជំនួញនោះជាមុនសិន ចាំបើកតាមក្រោយក៏បានដែរ។
២.អ្នកមានគំនិតចង់ចូលរួមចំណែកផ្លាស់ប្ដូរសង្គម និងពិភពលោក
ការរកស៊ីបង្កើតមុខជំនួញអ្វីមួយ គឺតិចឬច្រើនមានឥទ្ធិពលធ្វើឲ្យសង្គម និងពិភពលោកផ្លាស់ប្ដូរបាន។ សហគ្រិនជោគជ័យជាច្រើនបានចាប់ផ្តើមបើកជំនួញរបស់ខ្លួនដើម្បីផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សឲ្យកាន់តែល្អប្រសើរឡើង បើទោះបីជាមុខជំនួញនោះជះឥទ្ធិពលទៅលើមនុស្សមួយក្រុមតូច ឬច្រើនក៏ដោយ។ ប្រសិនបើអ្នកមានទឹកចិត្តក្នុងការសម្លឹងខ្ពស់លើសពីមនុស្សទូទៅ ការបើកជំនួញរកស៊ីគឺជាមុខជំនួញមួយដែលអាចសម្រេចក្តីសុបិនរបស់អ្នកបាន។
៣.អ្នកជាមនុស្សមានការទទួលខុសត្រូវខ្ពស់
តើអ្នកសប្បាយចិត្តទេនៅពេលដែលអ្នកសង្កេតឃើញថា អ្នកបានធ្វើការងារមួយរបស់អ្នកដោយជោគជ័យនៅក្នុងថ្ងៃនីមួយៗ បើទោះបីជាបានលទ្ធផលតិច ឬច្រើនក៏ដោយ? ឬក៏ថា ប្រសិនបើការងាររបស់អ្នកមិនបានលទ្ធផលល្អ តើអ្នកយល់ថា វាធ្វើឲ្យអ្នកធុញថប់ដែរឬទេ? បើចម្លើយរបស់អ្នកមានភាពសុទិដ្ឋិនិយម មានន័យថា អ្នកជាមនុស្សមានមហិច្ឆតាពិតប្រាកដក្នុងមុខជំនួញរបស់អ្នក។
នៅពេលអ្នកចាប់ផ្តើមអាជីវកម្មថ្មីមួយ អ្វីដែលអ្នកត្រូវមានគឺការទទួលខុសត្រូវ។ អ្នកជំនួញគឺជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់លើកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដើម្បីសម្រេចបានគោលដៅធំនៅពេលខាងមុខ។ ប្រសិនបើការងាររបស់អ្នកចេះតែជំរុញឲ្យអ្នកមានទឹកចិត្តកាន់តែខ្លាំងក្លាឡើង នោះមានន័យថា វិថីជាសហគ្រិនកំពុងស្ថិតនៅក្នុងដៃអ្នកជាបណ្តើរៗហើយ។
សញ្ញាណ ៣ ដែលបញ្ជាក់ថា ការរកស៊ីមិនមែនជារឿងល្អសម្រាប់អ្នក
១.អ្នកចូលចិត្តដើរតាមផ្លូវដែលងាយស្រួល
ចង់ធ្វើអ្វីៗដែលងាយស្រួល វាមិនខុសទេ។ ប៉ុន្តែសម្រាប់អ្នកជំនួញវិញ ជម្រើសមួយនេះមិនអាចទៅរួចឡើយ ហើយប្រសិនបើអ្នកចង់បានលុយលឿន និងងាយស្រួលបំផុត ការធ្វើជំនួញប្រាកដណាស់ក៏មិនមែនជាជម្រើសរបស់អ្នកនោះដែរ។ អ្នកត្រូវដឹងថា វិថីជាសហគ្រិនគឺលំបាកខ្លាំងណាស់ ហត់នឿយខ្លាំង អត់ធ្មត់ មានសម្ពាធខ្លាំង ការទទួលខុសត្រូវខ្ពស់ ហើយត្រូវចំណាយពេលយូរទើបបានលទ្ធផល។ បើអ្នកមើលឃើញថា អ្នកមិនមែនជាមនុស្សបែបនេះទេ ការធ្វើជាអ្នករកស៊ីមិនល្អស័ក្តិសមសម្រាប់អ្នកទេ។
២.ចង់រកស៊ីដើម្បីគ្រាន់តែបង្កើតការងារឲ្យខ្លួនឯង
សូមកុំជ្រើសរើសយកការបាត់បង់ការងារមកធ្វើជាមូលហេតុដែលធ្វើឲ្យអ្នកចេញរកស៊ីដោយខ្លួនឯងឲ្យសោះ ឬក៏ថា ដើម្បីចង់បង្កើតការងារសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ ក៏ប៉ុន្តែវិថីជាសហគ្រិន គឺត្រូវធ្វើដំណើរវែងឆ្ងាយណាស់។ ខណៈដែលប្រាក់ចំណេញគឺជាគោលដៅនៃការរកស៊ី ក៏ប៉ុន្តែអ្នកក៏ត្រូវធ្វើឲ្យសង្គមផ្លាស់ប្ដូរដែរ។
ឥទ្ធិពលជំនួញរបស់អ្នកអាស្រ័យថា តើមុខជំនួញរបស់អ្នកចូលរួមបង្កើតការងារ ជួយអតិថិជន និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឬពិភពលោកបានច្រើនកម្រិតណា? វាមិនខុសទេ ប្រសិនបើអ្នកបង្កើតជំនួញត្រឹមសម្រាប់រកការងារឲ្យខ្លួនឯង។ យ៉ាងណាមិញ លទ្ធផលដែលអ្នកនឹងទទួលបាន គឺមិនវិសេសវិសាលធំដុំដូចសហគ្រិនដទៃទៀតឡើយ។
៣.អ្នកចេញរកស៊ីដោយសារតែចង់ក្លាយជាអ្នកមានតែប៉ុណ្ណោះ
ប្រសិនបើគោលដៅនៃការរកស៊ីរបស់អ្នកគឺដើម្បីគិតតែប្រាក់ចំណូល ហើយចង់មានបានដោយសារវា នោះនៅមានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវដឹងនៅទីនេះ។ អ្នកត្រូវដឹងថា សហគ្រិនទាំងអស់មិនមែនសុទ្ធតែជាអ្នកមានទេ។ បើអ្នកគិតថា ការរកស៊ីធ្វើឲ្យអ្នកជោគជ័យ ឆាប់មានបាន ម្ល៉េះក្នុងចំណោមសហគ្រិន ១០ នាក់ ពួកគេប្រហែលជាមិនមានអ្នកបរាជ័យដល់ទៅ ៨នាក់នោះទេ។
អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត គឺថា ភាពចង់ក្លាយជាអ្នកយ៉ាងឆាប់រហ័សពេកគឺជាហេតុផលដ៏ធំមួយដែលធ្វើអាជីវកម្មថ្មីថ្មោងត្រូវក្ស័យធន។ ហេតុអ្វី? ពីព្រោះសហគ្រិនជាច្រើនជឿជាក់ថា អាជីវកម្មរបស់ខ្លួននឹងរីកចម្រើនទៅមុខដែលអាចផ្តល់ប្រាក់ចំណូលដល់ពួកគេ ហើយពួកគេយកប្រាក់ចំណេញនោះសម្រាប់តែប្រើប្រាស់តាមតម្រូវការខ្លួនឯង ពោលគឺមិនព្រមវិនិយោគ ឬទៅពង្រឹងយុទ្ធសាស្ត្រជំនួញឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះឡើយ៕
ប្រភព៖ Inc