ហេតុ​ផល​៣​យ៉ាង​ ​​ឪពុក​ម្តាយ​គ្រប់រូប​មិន​គួរ​​ទម្លាប់​ឲ្យ​លុយ​ដល់​​កូនតូចៗ​ច្រើន​ពេក​នោះ​ទេ​!​



គ្រប់​ឪពុក​ម្តាយ​ទាំងអស់​ សុទ្ធតែ​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​​មាន​ភាព​រីករាយ ​តាមរយៈ​លុយកាក់​ដែល​រកបាន​។ ​ក្នុង​នោះ​ មាន​ឪពុក​ម្តាយ​ច្រើន​បាន​ផ្តល់​លុយ​ជាច្រើន​ដល់​កូនៗ​របស់​ខ្លួន​ ដើម្បី​ទិញ​នេះ​ទិញ​នោះ​ ​​ក្នុង​គោលបំណង​​បំពេញ​តម្រូវការ​​ជាក់​ស្ដែង។ ប៉ុន្តែ​ពេល​ខ្លះ​មិនមែន​គ្រាន់​តែ​បំពេញ​តម្រូវការ​ចាំបាច់​នោះ​ទេ តែ​វា​លើស​ពី​តម្រូវការ​ទៅ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​​​លើ​ផ្នត់​​គំនិត​ និង អាកប្បកិរិយា​​ទៅវិញ​។ ​

មាន​ហេតុផល​សំខាន់ៗ​៣​​យ៉ាង​ដែល​ឪពុក​ម្តាយ​មិន​គួរ​ទម្លាប់​ឲ្យ​លុយ​ច្រើនៗ​ដល់​កូន​របស់​ខ្លួន​​ ជាពិសេស​នៅ​​វ័យ​ក្មេង​តែម្តង៖​

១) អ្វី​​ចាំបាច់​ និង អ្វី​ដែល​ចង់​បាន៖ ​​ នៅ​ពេល​ក្មេងៗ​មាន​លុយ​ច្រើន​នៅ​ក្នុង​ដៃ​ ​គឺ​ពួកគេ​គ្មាន​ថ្ងៃ​អាច​យល់​អំពី​​អ្វី​ដែល​ចាំ​បាច់​ និង មិន​ចាំ​បាច់​ឡើយ ពោល​គឺ​ផ្ដោត​សំខាន់​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ប៉ុណ្ណោះ។​ ប៉ុន្តែ​បើ​ឪពុក​ម្តាយ​ទម្លាប់​ផ្តល់​លុយ​តិចតួច​ ឬ សម​ល្មម​នឹង​បំពេញ​តម្រូវ​ការ​ណា​ដែល​សំខាន់​វិញ​ ​ប្រាកដ​ណាស់​ក្មេងៗ​ទាំងនោះ​នឹង​​​ដឹង​ច្បាស់​ថា ​អ្វី​​ខ្លះ​ដែល​គួរ​យក​លុយ​ទៅ​ទិញ​មុន​ ហើយ​អ្វី​ខ្លះ​ដែល​មិន​គួរ​។ នេះ​គឺ​ជា​មេរៀន​ដ៏​សំខាន់​បំផុត​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​។

២) ​គំនិត​សន្សំសំចៃ៖ ​ គ្មាន​ថ្ងៃ​ណា​ដែល​ក្មេងៗ​តូចៗ​​ចេះ​គិតគូរ​ រឿង​សន្សំ​លុយ​កាក់​នោះ​ទេ ដរាបណា​​ពួកគេ​មាន​លុយ​ហូរហៀរ​ក្នុង​ដៃ​ ដែល​ប្រការ​នេះ​ពិត​ជា​ផ្តល់​ផល​អវិជ្ជមាន​បំផុត​សម្រាប់​អនាគត​​របស់​ពួកគេ​។ ​ប៉ុន្តែ​បើ​​ឪពុក​ម្តាយ​មិន​ទម្លាប់​ឲ្យ​​ក្មេងៗ​​ទាំង​នោះ​ ​មាន​លុយ​ច្រើន​ ឬ ចាយ​លុយ​ច្រើន​ទេ​នោះ ​ពួកគេ​នឹង​ដឹង​ច្បាស់​អំពី​សារសំខាន់​នៃ​លុយ ហើយ​ក៏​ចេះ​សន្សំសំចៃ​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ​។

៣) ​​​​ការ​តស៊ូ៖ ​​​ មនុស្ស​ដែល​ធ្លាប់​តែ​មាន​លុយ​ច្រើន​ និង រស់នៅ​យ៉ាង​សុខ​ស្រួល​ដោយសារតែ​ការ​​ផ្គត់ផ្គង់​គ្រប់យ៉ាង​ពី​ឪពុក​ម្តាយ​នោះ​ ពួកគេ​គឺ​គ្មាន​ថ្ងៃ​ដែល​ចេះ​តស៊ូ​ក្នុង​ជីវិត​នោះ​ឡើយ។ ​នៅ​ពេល​ដែល​ជួប​ការ​លំបាក និង​ ឧបសគ្គ​ផ្សេងៗ​ ក្មេងៗ​​ប្រាកដ​​​មិន​ចង់​ស៊ូទ្រាំ​បាន​ឡើយ​។ ប៉ុន្តែ​​​ក្មេងៗ​ទាំង​ឡាយ​ណា​ដែល​ ​​មិន​ត្រូវ​បាន​ឪពុក​ម្តាយ​ទម្លាប់​ឲ្យ​ចាយ​​លុយ​ច្រើនៗ​នោះ ​ នឹង​មាន​ភាព​តស៊ូ​​ក្នុង​ការ​ជំនះ​ឧបសគ្គ​ជាង​ ដោយហេតុថា​ពួកគេ​ធ្លាប់​ជួប​ការ​លំបាក និង ​​មាន​គំនិត​ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង​ជាជាង​ ពឹង​លើ​តែ​លុយ​ឪពុក​ម្តាយ​៕

X
5s