វិធីសាស្ត្រ ៦យ៉ាង ជួយដល់ដំណើរការពាណិជ្ជកម្មសេរីក្នុងប្រទេសកំពុងអភិវឌ្ឍន៍
ពាណិជ្ជកម្មសេរីបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសក្នុងតំបន់កាន់តែមានភាពល្អប្រសើរឡើង ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ហើយក៏បានបង្កើនលទ្ធភាពដល់អ្នកប្រើប្រាស់ មានជម្រើសច្រើនក្នុងការទទួលបានអ្វីដែលគេចង់បាន បង្កើនលទ្ធភាពចំណាយ និងពង្រីកការច្នៃប្រឌិតបានកាន់តែខ្ពស់។ តែអ្នកគួរធ្វើយ៉ាងណាដើម្បីឲ្យមានដំណើរការល្អនៃពាណិជ្ជកម្មសេរីក្នុងប្រទេសកំពុងអភិវឌ្ឍន៍?
១) គាំទ្រការវិនិយោគលើខ្សែចង្វាក់ផលិតកម្ម និងជួយជំរុញពាណិជ្ជកម្មអន្តរតំបន់៖ ការធ្វើបែបនេះជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ ផ្តោតលើអត្ថប្រយោជន៍ប្រកួតប្រជែងសេដ្ឋកិច្ច។ វាបានជួយសម្របសម្រួលដល់ការដឹកជញ្ជូនឆ្លងប្រទេសដូចជា លើទំនិញកសិកម្មជាដើម ជួយបង្កើនគុណភាពផលិតកម្ម និងទទួលបានផលចំណេញកាន់តែខ្ពស់ ឧស្សាហកម្មក្នុងតំបន់មានការរីកចម្រើន ទទួលបានការគាំពារពេលចូលជាសមាជិកនៃអង្គការពាណិជ្ជកម្ម ឬអង្គការ សមាគម នានាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម។
២) ធ្វើឱ្យគោលនយោបាយតំបន់មានភាពសុខដុមរមនាតាមរយៈកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ៖ ជួយឲ្យវិនិយោគិនក្នុងស្រុក និងអន្តរជាតិអាចទៅដល់ទីផ្សារនៃតំបន់នីមួយៗដោយផ្ទាល់ មានការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងតម្លៃប្រកួតប្រជែង។ កំណែទម្រង់ផ្នែកច្បាប់ជួយឲ្យការរៀបចំឯកសារពន្ធគយមានស្តង់ដារ។
៣) វិនិយោគលើការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៖ វិនិយោគលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈជួយឲ្យបុគ្គលិក កម្មករមានការកើនឡើងផ្នែកចំណេះដឹង ទទួលបានតម្រូវការច្បាស់លាស់ និងត្រឹមត្រូវលើកំលាំងពលកម្ម ពិសេសក្នុងវិស័យឯកជន។ ឧទាហរណ៍មួរបស់ប្រទេស រ្វ៉ានដារ (Rwanda) ផ្តល់ការបណ្តុះបណ្តាលលើជំនាញអគ្គីសនី ការធ្វើម្ហូប ការផ្សារដែក ឯកទេសសំណង់ ផលិតយានយន្ត គ្រឿងយន្ត និងការងារសាធារណៈ ដើម្បីផ្គត់ផ្គង់ជំនាញដែលកំពុងមានតម្រូវការ ដើម្បីបន្តកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសខ្លួន។
៤) កសាងសមត្ថភាពស្ថាប័នក្នុងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ការនាំចេញ៖ ជួយធ្វើកំណែទម្រង់ដល់បរិយាកាសនៃការវិនិយោគ និងរំញោចឲ្យវិស័យឯកជនលើកឡើងពីបញ្ហាដែលគេកំពុងជួបប្រទះ ហើយព្យាយាមស្វែងរកដំណោះស្រាយបង្កើតឱកាសចេញពីបញ្ហាទាំងនោះ។
៥) គាំទ្រខ្លាំងលើវិស័យឧស្សាហកម្មដែលមានអត្ថប្រយោជន៍ប្រៀបធៀប៖ វានឹងជួយជំរុញដល់ការឧស្សាហកម្ម និងវិស័យដែលជួយជំរុញសេដ្ឋកិច្ចឲ្យដើរលឿន និងមានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសនានា។
៦) កម្មវិធីសហគ្រិនភាព៖ កម្មវិធីបានបង្ហាញពីការជំរុញវិស័យថ្មីៗ ជាពិសេសនៅក្នុងឧស្សាហកម្មសេវាកម្មដែលមាននៅក្នុងសេដ្ឋកិច្ចប្រទេសជាច្រើន។ កម្មវិធីសហគ្រិនភាពនេះជាសកម្មភាពជួយជំរុញដល់ការអភិវឌ្ឍអាជីវកម្ម Startup និងជំរុញលើកទឹកចិត្តដល់អាជីវកម្ម ឬអ្នកដែលមានគំនិតច្នៃប្រឌិតថ្មី៕
ដោយ៖ យ៉ាយ៉ា