អ្នកជំនាញបង្ហើបគន្លឹះ ៣យ៉ាងជួយអ្នករៀបចំលុយកាក់បានត្រឹមត្រូវក្នុងឆ្នាំ២០២០ខាងមុខ​



នៅ​សល់​តែ​ប៉ុន្មាន​ជា ៥ ខែ​ទៀត​ប៉ុណ្ណោះ ឆ្នាំ ២០២០ នឹង​ចូល​មកដល់​ហើយ។ តើ​អ្នក​មាន​បាន​ត្រួតពិនិត្យ​មើល​ឡើង​វិញ​ពី​គម្រោង​​ហិរញ្ញវត្ថុ​​ដែល​អ្នក​គិត​ថា ចង់​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​​ហើយ​ឬ​នៅ? ប្រសិន​បើ​អ្នក​រក​ឃើញ​កំហុស​ឆ្គង​នៅ​ក្នុង​​ចំណុច​នេះ គន្លឹះ​ខាងក្រោម​ចំនួន ៣ ​នេះ​ អាច​​ជួយ​អ្នក​បាន ដើម្បី​​ធានា​ថា ឆ្នាំ ២០២០ ខាងមុខ អ្នក​នឹង​មិន​មាន​ការ​ថ្លោះធ្លោយ​ម្តង​ទៀត​ឡើយ។

១.ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើង​វិញ 
ជំហាន​ដ៏​ល្អ​បំផុត​ដំបូង​គេ​ដែល​អ្នក​ត្រូវ​អនុវត្ត គឺ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​របាយការណ៍ ឬ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ក្នុង​ឆ្នាំ​នេះ​ថា តើ​អ្នក​បាន​កែលំអ​វា​ឲ្យ​កាន់តែ​ប្រសើរ​ដល់​កម្រិត​ណា​ហើយ? ខាងក្រោម​នេះ ជា​សំនួរ​ដែល​អ្នក​អាច​​ចោទសួរ​ខ្លួនឯង​ដើម្បី​​តាម​លទ្ធផល​ហិរញ្ញវត្ថុ​របស់​អ្នក៖
-តើ​​​អ្នក​កំពុង​បោះជំហាន​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ហិរញ្ញវត្ថុ​នៅ​បំណាច់​ឆ្នាំ ២០២០ ខាងមុខ​ដែរ​ឬ​ទេ?
-តើ​នៅ​ចុង​ឆ្នាំ​នេះ លទ្ធផល​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាងណា? អ្នក​ពេញចិត្ត​លទ្ធផល​នោះ​អត់?
-តើ​មាន​កត្តា​សំខាន់ៗ​អ្វីខ្លះ​ដែល​ធ្វើ​​ឲ្យ​ប្រាក់ចំណូល ការ​ចំណាយ ការ​វិនិយោគ បំណុល ឬ​ការ​សន្សំ​របស់​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឆ្នាំ​នេះ?
-តើ​ផ្នែក​ណា​ខ្លះ​ដែល​ត្រូវការ​យកចិត្ត​ទុកដាក់ និង​កែលំអ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន? 
-តើ​អ្នក​បាន​សន្សំ​ប្រាក់​ច្រើន​កម្រិត​ណា​សម្រាប់​ពេល​អនាគត? 

២. រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ឲ្យ​ប្រសើរ​ជាង​មុន
អ្នក​ប្រហែល​ជា​មាន​កំហុស​ឆ្គង​លើ​គម្រោង​ហិរញ្ញវត្ថុ​របស់​អ្នក ដូច​ជា​ វា​មិន​អាច​សម្រេច​បាន​តាម​ការ​គ្រោងទុក ចាយ​លើស​ចំណូល  សន្សំ​តិច​ជាង​​ចំនួន​ដែល​ចង់​បាន ជំពាក់​បំណុល​បន្ថែម ឬ ដោះបំណុល​មិន​បាន​ដូច​ការ​ចង់បាន។ នេះ​ជា​ពេលវេលា​ដ៏​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​កែទម្រង់​វា​ឡើង​វិញ ដើម្បី​បង្កើត​ទម្លាប់​ត្រឹមត្រូវ​មួយ​លើ​ការ​គ្រប់គ្រង​ការ​ចំណាយ និង​ការ​សន្សំ​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​កែកុន​វា​ត្រូវ​ផ្តើម​ធ្វើ​តាមរយៈ​ការ​​រាយ​បញ្ជី​ឈ្មោះ​ចំណាយ​ផ្សេងៗ​​ ហើយ​​ត្រូវ​កំណត់​ចំនួន​ចំណាយ​នោះ​ឲ្យ​បាន​ជាក់លាក់​បំផុត​ដូចជា ប្រាក់​ណា​សម្រាប់​បង់​ថ្លៃ​​​រំលោះ​ផ្ទះ បំណុល ​សម្រាប់​សន្សំ  ​សម្រាប់​គ្រាអាសន្ន វិនិយោគ អប់រំ ឬ​កម្សាន្ត​ជាដើម​​។ អ្នក​មិន​ត្រូវ​វាយតម្លៃ ឬ​ស្មានៗ​យក​ទេ​ពី​ព្រោះ​ភាព​ច្បាស់លាស់​លើ​រឿង​នេះ អាច​ធ្វើ​ឲ្យ​អ្នក​​រក​ឃើញ​ពី​​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​មុខ​កាន់តែ​ប្រសើរ។ 

តាម​ពិត​ទៅ ការ​ចំណាយ​ថេរ​ (Fixed Expenses ឧ.ថ្លៃ​ផ្ទះ បំណុល បង់​រំលោះ​) ប្រចាំ​ខែ មិន​លំបាក​សម្រាប់​អ្នក​ទេ ព្រោះ​អ្នក​បាន​ដឹង​ពី​ខ្ទង់ចំណាយ​រួច​ទៅ​ហើយ។ ដោយឡែក​អ្វី​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​គឺ​ចំណាយ​អថេរ (Variable Expenses ឧ.ថ្លៃ​អាហារ ទិញ​សម្លៀកបំពាក់​ ទិញ​របស់របរ​ផ្សេងៗ​ កម្មវិធី​កម្សាន្ត​ ) ​ដែល​អាច​ឡើង​ចុះ​មិន​ដូចគ្នា​ទៅ​តាម​ខែ​នីមួយៗ​។ ​​

៣. ចាប់​ផ្តើម​អនុវត្ត​ភ្លាម​ពី​​ថ្ងៃ​នេះ​តទៅ
កុំ​រង់ចាំ​រហូត​ដល់​ថ្លៃ​ទី ១ ខែ​មករា ឆ្នាំ ២០២០ ចូល​មក​ដល់។ អ្នក​ត្រូវ​​រុះរើ​ចោល​ទម្លាប់​មិន​ល្អ​ក្នុង​រឿង​ហិរញ្ញវត្ថុ​របស់​អ្នក​ពី​ថ្ងៃ​នេះ​តទៅ។ សូម​ចាំ​ថា សកម្មភាព​មិន​ល្អ​​បន្តិចបន្តួច​របស់​អ្នក​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​បញ្ហា ហើយ​ការ​ចាប់​ផ្តើម​បង្កើត​ទម្លាប់​ល្អៗ​​រាល់​ថ្ងៃ​​ក៏​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​ផង​ដែរ។ កុំ​អស់​សង្ឃឹម ពី​ព្រោះ​ថា ការ​ចាប់​ផ្តើម​រឿង​ដ៏​ត្រឹមត្រូវ​​​ដើម្បី​ស្រោចស្រង់​ភាព​ដុនដាប​​ហិរញ្ញវត្ថុ​របស់​អ្នក វា​មិន​យឺត​ពេល​ទេ៕

ប្រភព៖ CNBC  

 

X
5s