អ្នក​ជំនាញ​បង្ហាញ​ថា នៅ​ពេល​អនាគត​រៀន​​បន្ត​នៅ​មហាវិទ្យាល័យ​ទំនង​ជា​លែង​សំខាន់​ទៀត​ហើយ​



យោង​តាម​អ្នក​ជំនាញ​​ផ្នែក​​ការ​អប់រំ​បាន​ឲ្យ​ដឹង​ថា  ការ​​សិក្សា​រៀនសូត្រ​ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​​អប់រំ​ពី​មហាវិទ្យាល័យ​ទំនង​ជា​លែង​​​សំខាន់​​សម្រាប់​អាជីព​ការងារ​របស់​មនុស្ស​តទៅទៀត​ហើយ។

ថ្លែង​​នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី ​ “ Street Signs Europe” របស់​សារព័ត៌មាន CNBC ​កាល​ពី​ថ្ងៃ​ថ្ងៃ​ច័ន្ទ​​កន្លង​ទៅ​ លោក John Fallon ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អប់រំ Pearson ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​បាន​ឡើង​ថា ការ​រំពឹង​ទុក​សម្រាប់​ការ​ផ្លាស់ប្ដូរ​ក្នុង​​អាជីព​​ការងារ និង​អនាគត​យូរអង្វែង​របស់​មនុស្ស​​កំពុង​ត្រូវ​បាន​កាត់​បន្ថយ​​នូវ​ការ​ឲ្យ​តម្លៃ​លើ​​​​សារសំខាន់​នៃ​ការ​អប់រំ​នៅ​​ថ្នាក់​មហាវិទ្យាល័យ។

លោក Fallon​ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« នៅ​ពេល​គិត​ដល់​រឿង​នេះ​ ប្រសិន​បើ​​អ្នក​រៀនចប់​វិទ្យាល័យ​នៅ​អាយុ ១៨ ឆ្នាំ អ្នក​នឹង​មាន​ឱកាស​​រស់​ច្រើន​ជាង ៥០% ដែល​អាច​​មាន​អាយុ​លើស​ពី ​១០០ ឆ្នាំ។ នេះ​មានន័យថា ទោះ​អ្នក​មាន​អាយុ ៧០ ឬ ៨០ ឆ្នាំ​ក្តី អ្នក​នៅតែ​​មាន​កម្លាំង​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​ ហើយ​ឆ្លងកាត់​រយៈពេល​ទាំង​នេះ ​អ្នក​ទំនង​ជា​មាន​អាជីព​​ការងារ​ដល់ទៅ​ ៥ ឬ ៦ ផ្សេង​គ្នា​។ ដូច្នេះ​​ទស្សនៈ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​​នៅ​អាយុ​អាយុ ២០ និង ២២ ឆ្នាំ​ហ្នឹង វា​លែង​មាន​ទៀត​ហើយ ពី​ព្រោះ​អ្នក​ត្រូវ​​រៀន​ឡើង​វិញ​ពី​អ្វី​ថ្មីៗ អភិវឌ្ឍ​ជំនាញ​ឡើង​វិញ និង​ត្រូវ​ព្យាយាម​ធ្វើ​រឿង​ទាំង​នេះ​ពេញ​មួយ​ជីវិត​​របស់​អ្នក»

ក្រុមហ៊ុន Pearson ដែល​ជា​​ក្រុមហ៊ុន​​បោះពុម្ពផ្សាយ​​ផ្ដោត​លើ​វិស័យ​អប់រំ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​  ​បាន​បង្កើត​មាតិកា និង​ការ​​វាយតម្លៃ​លើ​ការអប់រំ​យ៉ាង​ច្រើន​សំបូរ​បែប​ ហើយ​កំពុង​​​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចំនួន ៧០ ។ ក្រុមហ៊ុន​​​នេះ​បាន​ប្រកាស​កាលពី​ខែ​​កក្កដា​ថា រាល់​ការ​ចេញ​ផ្សាយ​អត្ថបទ​បោះពុម្ព​​ថ្មីៗ​ចំនួន ១ ៥០០ របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​នឹង​ផ្ដោត​លើ​​វិស័យ​ “ ឌីជីថល​” ជា​អាទិភាព​តែម្តង (Digital First)។

CEO រូប​នេះ​បាន​ពន្យល់​ទៀត​ថា ឥរិយាបថ​​ឆ្ពោះ​ទៅ​រក​ការ​អប់រំ និង​អាជីព​ការងារ កំពុង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​ហេតុ​ថា យុវជន​ជំនាន់​ក្រោយ​បាន​ធំ​ដឹងក្តី​ឡើង​ជាមួយ​នឹង​​​ភាព​​រីកចម្រើន​នៃ​យុគសម័យ​ឌីជីថល (Digital-First World)។ លោក​ថា យុវជន​ជំនាន់​ក្រោយ​​​មិន​ចង់​លះបង់​ប្រាក់កាស និង​ពេលវេលា​រៀនសូត្រ​ដ៏​ច្រើន​របស់​ខ្លួន​​​ទៅ​លើ​​​​ជំនាញ​ទាំងឡាយ​ណា​ដែល​មិន​​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​ការងារ​ជាក់ស្តែង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​​ទៀត​ឡើយ។

ទន្ទឹម​នឹង​ការ​លើកឡើង​របស់​លោក Fallon​ ការ​ស្រាវជ្រាវ​​ថ្មីៗ​ក៏​បាន​រក​ឃើញ​នូវ​ទិន្នន័យ​ដែល​ថា យុវជន​សម័យ​ថ្មី​ចាប់​ផ្តើម​គិតគូរ​រក​ជម្រើស​ថ្មី​ក្រៅ​ពី​ការ​រៀនសូត្រ​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដើម្បី​ឱកាស​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ផ្អែក​លើ​ស្ថិតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និស្សិត​ជាតិ (The National Student Clearinghouse Research Center) របស់​អាមេរិក​បាន​បង្ហាញ​ថា​ការ​ចុះឈ្មោះ​ចូលរៀន​នៅ​កម្រិត​ក្រោយ​មធ្យមសិក្សា​​មាន​ការ​ថយ​ចុះ​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ ១,៧% នៅ​​និទាឃរដូវ​​ឆ្នាំ ២០១៩ ​នេះ។ 

នៅ​អង់គ្លេស​វិញ ការ​បោះឆ្នោត​ស្ទាបស្ទង់​មតិ​មួយ​ទៅ​លើ​សិស្ស​អង់គ្លេស ៣ ០០០ នាក់​ដែល​បាន​ចេញ​ផ្សាយ​​នៅ​ខែ​នេះ​បាន​រក​ឃើញ​ថា មាន​សិស្ស ២០% ​ដែល​មាន​អាយុ​ត្រឹម ១៦ ឆ្នាំ​ចុះក្រោម​គិត​ថា  ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​មិនមែន​ជា​រឿង​ចាំបាច់​សម្រាប់​ពួកគេ​ទេ។ ក្រុមហ៊ុន  Ipsos Mori  វិញ​ក៏​បាន​រក​ឃើញ​ដែរ​ថា ​យុវជន​ជំនាន់​ក្រោយ​​បង្ហាញ​អារម្មណ៍​ពួកគេ​ថា ​បាន​រៀនសូត្រ​ពី​មនុស្ស​ល្អៗ​ សំខាន់​ជាង​រៀន​យក​សញ្ញាប័ត្រ។

យ៉ាងណាមិញ​ លោក​ John Fallon បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​នៅ​បន្ត​គាំទ្រ​ដល់​ការ​អប់រំ​នៅ​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត គ្រឹះស្ថានសិក្សា​​នានា​ដូច​ជា មហាវិទ្យាល័យ វិទ្យាស្ថាន​ឯកជន និង​រដ្ឋ​​ជាដើម​​ ត្រូវ​ងាក​មក​ផ្តោត​លើ​មុខជំនាញ​​ណា​ដែល​​បច្ចេកវិទ្យា​​ពិបាក​នឹង​ជំនួស​បាន។ ​

«ជំនាញ​ដែល​ត្រូវ​​បង្រៀន​គឺ​មាន​ដូចជា ជំនាញ​ត្រូវ​រៀន​សូត្រ​ដោយ​របៀបណា រៀន​​​ពី​របៀប ឬ​បង្កើន​សមត្ថភាព​​ធ្វើ​ឲ្យ​មាន​គំនិត​ច្នៃប្រឌិត  គំនិត​ប្លែកៗ  រៀន​បង្កើន​សមត្ថភាព​ក្នុង​ការ​បញ្ចុះបញ្ចូល​​អ្នកដទៃ​ដែល​មាន​ទស្សនៈ​គំនិត​ខុសគ្នា  សមត្ថភាព​ក្នុង​ការ​បណ្តុះបណ្តាល​នរណា​ម្នាក់​ពី​របៀប​ធ្វើ​អ្វី​មួយ​ សមត្ថភាព​ក្នុង​ការ​ដឹកនាំ និង​សមត្ថភាព​ក្នុង​ការ​​ស្វែងយល់​ពី​​អ្នកដទៃ​ជាដើម។ ជំនាញ​ទាំងអស់​នេះ ពិត​ជា​សំខាន់​ណាស់​នៅ​ពេល​អនាគត​»។ លោក Fallon បញ្ជាក់​។

ទោះបីជា​ Fallon បាន​ព្យាករណ៍​ថា​  ការ​អប់រំ​នៅ​មហាវិទ្យាល័យ​នឹង​មិន​សូវ​សំខាន់​នា​ពេល​អនាគត​ក៏ដោយ​ក៏  ស្ថិតិ​​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា  នៅ​ពេល​កន្លង​មក​ការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅតែ​​រួមចំណែក​​យ៉ាង​សំខាន់​សម្រាប់​ការ​រកលុយ​បាន​កាន់តែ​ច្រើន។

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​​អាមេរិក​ក្នុង​ខែ​កុម្ភៈ​​កន្លង​ទៅ ​បាន​បង្ហាញ​ថា ​អ្នក​​ដែល​មាន​​សញ្ញាប័ត្រ​​ដូច​ជា វេជ្ជបណ្ឌិត មេធាវី អ្នក​គ្រប់គ្រង គណនេយ្យករ​ជាដើម​ រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង អ្នក​ដែល​បាន​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ។ ទន្ទឹម​នឹង​នេះ ទិន្នន័យ​របស់​វិទ្យាស្ថាន​អប់រំ​របស់​រដ្ឋាភិបាល​អង់គ្លេស​​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​រៀនចប់​មហាវិទ្យាល័យ មាន​ប្រាក់​ចំណូល​កើន​ឡើង ៦%  ខណៈ​ដែល​ស្រី្ត​ អាច​រក​ចំណូល​​កើន​ឡើង​ដល់​ទៅ ២៨% ៕

ចុះ​អ្នក​វិញ តើ​អ្នក​គិត​ថា រៀន​នៅ​មហាវិទ្យាល័យ​​នៅតែ​សំខាន់​សម្រាប់​អ្នក​ដែរ​ឬទេ? 

ប្រភព៖ CNBC 

X
5s