ប្រើវិធីសាស្រ្ត៣នេះ ដើម្បីចង់ដឹងថា ការប្រឹងប្រែងនៅក្នុងមុខជំនួញរបស់អ្នកនាំមកនូវភាពជោគជ័យឬបរាជ័យ
មនុស្សគ្រប់គ្នាដឹងថា ការខិតខំប្រឹងប្រែងនឹងនាំមកនូវភាពជោគជ័យ។ ក៏ប៉ុន្តែផ្លូវជោគជ័យក៏មានឧបសគ្គ និងត្រូវឆ្លងកាត់ការបរាជ័យរាប់មិនអស់ផងដែរ។ ទន្ទឹមនឹងនេះ បុគ្គលខ្លះពោរពេញទៅដោយគំនិតច្នៃប្រឌិត បទពិសោធន៍ និងខិតខំប្រឹងប្រែងគ្រប់ពេលវេលា ប៉ុន្តែនៅតែបរាជ័យ។
ដើម្បីចង់ដឹងថា ការខិតខំប្រឹងប្រែងនៅក្នុងមុខជំនួញរបស់អ្នកអាចនាំមកនូវភាពជោគជ័យ ឬបរាជ័យ អ្នកអាចប្រើប្រាស់ក្បូន ៣ ចំណុចខាងក្រោមនេះ៖
នេះជាវិធី ៣ ចំណុចដែលបង្ហាញថា ការប្រឹងប្រែងរបស់អ្នកគឺទទួលភាពជោគជ័យ៖
១.អតិថិជនហូរចូល និងមានបុគ្គលិកកាន់តែច្រើនឡើង
សញ្ញាណសំខាន់ដំបូងដែលបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានជោគជ័យ គឺអ្នកមានអតិថិជនហូរចូលកាន់តែច្រើនឡើងទាំងអ្នកចាស់ និងអ្នកថ្មី។ មិនតែប៉ុណ្ណោះ នៅពេលអ្នកជួលបុគ្គលិកកាន់តែច្រើនឡើងដើម្បីជួយសម្រួលការងាររបស់អ្នក វាគឺជាសញ្ញាណល្អដែលបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានលទ្ធផលវិជ្ជមាន។
២.អ្នកមានអារម្មណ៍តានតឹង និងមានការងារធ្វើកាន់តែច្រើនរកពេលទំនេរគ្មាន
មានអតិថិជនចូលមកកាន់តែច្រើនឡើង និងទៀងទាត់ ព្រមទាំងមានវត្តមានបុគ្គលិកថ្មីៗចូលមក តើអ្នកគិតថា អ្នកនឹងមានពេលធូរស្រាលជាងមុនមែនទេ? ការគិតបែបនេះគឺជារឿងមិនត្រឹមត្រូវឡើយ។ សញ្ញាណបន្ទាប់ដែលបញ្ជាក់ថា អ្នកកំពុងខិតខំឆ្ពោះទៅរកភាពជោគជ័យគឺ អ្នកមានអារម្មណ៍កាន់តែធុញថប់ សម្ពាធច្រើន ហើយមានការងារត្រូវធ្វើកាន់តែច្រើន។
ឥឡូវនេះត្រូវមើលថា តើអ្នកមានប្រព័ន្ធ ដឹកនាំការងារត្រឹមត្រូវនៅក្នុងអាជីវកម្មរបស់អ្នកដែរឬទេដែលអាចធ្វើឲ្យបុគ្គលិករបស់អ្នកអនុវត្តតាមដើម្បីជួយឲ្យអាជីវកម្មរបស់អ្នកដំណើរការយ៉ាងរលូន? អតិថិជនកាន់តែច្រើនមានន័យថា តម្រូវការផ្សេងៗក៏កាន់តែច្រើន ហើយអាចកាន់តែច្រើនលើសពីអ្វីដែលអ្នកគិតទៅទៀត។ សូមចាំថា ដរាបណាអតិថិជននៅបន្តបង់លុយឲ្យអ្នក អ្នកកំពុងបង្កើតភាពជោគជ័យឲ្យខ្លួនឯង ហើយនឹងមានរឿងរ៉ាវគួរឲ្យធុញថប់ជាងនេះទៅទៀត។
៣.ទីផ្សារកំពុងចាប់អារម្មណ៍អាជីវកម្មរបស់អ្នក ហើយអ្នកស្គាល់គូប្រជែងរបស់អ្នកបានច្បាស់
អ្នកអាចត្រូវបានរាំងខ្ទប់ ឬបង្អាក់ដំណើរដោយសារតែគូប្រជែងរបស់អ្នក នៅពេលដែលអ្នកកាន់តែទទួលបានចាប់អារម្មណ៍កាន់តែច្រើនឡើង។ ពួកគេចាប់ផ្តើមទាក់ទង តាមដាន និងលួចចម្លងពីអ្នក ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ ប្រសិនបើអ្នកធ្វើបានល្អជាងគេពួកគេ គូប្រជែងរបស់អ្នកអាចនឹងឆ្លៀតឱកាសប្តឹង ឬគំរាមកំហែងមកលើអ្នកទៀតផង។
នេះមិនទាន់គ្រប់គ្រាន់ដែលបញ្ជាក់ថា ជំនួញអ្នកកំពុងជោគជ័យនោះទេ។ អ្នកត្រូវដឹងពីសមត្ថភាពគូប្រជែងរបស់អ្នកឲ្យបានច្បាស់បំផុតទៀតផង។ វាប្រៀបដូចជា អ្នកបានស៊ើបការយ៉ាងសម្ងាត់ប្រកបដោយប្រសិទ្ធភាពដើម្បីយកទិន្នន័យគូប្រជែងមកវិភាគ ហើយដាក់ចេញយុទ្ធសាស្ត្រវាយលុកដណ្តើមទីផ្សារតែម្តង។
នៅខាងក្រោមនេះ ជាវិធីចំនួន ៣ ដែលបញ្ជាក់ថា ការប្រឹងប្រែងរបស់អ្នកនាំមកនូវភាពបរាជ័យ៖
១.ជំនួញរបស់អ្នក អត់លូតលាស់ទៅមុខ ហើយពិបាករកអតិថិជន
ពេលខ្លះទោះបីជាអ្នកមានផលិតផល ឬសេវាកម្មល្អដាក់លើនៅលើទីផ្សារ នោះមិនមែនមានន័យថា ជាភាពជោគជ័យនោះឡើយ។ មុននឹងចាប់ផ្តើមជំនួញរបស់អ្នក អ្នកត្រូវប្រាកដរួចហើយថា អ្នកបានស្រាវជ្រាវ ធ្វើទីផ្សារ និងសាកល្បងរួចហើយ។ ប៉ុន្តែបើលទ្ធផលនៅតែមិនមានអតិថិជនចូលមក នោះគឺមានវិធីពីរយ៉ាងគឺរៀបចំយុទ្ធសាស្ត្រឡើងវិញដូចជា ជួលបុគ្គលិកបន្ថែម ឬពង្រឹងផ្នែកលក់ជាដើម បើមិនដូច្នេះទេមានតែបិទចោលតែម្តង។
២.អ្នកមានអារម្មណ៍តានតឹង និងមានការងារធ្វើកាន់តែច្រើនរកពេលទំនេរគ្មាន
មិនខុសពីការប្រឹងប្រែងដែលនាំមកនូវភាពជោគជ័យ សញ្ញាណនៃការប្រឹងប្រែងដែលនាំមកនូវភាពបរាជ័យក៏បានបង្ហាញតាមរយៈអារម្មណ៍តានតឹង និងមានការងារធ្វើកាន់តែច្រើនរកពេលទំនេរគ្មាន។ អ្នកបានប្រឹងប្រែងខ្លាំង ប៉ុន្តែលទ្ធផលនៅតែមិនបានជាផ្លែផ្កា។ នេះអាចបញ្ជាក់ថា ការប្រឹងប្រែងរបស់អ្នកមានបញ្ហា ឬក៏ថា អាជីវកម្មរបស់អ្នកកំពុងមានកំហុសនៅត្រង់ចំណុចណាមួយដែលទាមទារឲ្យអ្នកសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ថា អ្នកគួរបន្ត ឬត្រូវដកខ្លួន។
៣.ទីផ្សារមិនចាប់អារម្មណ៍អាជីវកម្មរបស់អ្នក ហើយអ្នកស្គាល់មិនច្បាស់ពីគូប្រជែង
វាជារឿងធម្មតាទេ គូប្រជែងរបស់អ្នកតែងចង់យកឈ្នះអ្នកជានិច្ច។ តែបើពួកគេមិនចង់យកឈ្នះអ្នកទេ វាជារឿងមួយគួរឲ្យព្រួយបារម្ភ។ ប្រសិនបើគ្មានអ្នកណាម្នាក់ស្គាល់អ្នកថា អ្នកជាអ្នកណា ឬក៏ថាគូប្រជែងរបស់អ្នកស្គាល់អ្នកដែរ ប៉ុន្តែពួកគេមិនបារម្ភពីអ្នក អ្នកត្រូវតែសួរខ្លួនឯងថា ហេតុអ្វី? បើការលក់គ្មានសកម្មភាព ហើយគ្មានអ្នកណាស្គាល់អ្នក នោះមិនមែនជាសញ្ញាណល្អឡើយ។
យ៉ាងណាមិញ អ្វីដែលសំខាន់បំផុតអ្នកត្រូវចាំនោះថា បើបរាជ័យក៏មិនអីដែរ។ ក្មេងតូចៗ ត្រូវរៀនដើរ ហើយដួលមុនទើបចេះដែរ។ ពេលខ្លះវាជាការល្អបំផុតក្នុងការដើរចេញពីអាជីវកម្មដែលបរាជ័យ ហើយស្វែងរកអ្វីផ្សេងបន្ទាប់ជាមួយមេរៀនដែលអ្នកបានរៀន។ ត្រូវចាំថា អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯង ហើយមើលសញ្ញាដែលនៅជុំវិញអ្នក។ សញ្ញាទាំងអស់នោះនឹងប្រាប់ការពិតដល់អ្នក៕
ប្រភព៖ Addicted2success