វៀតណាមក្លាយជាខ្លាសេដ្ឋកិច្ចអាស៊ីថ្មី ជាមួយអត្រាកំណើន GDP ជាង ៧%ក្នុងឆ្នាំ២០១៨
សេដ្ឋកិច្ចក្នុងតំបន់អាស៊ីចន្លោះពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៨០ មានដូចជា ហុងកុង សិង្ហបុរី តៃវ៉ាន់ និងកូរ៉េខាងត្បូង។ បន្ទាប់មកក៏មានវត្តមានជើងខ្លាំងជំនាន់ថ្មីដូចជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហើយថ្មីៗនេះឥណ្ឌាក៏បានរួមចំណែកដែរ។
ថ្មីៗនេះ វៀតណាមត្រូវបានគេចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីតំបន់អាស៊ី ដែលកំពុងគ្រហឹមបញ្ចេញចង្កូមរបស់ខ្លួនកាលពីឆ្នាំ ២០១៨ ដោយសារតែប្រទេសនេះទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងទទួលបានការវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិកាតារ (Qatar National Bank)។
រូបភាពពី៖ hanoitimes.vn
មានសូចនាករជាច្រើនដែលបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសវៀតណាម ខណៈនោះផលិតផលក្នុងស្រុកសរុប GDP បានឈានដល់ ៧.១% ក្នុងឆមាសដំបូងឆ្នាំ ២០១៨ ខ្ពស់ជាងអត្រាមួយខ្ពស់ក្នុងឆ្នាំ ២០១១។ ក្នុងនោះដែរវិស័យឧស្សាហកម្មផលិតបាននាំមុនគេដែលបានផ្តល់ទិន្នផលជាង ១៣.១% នៅឆមាសទី១ ២០១៨។
ដូចគ្នានេះដែរ វិស័យសំណង់ក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញ GDP ប្រមាណ ៧.៩% ក្នុងរយៈពេលដូចគ្នា។
ភាពរីកចម្រើននៃវិស័យឧស្សាហកម្មផលិតនេះជួយជំរុញឲ្យការនាំចេញប្រទេសវៀតណាមមានការផ្ទុះឡើងខ្លាំង ស្ថិតិនៃការនាំចេញនាំចូលប្រចាំខែអាចមានការប្រែប្រួលខ្លាំងប៉ុន្តែទិន្នន័យចុងក្រោយបង្ហាញថា ការនាំចេញទំនិញកើនឡើងជាង ២០% នៅឆមាសទី១ នៃឆ្នាំ ២០១៨ តាមពីក្រោយកំណើនជាង ១៧% ក្នុងឆ្នាំ ២០១៧ ទាំងមូល នេះជាការលើកឡើងពីរបាយការណ៍ដដែលរបស់ធនាគារជាតិកាតារ។ ដោយសារតែកំណើតលើវិស័យឧស្សាហកម្មផលិត និងការនាំចេញបែបនេះហើយ ទើបវៀតណាមមានលទ្ធភាពច្រើនក្នុងការទាក់ទាញវិនិយោគិនពីបរទេស ពិសេសលើឧស្សាហកម្មវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិក។
តាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា GDP ប្រទេសវៀតណាមមានចំនួន ២២០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៧ មកដល់ឆ្នាំ ២០១៨ បានកើនដល់ជាង ២៤១ ប៊ីលានដុល្លារ។ គួរបញ្ជាក់ថា កត្តាដែលនាំឲ្យប្រទេសនេះមានភាពរីកលូតលាស់ខ្លាំងលើសេដ្ឋកិច្ចគឺបណ្តាលមកពីកត្តាប្រជាសាសន៍ តម្លៃនៃកម្លាំងពលកម្មទាប ស្ថិរភាពនយោបាយ បូករួមទាំងកត្តាអំណោយផលនៃទីតាំងភូមិសាស្រ្ត៕
ដោយ៖ យ៉ាយ៉ា