ការសិក្សាមួយបានឲ្យដឹងថាយុវវ័យជំទង់កំពុងប្រឈមនឹងបញ្ហាមួយចំនួនពីការប្រើប្រាស់បណ្ដាញសង្គម​



ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ នៅក្នុងអត្ថបទ The Lancet Child & Adolescent Health ដែលទាក់ទងនឹងបទសម្ភាសន៍ជាមួយក្មេងៗជិត ១ ម៉ឺននាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៦ ឆ្នាំនៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថាអ្នកស្រាវជ្រាវបានរកឃើញថាការប្រើប្រាស់បណ្តាញសង្គមអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់ក្មេងៗជំទង់ដោយបង្កើនការប្រឈមនឹងបញ្ហាផ្លូវចិត្តនិងបាត់បង់ការគេងនិងហាត់ប្រាណ។

យោងតាមសេចក្ដីថ្លែងការរបស់អ្នកនិពន្ធសិក្សាស្រាវជ្រាវ Russell Viner នៃវិទ្យាស្ថាន UCL Great Ormand Street បាននិយាយថាលទ្ធផលការស្រាវជ្រាវលើក្មេងៗជំទង់ទាំងនោះបានបង្ហាញថាការប្រើប្រាស់បណ្ដាញសង្គមញឹកញាប់អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដូចជាប្រឈមនឹងការគំរាមកំហែងតាមអ៊ីនធឺណិតនិងមាតិកា (content) មិនល្អមួយចំនួនព្រមទាំងប៉ះពាល់ដល់ការគេងនិងការធ្វើលំហាត់ប្រាណផងដែរ។

ការស្រាវជ្រាវនេះបានធ្វើឡើងដោយសម្ភាសក្មេងជំទង់ក្នុងមួយឆ្នាំម្ដងចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ អំពីភាពញឹកញាប់ដែលពួកគេបានឆែកឬប្រើប្រាស់បណ្តាញសង្គមរួមមាន Facebook Instagram WhatsApp Twitter និង Snapchat ហើយការប្រើប្រាស់ឬឆែកបណ្ដាញសង្គមទាំងនោះច្រើនជាងបីដងក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកថាជាការប្រើប្រាស់ញឹកញាប់។ បន្ថែមពីនេះ អ្នកស្រាវជ្រាវក៍បានសួរដេញដោលក្មេងៗទាំងនេះអំពីបញ្ហាផ្លូវចិត្តនិងសុខុមាលភាពផ្ទាល់ខ្លួនរបស់ពួកគេដូចជាការពេញចិត្តក្នុងជីវិត សុភមង្គល និងបញ្ហាថប់បារម្ភជាដើម។

អ្នកស្រាវជ្រាវបានរកឃើញថាទាំងពីរភេទដែលបានប្រើប្រាស់បណ្តាញសង្គមញឹកញាប់បានប្រឈមជាមួយនឹងភាពតានតឹងខាងផ្លូវចិត្ត ជាពិសេសនោះគឺលទ្ធផលជាង ៦០ ភាគរយនោះកើតឡើងចំពោះក្មេងស្រីជំទង់។ ប៉ុន្តែសម្រាប់ក្មេងប្រុសជំទង់គឺទទួលរងផលវិជ្ជមានផ្លូវចិត្តនោះតែជាង ១២ ភាគរយប៉ុណ្ណោះ​។ ជំងឺធុញថប់នេះធ្វើឲ្យពួកគេមិនបានគិតគូរដល់សុខភាពខ្លួនឯងដោយមិនបានធ្វើលំហាត់ប្រាណនិងបាត់បង់ការគេងគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះទេ ក៍មានការស្រាវជ្រាវមួយកាលពីខែមុននៅប្រទេសកាណាដាបានបង្ហាញថាការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមច្រើនពេកបណ្ដាលឲ្យមានការកើនឡើងនូវរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សវ័យជំទង់ផងដែរ។

ជាមួយនឹងការសិក្សានេះបានបង្ហាញឲ្យឃើញថាមិនមែនជាកំហុសបណ្តាញសង្គមទាំងឡាយទេដែលបង្កឱ្យមានបញ្ហាទាំងនេះដល់អ្នកប្រើប្រាស់។ អ្វីដែលជាបញ្ហានោះគឺទំនងជាមាតិកាអវិជ្ជមានដែលមនុស្សវ័យជំទង់ជួបប្រទះលើបណ្ដាញសង្គមទាំងនេះដែលបង្កឲ្យពួកគេមានប្រតិកម្មអវិជ្ជលើមាតិកាទាំងនោះនិងការប្រើប្រាស់លើសពីតម្រូវការ។ ដូចនេះវិធានការក្នុងការជួយកាត់បន្ថយការប៉ះពាល់ដល់ក្មេងជំទង់ទាំងនេះគឺគួរតែមានយុទ្ធសាស្ត្រអប់រំក្មេងៗទាំងនេះអំពីរបៀបដែលគួរប្រើប្រាស់បណ្ដាញសង្គមទាំងនេះឲ្យត្រឹមត្រូវនិងមានប្រយោជន៍៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s