សញ្ញាទាំង ៧ បង្ហាញថាអ្នកដល់ពេលត្រូវបញ្ឈប់ដំណើរការអាជីវកម្មអ្នកហើយ
លើលោកនេះគ្មានអ្វីទៀងទាត់ទេ អាជីវកម្មមួយដែលអ្នកខំកសាងវាឡើងយ៉ាងលំបាកក៏គង់ដល់ពេលមួយដែលអ្នកត្រូវបញ្ចប់វាដែរ។
តើធ្វើយ៉ាងណា ឬមានសញ្ញាអ្វីខ្លះដែលអាចបង្ហាញថាដល់ពេលមួយដែលអ្នកត្រូវបញ្ឈប់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់អ្នក?
១) ក្តីសុបិនរបស់អ្នកត្រូវបានបញ្ឈប់
អាជីវកម្មដែលអាចលេចចេញជារូបរាងបាននៅពេលនេះ វាបានកើតចេញពីសុបិននិងការខំប្រែងព្យាយាមរបស់អ្នក។ អ្នកបានចំណាយពេលវេលាជាច្រើនដើម្បីឲ្យក្តីស្រមៃមួយនេះក្លាយទៅជាការពិត។ នៅថ្ងៃមួយអ្នកក៏មិនបានតាំងចិត្ត ស្រាប់តែក្តីសុបិនមួយនោះបានរលាយបន្តិចម្តងៗរហូតធ្វើឲ្យអ្នកលែងគិតគូរពីវាបន្តទៀត។
២) រាងកាយអ្នកមិនអាចទ្រទ្រង់បានទៀតទេ
ក្តីសុបិន និងកម្លាំងចិត្តជាកត្តាជម្រុញឲ្យអ្នកបង្កើតអាជីវកម្មមួយនេះ តែនៅពេលដែលកម្លាំងកាយអ្នកទ្រាំទ្រលែងបានអ្វីៗក៏មិនអាចបន្តទៅមុនទៀតបានដែរ។
៣) អ្នកលែងចង់បានអ្វីពីអាជីវកម្មនោះទៀត
អ្នកបង្កើតអាជីវកម្មមួយឡើងគឺដើម្បីសម្រេចគោលបំណងណាមួយរបស់អ្នក តែពេលអ្នកគិតថាអ្នកលែងមានចំណង់ចំណូលចិត្តលើអាជីវកម្មនេះទៀត ឬអាជីវកម្មនោះលែងផ្តល់ប្រយោជន៍អ្វីដល់អ្នក ឬខ្លួនអ្នកផ្ទាល់គឺលែងចង់បានអ្វីដែលពាក់ព័ន្ធនឹងអាជីវកម្មនោះតទៅទៀតហើយ។
៤) បញ្ហាហិរញ្ញវត្ថុ
ជំនួញមួយដែលអ្នកចំណាយពេលជាច្រើនលើវា តែមកដល់ចំនុចនេះបញ្ហាហិរញ្ញវត្ថុក៏កើតមានឡើង អ្នកនៅតែចង់បន្តក្តីស្រមៃឲ្យបានយូរអង្វែងតែអ្នកមិនអាចធ្វើវាដោយទ្រាំរែកពន់បំណុលបានឡើយ។
៥) អ្នកមិនចូលចិត្តអតិថិជន
បើសង្កេតឃើញថាអ្នកមានការមិនពេញចិត្ត ឬមិនចូលចិត្តអតិថិជនវាជាសញ្ញាមួយអាក្រក់បំផុតសម្រាប់អាជីវកម្ម។ ការដែលមិនចូលចិត្ត ឬមិនពេញចិត្តនេះមិនមែនអតិថិជនម្នាក់ ឬពីរនាក់ទេ គឺស្ទើរតែ ៥០% នៃអតិថិជនហើយដែលអ្នកនិយាយថាអ្នកមិនចូលចិត្តគេ។ វាអាចមកពីអ្នកជាមនុស្សមានចិត្តឆេវឆាវបន្តិច អ្នកអាជីវកម្មអ្នកនៅក្នុងរង្វង់មួយដែលអតិថិជនគោលដៅមានបុគ្គលិកលក្ខណៈមិនស្របតាម លក្ខណៈផ្ទាល់ខ្លួនរបស់អ្នក វាជាហេតុនាំឲ្យកើតជាបញ្ហារាំងស្ទះនេះឡើង។
៦) ការប្តឹងចោទប្រកាន់ ឬការទិតៀនកើតឡើងច្រើន
ធម្មតាទេចំពោះការរកស៊ី វាតែងកើតមានបញ្ហាដោយចៀសមិនរួចទេ តែពេលដែលអាជីវកម្មអ្នកតែងរងការប្តឹងមិនចេះចប់មិនចេះហើយនោះវាមិនមែនជាសញ្ញាល្អទេ។ ការប្តឹងផ្តល់នេះវាអាចមានពីរប្រភេទ៖
ក) អ្នកតាមឈ្នានីស ឬគូប្រកួត៖ ដំណើរការអាជីវកម្មមួយដែលកំពុងមានសកម្មភាពរលូន មានការគាំទ្រពីអតិថិជនច្រើនវាចៀសមិនផុតនឹងរងការឈឺក្តៅពីអ្នកប្រកួតប្រជែង ពេលខ្លះមិនមែនជាដៃគូប្រជែងពេញទីទេ តែដោយសារភាពឈ្នានីសខ្លាចអ្នកបានល្អប្រសើរជាង ក៏ប្រើវិធីស្មោគគ្រោកធ្វើបាបអ្នកមិនឈប់។
ខ) បញ្ហាកើតចេញពីអ្នកខ្លួនឯង៖ អ្នកតែងនាំបញ្ហាដាក់ខ្លួន ដាក់អាជីវកម្មដែលមិនខុសពីការវាយបំបែកឆ្នាំងបាយខ្លួនឯងទេ។ អ្នកតែបង្កជាបញ្ហាជាមួយអ្នកជិតខាង ដៃគូប្រជែងទោះទេព្យាយាមមិនចង់់ឲ្យមានបញ្ហាក្តី តែដោយសារភាពលោភលន់ហួសប្រមាណរបស់អ្នក។
៧) រោគសញ្ញាខ្ជិល
ពាក្យថារកស៊ី បើកអាជីវកម្មគឺមិនមែនដេកចាំអតិថិជនរត់មករក និងលុយហូរចូលដោយមិនធ្វើអ្វីសោះនោះទេ។ អ្នកដែលអាចក្លាយជាសេដ្ឋីលុយវាល់លានគឺគេខំប្រឹងប្រែងណាស់រាប់ចាប់តាំងពីគំនិងថ្មីៗក្នុងការអភិវឌ្ឍអាជីវកម្ម ព្យាយាមធ្វើយ៉ាងណាដើម្បីបំពេញចិត្តអតិថិជន និងបង្កើតទំនាក់ទំនងល្អ បណ្តាញល្អជាមួយមនុស្សគ្រប់គ្នាកាន់តែច្រើន។ បើអ្នកគិតម្យ៉ាងថា បើកអាជីវកម្មមួយនេះអ្នកមិនអាចសម្រាកបានគ្រប់ ៨ ម៉ោងនៅពេលយប់ ហើយមិនអាចគេង ១ ម៉ោងនៅពេលថ្ងៃ រួមទាំងមិនអាចមានពេលសម្រាប់លំហែខ្លះនោះបញ្ឈប់សកម្មភាពនៃអាជីវកម្មអ្នកទៅល្អជាង។ ហើយត្រូវចាំថា ក្នុងខួរក្បាលរបស់បុគ្គលជោគជ័យគ្មានឡើយពាក្យខ្ជិល៕
ដោយ៖ យ៉ាយ៉ា