មេរៀន​​ ៣ ចំណុច​ដែល​​អ្នក​គួរ​បង្រៀន​កូនៗ​របស់​អ្នក​តាំង​ពី​ក្មេង​ទៅមុនប្រឡូកក្នុងពិភពអាជីវកម្ម​​



នៅ​ពេល​ដែល​កូនៗ​របស់​អ្នក​នៅ​ក្មេង ក្នុង​​នាម​ជា​ឪពុក​ម្តាយ អ្នក​ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​ផ្តល់​ជា​គំរូ​ដល់​ពួកគេ។ សូម​ចាំ​ថា ឥរិយាបថ​របស់​អ្នក​បែប​ណា វា​នឹង​ជះឥទ្ធិពល​ដល់​កូនៗ​របស់​អ្នក។ ហេតុដូច្នេះ​ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវ​​ធ្វើ​ឲ្យ​អនាគត​របស់​ពួកគេ​ត្រចះត្រចង់។

តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច? ខាងក្រោម​នេះ​គឺ​ជា​មេរៀន ៣ ដែល​អ្នក​គួរ​បង្រៀន​ពួកគេ​ឲ្យ​បាន​មុន​ឈាន​ជើង​ចូល​ថ្នាក់​មហាវិទ្យាល័យ​​សម្រាប់​ត្រៀម​ខ្លួន​នៅ ក្នុង​ពិភព​ជំនួញ។ 

១.សារសំខាន់​នៃ​ការ​ផ្ដោត​លើ​ពេលវេលា និង​​​​លុបចោល​សកម្មភាព​គ្មាន​ប្រយោជន៍
ក្នុង​នាម​ជា​ឪពុកម្ដាយ ការ​យក​ពេល​ទៅ​អង្គុយ​មើល​កញ្ចក់​ទូរទស្សន៍ ឬ​ទូរស័ព្ទ​ បាន​ក្លាយ​ជា​ទម្លាប់​​ទូទៅ​មួយ​របស់​គ្រួសារ​សម័យ​ថ្មី​។ ក៏​ប៉ុន្តែ​នៅ​ពេល​គិត​ដល់​អនាគត​កូនៗ​របស់​អ្នក អ្នក​ត្រូវ​​បង្ហាត់​បង្រៀន​ពួកគេ​ឲ្យ​ចេះ​​ប្រើប្រាស់​ពេលវេលា​​​​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ក្មេង​ទៅ។ អ្នក​ត្រូវ​បែងចែក​ពេល​សម្រាប់​ពួកគេ​ថា ពេល​ណា​អាច​មើល​ទូរស័ព្ទ​បាន? ពេល​ណា​ត្រូវ​រៀន? ការងារ​ណា​ខ្លះ​​ដែល​​​អាទិភាព? អ្វី​ដែល​សំខាន់​បំផុត​នៅ​ទី​នេះ គឺ​អ្នក​ត្រូវ​​ឲ្យ​ពួកគេ​យល់​ឲ្យ​ច្បាស់​ពី​សារសំខាន់​នៃ​ពេលវេលា​ដែល​ត្រូវ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ និង​បោះបង់​ចោល​ទម្លាប់​មិន​ល្អ​ជា​ច្រើន​របស់​ពួកគេ។ 

២.ជំនាញ​គ្រប់គ្រង​ពេលវេលា
ការ​ផ្ដោត​លើ​សារសំខាន់​នៃ​ពេលវេលា​ និង​ការ​លុបចោល​សកម្មភាព​គ្មាន​ប្រយោជន៍​មួយ​ចំនួន​របស់​កូនៗ​របស់​អ្នក មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ អ្នក​ត្រូវ​បង្ហាត់​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ជំនាញ​មួយ​ទៀត​ដែល​មាន​សារសំខាន់​នោះ​គឺ ការ​គ្រប់គ្រង​ពេលវេលា។ ជា​ការ​ពិត​នៅ​ពេល​ពួកគេ​នៅ​ក្មេង កិច្ចការ​មួយ​នេះ​​មិនមែន​ជា​​កាតព្វកិច្ច​របស់​ពួកគេ​ឡើយ។ ក៏ប៉ុន្តែ​អ្នក​​​ត្រូវ​អន្តរាគមន៍​ជួយ​ពួកគេ​​ឲ្យ​​រៀបចំ​កាលវិភាគ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ដូចជា គម្រោង​កិច្ចការ​សាលា សកម្មភាព​ក្រោយ​មក​ពី​សាលា​រៀន និង​ការ​​លេង​កម្សាន្ត​ជាមួយ​​អ្នក ឬ​មិត្តភក្ដិ​របស់​ពួកគេ​ជាដើម។ ​មិនតែប៉ុណ្ណោះ ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​នៅ​ពេល​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​​របស់​​ខ្លួន​ដោយ​ជោគជ័យ​តាម​អាទិភាព។ 

៣.ផ្តល់​ពេលវេលា​សម្រាប់​ការ​បង្កើត​ថ្មី​ ឬ​ភាព​ច្នៃប្រឌិត​ថ្មីៗ
ចំណុច​​ចុងក្រោយ​ដែល​អាច​ឲ្យ​កូនៗ​របស់​អ្នក​ប្រឡូក​កាន់តែ​ជ្រៅ​នៅ ក្នុង​ពិភព​ជំនួញ នោះ​គឺ​ការ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​ពួកគេ​ឲ្យ​ចេញ​បង្កើត​ភាព​ច្នៃប្រឌិត​ថ្មីៗ។ អ្នក​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​សមត្ថភាព គំនិត​ច្នៃប្រឌិត មហិច្ឆតា ឬ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​លើកទឹកចិត្ត​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​ជឿជាក់​លើ​ខ្លួនឯង បង្រៀន​ពី​របៀប​ព្យាយាម​ និង​ការ​យក​ឈ្នះ​ភាព​បរាជ័យ​ជាដើម។ អ្នក​មិន​ចាំបាច់​​រំពឹង​ទុក​ខ្លាំង​ពេក​លើ​លទ្ធផល​របស់​​ពួកគេ​នោះ​ទេ ពោល​​​បើ​ពួកគេ​ធ្វើ​បាន​ល្អ​​បន្តិច​ម្តងៗ នោះ​ជា​សញ្ញាណ​ល្អ​សម្រាប់​អនាគត​កូនៗ​របស់​អ្នក​ហើយ៕

ប្រភព៖ Inc 

X
5s