Warren Buffett ថា​ នេះ​ជា​កំហុស​មួយ​ដែល​​ឪពុក​ម្តាយ​ធ្វើ​ចំពោះ​កូនៗ​​នៅ​ពេល​បង្រៀន​ពី​លុយកាក់​



នៅ​ពេល​គេ​និយាយ​ពី​​ឪពុក​ម្តាយ​​ដែល​បាន​ស្វែងយល់​ច្បាស់​ពី​សារសំខាន់​នៃ​ការ​បង្រៀន​កូនៗ​ពី​​របៀប​រៀន​ទទួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ មហាសេដ្ឋី Warren Buffett គឺ​ជា​​​បុគ្គល​ល្បីល្បាញ​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ឪពុក​ម្តាយ​ប្រភេទ​នេះ។

មុន​ពេល​លោក​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន  Berkshire Hathaway កំពូល​អ្នក​វិនិយោគ​រូប​នេះ​បាន​ចាប់​ផ្តើម​ចេញ​រក​លុយ​ដោយ​ខ្លួនឯង​​​​ដោយ​​ផ្តើម​ចេញ​ពី​​ការ​ទិញ​លក់​ភេសជ្ជៈ​កូកាកូឡា។ ទន្ទឹម​នឹង​នេះ​លោក​ក៏​ដើរ​លក់​ទស្សនាវដី្ត និង​ស្ករកៅស៊ូ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ផង​ដែរ​នូវ​អ្វី​ដែល​លោក​យល់​ថា ជា​បទពិសោធន៍​ដំបូង​គេ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​រូបលោក​ស្ដីពី​ចំណេះដឹង​ហិរញ្ញវត្ថុ​។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ទៅ​កាន់​សារព័ត៌មាន CNBC លោក​បាន​​លើកឡើង​ដូច្នេះ​ថា៖« ឪពុក​ខ្ញុំ​គឺ​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​ដែល​បាន​ជួយ​ជំរុញ​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គាត់​តាំង​ពី​ដឹងក្តី​មក​​  គឺ​មាន​ទម្លាប់​ល្អ​តាំង​ពី​តូច​មក។ ការ​សន្សំ​លុយ​គឺ​ជា​មេរៀន​​សំខាន់​បំផុត​មួយ​ដែល​គាត់​បាន​បង្រៀន​ខ្ញុំ»

នៅ​ពេល​​ត្រូវ​បាន​គេ​សួរ​ថា តើ​អ្វី​ទៅ​ជា​កំហុស​ធំ​បំផុត​របស់​ឪពុក​ម្តាយ​ចំពោះ​កូន​ៗ​ស្ដីពី​មេរៀន​​​លុយកាក់​នេះ មហាសេដ្ឋី វ័យ ៨៨ ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ដូច្នេះ​ថា៖« ពេល​ខ្លះ​ឪពុកម្ដាយ​ទុក​បណ្តោយ​​ឲ្យ​កូនៗ​ចាំ​ដល់​អាយុ ១០​ឆ្នាំ​ ឬ​រហូត​ចាស់​ជាង​នេះ បាន​បង្រៀន​ពួកគេ​​ពី​របៀប​គ្រប់គ្រង​លុយកាក់។ តាមពិត​ទៅ ឪពុក​ម្តាយ​គួរ​បង្រៀន​ពួកគេ​តាំង​ពី​ពួកគេ​នៅ​រៀន​សាលា​មត្តេយ្យ​មក​ម្ល៉េះ»។ 

ពេលវេលា​គឺ​ជា​កត្តា​សំខាន់​មួយ
ការ​លើកឡើង​របស់​លោក  Warren Buffett ដែល​ថា ឪពុក​ម្តាយ​គួរ​បង្រៀន​កូនៗ​ពី​ចំណេះដឹង​គ្រប់គ្រង​លុយ​តាំង​ពី​ពួកគេ​រៀន​សាលា​មត្តេយ្យ​គឺ​ជា​រឿង​ត្រឹមត្រូវ​ពី​ព្រោះ​ការ​ស្រាវ​ជ្រាវ​នានា​បាន​បង្ហាញ​ថា ៨០% នៃ​ខួរក្បាល​របស់​មនុស្ស​យើង​ចាប់​ផ្តើម​លូតលាស់​នៅ​ពេល​ឈាន​ដល់​អាយុ ៣​ឆ្នាំ។ 

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Cambridge បាន​​រក​ឃើញ​ថា ក្មេងៗ​អាច​ចាប់បាន​​មូលដ្ឋានគ្រឹះ​​ស្ដីពី​​លុយកាក់​នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​ចន្លោះ​ពី ៣ ទៅ ៤​ឆ្នាំ។ បន្ទាប់​មក​នៅ​ពេល​ឈាន​ដល់​អាយុ ៧​ឆ្នាំ  ឥរិយាបថ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​​របស់​ពួកគេ​នឹង​មាន​ការ​រីកចម្រើន​ទៅមុខ​ជា​ធម្មតា។

«ឪពុក​ម្តាយ​ភាគច្រើន​បាន​ដឹង​ហើយ​ថា ការ​បង្រៀន​កូនៗ​ពី​ចំណេះដឹង​លុយកាក់​ និង​របៀប​គ្រប់គ្រង​វា​សំខាន់​ប៉ុណ្ណា។ ប៉ុន្តែ​អ្វី​ដែល​ជា​​បញ្ហា​នៅ​ត្រង់​ថា វា​មាន​ភាព​ខុសគ្នា​រវាង​ត្រឹមតែ​ដឹង និង​ការ​​អនុវត្ត»។ លោក Warren Buffett បន្ត។

​​ក្រុមហ៊ុន T. Rowe Price ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​​​ផង​ដែរ​​ដើម្បី​​​ស្ទាបស្ទង់​មតិ​​លើ​ឪពុកម្ដាយ និង​អាណាព្យាបាល​ប្រមាណ ១ ០១៤ នាក់​ដែល​មាន​កូនៗ​អាយុ​ចន្លោះ​ពី ៨ ទៅ ១៤ ឆ្នាំ និង​មនុស្ស​វ័យ​ជំទង់​​ចំនួន ១ ០០០ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៤ ឆ្នាំ​។ 

លទ្ធផល​បាន​បង្ហាញ​ថា មាន​ឪពុកម្ដាយ​ត្រឹមតែ ៤% ប៉ុណ្ណោះ ​ដែល​​សារភាព​ថា បាន​លើកយក​ប្រធានបទ​លុយកាក់​និយាយ​ជាមួយ​កូនៗ​របស់​ខ្លួន​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ខណៈ​ដែល ៣០% ចាប់​ផ្តើម​បង្រៀន​កូនៗ​​នៅ​អាយុ ១៥ ឆ្នាំ ឬ​ច្រើន​ជាង​នេះ។ ដោយឡែក ១៤% ទៀត​បាន​​អះអាង​ថា មិន​ដែល​បាន​បង្រៀន​កូនៗ​របស់​ខ្លួន​ទាល់តែសោះ​ទាក់ទង​ទៅ​នឹង​លុយកាក់​នេះ។

ចំណេះដឹង​ហិរញ្ញវត្ថុ​​ពី​មហាសេដ្ឋី  Warren Buffett ដែល​អ្នក​គួរ​បង្រៀន​កូនៗ​​

១.បង្រៀន​កូនៗ​របស់​​​អ្នក​មាន​គំនិត​បត់បែន​​​​
អ្នក​ត្រូវ​លើក​ទឹកចិត្ត​កូន​ៗរបស់​អ្នក កុំ​ឲ្យ​ឆាប់​ចុះចាញ់​ ឬ​បោះបង់​ដោយសារតែ​អ្វី​មួយ​មិន​ដំណើរការ​។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការ​គិត​របស់​ពួកគេ​មាន​ភាព​ច្នៃប្រឌិត។ ដើម្បី​ឲ្យ​ពួកគេ​​មាន​គំនិត​ច្នៃប្រឌិត អ្នក​អាច​​បង្រៀន​ពួកគេ​ចេះ​កែច្នៃ​របស់របរ​ចាស់ៗ​​ដែល​បោះចោល​ទៅ​ជា​ឧបករណ៍​ផ្សេងៗ​ ឬ​លក់​យក​លុយ​មក​វិញ​ដែល​នេះ​វា​​អាច​បង្រៀន​ពួកគេ​​ពី​របៀប​​គិត​ឲ្យ​ស៊ីជម្រៅ ចេះ​សន្សំសំចៃ និង​ការពារ​បរិស្ថាន​ទៀត​ផង។

២. បង្រៀន​កូនៗ​របស់​​អ្នក​ឲ្យ​ចេះ​សន្សំ
អ្នក​អាច​ឲ្យ​ប្រអប់​ដាក់​ប្រាក់​ចំនួន ២​ទៅ​ឲ្យ​កូនៗ​របស់​អ្នក ដែល​ប្រអប់​ទី១ ​សម្រាប់​ដាក់​ប្រាក់​សន្សំ និង​ប្រអប់​មួយ​ទៀត​សម្រាប់​ដាក់​ប្រាក់​សម្រាប់​ចំណាយ។ រាល់ពេល​ដែល​​ពួកគេ​ទទួល​បាន​ប្រាក់​​ដែល​បាន​មក​ពី​ដូចជា​ អំណោយ ឬ​​ជួល​ឲ្យ​ធ្វើ​អ្វី​មួយ​ជា​ថ្នូរ​នឹង​បាន​ប្រាក់​ ​អ្នក​​អាច​​ណែនាំ​ពួកគេ​​ពីរ​​របៀប​ប្រាក់​ដែល​ត្រូវ​សន្សំ​ទុក និង​ប្រាក់​សម្រាប់​ការ​ចំណាយ។

ឧទាហរណ៍​មួយ​ទៀត អ្នក​អាច​ផ្គុំ​រូបភាព​របស់របរ​ផ្សេងៗ​ដែល​បាន​មក​ពី​ទស្សនាវដី្ត កាសែត ឬ​សៀវភៅ ​ឲ្យ​បាន​ចាប់​ពី ៥ រហូត​ដល់ ១០ ហើយ​សួរ​ពួកគេ​​ពី​របស់​ណាមួយ​ដែល​ពួកគេ​ចង់​ទិញ។   បន្ទាប់​មក​នៅ​ពេល​ពួកគេ​ជ្រើសរើស​របស់​​ណាមួយ​ដែល​ពួកគេ​ចង់​ទិញ អ្នក​ត្រូវ​ប្រាប់​ពួកគេ​ពី​របស់​ណា​ដែល​ចាំបាច់​ត្រូវ​ទិញ និង​របស់​ណា​ដែល​មិន​ចាំបាច់​ត្រូវ​ទិញ។ 

៣.បង្រៀន​កូនៗ​របស់​អ្នក​ឲ្យ​យល់​​ពី​ភាព ខុសគ្នា​រវាង​តម្លៃ (Price) និង​គុណតម្លៃ (Value)
ក្នុង​នាម​ជា​ឪពុកម្ដាយ​ អ្នក​ប្រហែល​ជា​បាន​បង្កើត​កំហុស​ជា​ច្រើន​ដោយ​​ពេល​ខ្លះ​អាច​​​ទិញ​របស់​ថ្លៃ​នៅ​ហាង​ប្រេនដ៏ៗ ខណៈ​ដែល​របស់​ដូចគ្នា​ និង​មាន​គុណភាព​ដូចគ្នា​នេះ​ អ្នក​អាច​រក​បាន​នៅ​កន្លែង​ផ្សេង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នេះ។ ឥឡូវ​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រាប់​កូនៗ​របស់​អ្នក​មិន​ឲ្យ​យក​តាម​គំរូ​មួយ​នេះ។ 

អ្នក​អាច​ឆែក​មើល​តម្លៃ​​​របស់​មុខ​ទំនិញ​មួយ​​ដែល​មាន​លក់​នៅ​ហាង​ផ្សេងៗ​គ្នា​​​មក​ឲ្យ​កូនៗ​របស់​អ្នក​ធ្វើ​ការ​​ប្រៀបធៀប​គ្នា។ បន្ទាប់​មក​អ្នក​​ត្រូវ​សួរ​ពួកគេ​​​​ថា តើ​​ហាង​ណាមួយ​ដែល​ពួកគេ​គួរ​ទិញ​ទំនិញ​នោះ?  ហេតុអ្វី? 

៤.បង្រៀន​កូនៗ​របស់​អ្នក​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ
កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ការ​សម្រេចចិត្ត​​ប្រកបដោយ​ភាព​ឆ្លាតវៃ​​នោះ​​ គឺ​របៀប​ដែល​ការ​សម្រេចចិត្ត​នីមួយៗ អាច​ជះឥទ្ធិពល​ដល់​លទ្ធផល​នា​ពេល​អនាគត។  អ្នក​ត្រូវ​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​មាន​ទម្លាប់​​​ក្នុង​ការ​សម្រេចចិត្ត​​ដ៏​ល្អ​​មួយ​​ពី​វិធី​សន្សំប្រាក់​។ ពួកគេ​​ប្រហែល​ជា​ចង់​បាន​ស្បែក​ជើងថ្មី ប៉ុន្តែ​វា​ល្អ​ទេ​ប្រសិន​បើ​ពួកគេ​​បោក​សម្អាត​ស្បែកជើង​ចាស់​របស់​ពួកគេ​ឲ្យ​ថ្មី​ឡើង​វិញ​ ហើយ​ទុក​លុយ​​ទិញ​សៀវភៅ​រូបភាព​ថ្មីៗ​ដ៏​គួរឲ្យ​ទាក់ទាញ? ​

ប្រភព៖ CNBC 

X
5s