ចំណេះដឹងខ្លីៗ! អ្វីទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Subsidiary Company?​



ក្នុងបរិបទសេដ្ឋកិច្ច ក្រុមហ៊ុនដែលបង្កើតឡើងមានច្រើនទម្រង់តាមច្បាប់បានកំណត់ទុករួចមកដែលក្នុងនោះមានដូចជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គល ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នីតិបុគ្គលប្រតិស្រុតជាដើម។ ក្នុងនោះដែរយើងធ្លាប់បានឮរួចមកហើយប្រភេទក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅឡើយមិនទាន់ស្គាល់ច្បាស់លាស់ពីអត្ថន័យ និងប្រតិបត្តិការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធនេះប្រព្រឹត្តទៅយ៉ាងណានោះទេ។

និយមន័យ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយដោយឡែកផ្សេងទៀត ជាទូទៅគេហៅថាជា ក្រុមហ៊ុនមេ ក្រុមហ៊ុនឪពុកម្តាយ ឬក្រុមហ៊ុនអាណាព្យាបាល (parent company or the holding company)។ 

ក្រុមហ៊ុនមេជាអ្នកគ្រប់គ្រងលើក្រុមហ៊ុនកូនចៅរបស់ខ្លួនច្រើនជាងពាក់កណ្តាលនៃភាគហ៊ុនដែលមាន។ ក្នុងករណីដែលក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ ១០០% ដោយក្រុមហ៊ុនដទៃនោះមានន័យថារាល់ការសម្រេចរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺធ្វើឡើងដោយក្រុមហ៊ុនមេ។ 

ដំណើរការក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនមេមួយទិញឬបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដើម្បីបញ្ចៀសហានិភ័យ បង្កើនផលចំនេញផ្នែកពន្ធ ធ្វើពិពិធកម្មហានិភ័យ បង្កើនទ្រព្យសកម្មក្នុងទម្រង់នៃប្រាក់ចំណូលជាដើម។ ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺជានីតិបុគ្គលដាច់ដោយឡែកពីក្រុមហ៊ុនមេ ដែលឆ្លុះបញ្ចាំងពីឯករាជ្យភាពនៃបំណុល ពន្ធ និងអភិបាលកិច្ចរបស់ពួកគេ។ ប្រសិនបើក្រុមហ៊ុនមេជាម្ចាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធហើយប្រតិបត្តិការអាជីវកម្មនៅលើទឹកដីប្រទេសណាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធនោះត្រូវធ្វើតាមច្បាប់នៃប្រទេសនោះ រួមបញ្ចូលច្បាប់អាជីវកម្ម ច្បាប់ការងារ និងប្រតិបត្តិការផ្សេងៗទាំងឡាយណាដែលពាក់ព័ន្ធនឹងអាជីវកម្ម តែទោះជាយ៉ាងណា អ្វីៗ នៅតែស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនមេដដែល។ ដើម្បីអាចធ្វើជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានលុះត្រាតែ មានការកាន់កាប់ចំណែកភាគហ៊ុនយ៉ាងតិច ៥០% ពីសំណាក់ក្រុមហ៊ុនណាមួយ ឬក្រុមហ៊ុនមេ បើភាគហ៊ុនដែលក្រុមហ៊ុនមេកាន់កាប់តិចជាង ៥០%នោះ មានន័យថាក្រុមហ៊ុននោះត្រឹមតែជាក្រុមហ៊ុនសហការ ឬសម្ព័ន្ធធម្មតា ចំណែករបាយការណ៍ហិរញ្ញវត្ថុក៏ត្រូវធ្វើ និងរៀបចំខុសពីក្រុមហ៊ុនបុត្រសម្ព័ន្ធដែរ។

របាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធតែងធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក និងឯករាជ្យមួយបន្ទាប់មកទើបធ្វើការបញ្ជូលទៅឲ្យក្រុមហ៊ុនមេ ហើយក្រុមហ៊ុនមេនឹងធ្វើរបាយការណ៍ហិរញ្ញវត្ថុរួមមួយ។ ផ្ទុយទៅវិញ របាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមិនត្រូវបានរួមបញ្ចូលជាមួយក្រយមហ៊ុនមេឡើយ តែគេរៀបចំវាក្នុងតារាងតុល្យការពីតម្លៃនៃទ្រព្យជំនួសវិញ។ ចំពោះការអនុវត្តទូទៅ ពេលមានប្រតិបត្តិការលើទីផ្សារមូលបត្រ ក្រុមហ៊ុនគួរតែធ្វើការបង្រួមក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានការកាន់កាប់ច្រើន ហើយការបង្រួបបង្រួមក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ជាទូទៅត្រូវបានគេមើលឃើញថាជាវិធីគណនេយ្យដែលមានល្អមួយ ជាជាងការផ្តល់ហិរញ្ញវត្ថុដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនមេនិងក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ។

គុណសម្បត្តិ និងគុណវិបត្តិក្នុងការក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ

អ្វីក៏ដោយសុទ្ធតែមានគុណប្រយោជន៍ និងគុណវិបតិ្តចៀសមិនរួច។ ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចមាននិងកំណត់បញ្ហាសម្រាប់ក្រុមហ៊ុនមេ។ ការខាតបង់ដែលអាចកើតមានចំពោះក្រុមហ៊ុនមេអាចត្រូវបានកំណត់ដោយប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកទទួលខុសត្រូវការពារប្រឆាំងនឹងការបាត់បង់ហិរញ្ញវត្ថុ ឬបណ្តឹងនានា។

គុណសម្បត្តិមានដូចជា៖

១) ការខាតបង់មានកំណត់

២) អត្ថប្រយោជន៍ពន្ធ

៣) ងាយស្រួលបង្កើត និងលក់វិញ

៤) មានភាពស៊ីចង្វាក់គ្នាជាមួយការបែងចែកនៃសាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

គុណវិបត្តិមានដូចជា៖

១) មានការបន្ថែមលើការងារផ្នែកច្បាប់ និងគណនេយ្យ

២) មានការិយាធិបតេយ្យ

៣) មានភាពស្មុគស្មាញលើការរៀបចំរបាយហិរញ្ញវត្ថុ

៤) ងាយមានបំណុលលើសកម្មភាពនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ 

ដោយ៖ យ៉ាយ៉ា

 

X
5s