លោក Warren Buffett ប្រាប់ថា ក្នុងមួយថ្ងៃអ្នកត្រូវប្ដេជ្ញាចិត្តបង្កើតឲ្យបានទម្លាប់ជាក់លាក់មួយនេះ
លោក Warren Buffett ត្រូវបានគេទទួលស្គាល់ថា ជាអ្នកវិនិយោគកំពូលក្នុងលោកដែលសំបូរទៅដោយដំបូន្មាន មតិយោបល់ និងគំនិតល្អៗសម្រាប់អប់រំដល់មនុស្សជុំវិញពិភពលោកជាពិសេសពីរបៀបធ្វើឲ្យជីវិតរស់នៅមានសុភមង្គល និងជោគជ័យ។
គេនៅចាំបានថា មហាសេដ្ឋីវ័យ ៨៨ ឆ្នាំរូបនេះធ្លាប់និយាយថា ភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលជោគជ័យពិតប្រាកដគឺនៅត្រង់ថា បុគ្គលជោគជ័យពិតប្រាកដចូលចិត្តបដិសេធន៍ស្ទើរតែអ្វីៗគ្រប់យ៉ាងទាំងអស់។ តើឃ្លាមួយនេះមានន័យដូចម្តេច?
សម្រាប់មហាសេដ្ឋី Buffett ឃ្លាដែលលោកលើកឡើងថា "បុគ្គលជោគជ័យពិតប្រាកដចូលចិត្តបដិសេធន៍ស្ទើរតែអ្វីៗគ្រប់យ៉ាងទាំងអស់” នោះ គឺលោកចង់មានន័យថា លោកចង់ដាក់កំហិតខ្លួនលោកមិនឲ្យបង្កើតទម្លាប់មិនល្អតាមតែអំពើ ចិត្តនូវអ្វីដែលលោកយល់ថា វានឹងធ្វើឲ្យលោកអាចធ្លាក់ខ្លួនកាន់តែជ្រៅ។ ទម្លាប់មិនល្អទាំងនោះហើយដែលជាឧបសគ្គបង្អាក់ដំណើរអ្នកមិនឲ្យដើរទៅមុខបានវែងឆ្ងាយជាងនេះ ឬទាញទម្លាក់អ្នកឲ្យបរាជ័យ ខាតទាំងពេលវេលា លុយកាក់ និងថាមពលរបស់អ្នកឥតប្រយោជន៍។
តាមការលើកឡើងរបស់លោក Buffett មានសកម្មភាពមួយចំនួនខាងក្រោមនេះដែលអ្នកត្រូវ "បដិសេធន៍”ដែលក្នុងនោះរួមមាន៖
១. បដិសេធន៍ចំពោះគោលដៅ និងការងារអាទិភាពច្រើនពេក
ក្បូនរៀបចំគោលដៅរបស់មហាសេដ្ឋី Buffett គឺមាន ៣ ជំហានគឺ៖
-សរសេរគោលដៅអាជីពការងារសំខាន់ៗរបស់អ្នកឲ្យបាន ២៥ មុខ
-បន្ទាប់មកជ្រើសរើសគោលដៅដែលអ្នកយល់ថា សំខាន់ជាងគេ និងចាំបាច់ជាងគេបំផុតឲ្យបាន ៥
-ហើយចុងក្រោយ គូសចោលគោលដៅមិនសំខាន់ចំនួន ២០ទៀតបើទោះបីជាវាសំខាន់សម្រាប់អ្នកខ្លះៗក៏ដោយ។
មហាសេដ្ឋីមានប្រាក់ជាង ៨៤ ពាន់លានដុល្លាររូបនេះយល់ថា គោលដៅចំនួន ២០ ដែលអ្នកគូសចោលនោះ វាមិនមានតម្លៃ ហើយក៏មិនមែនជារឿងអាទិភាពសម្រាប់អ្នកដែរ។ អ្នកមិនត្រូវចំណាយពេលឥតប្រយោជន៍លើគោលដៅទាំងនោះទេ ហើយគួរយកពេលវេលា និងថាមពលផ្ដោតលើគោលដៅ៥ធំៗដែលសំខាន់ និងចាំបាច់បំផុតសម្រាប់អ្នកវិញ។
២. បដិសេធន៍ចំពោះភាពល្អឥតខ្ចោះរបស់អ្នក
ភាពល្អឥតខ្ចោះគឺជាគោលការណ៍មួយប្រៀបដូចជាថ្នាំពុលដ៏មានប្រសិទ្ធភាពដែលអាចបណ្តាលឲ្យក្រុមការងារទាំងមូលរបស់អ្នកស្លាប់បាន។ គោលការណ៍នេះ វាមានតែត្រឹមទ្រឹស្ដីប៉ុណ្ណោះ ខណៈដែលគោលការណ៍ពិតប្រាកដសម្រាប់មនុស្សម្នាក់ៗ គឺធ្វើអ្វីក៏ដោយឲ្យតែបានប្រសើរជាងថ្ងៃម្សិលមិញ ឬលទ្ធផលល្អបានជាងមុន គឺចាត់ទុកថា ជារឿងល្អបំផុតហើយ។
៣. បដិសេធន៍ចំពោះទម្លាប់ពន្យារពេល
វាជារឿងមួយគួរឲ្យចាប់អារម្មណ៍ដែរ ពីព្រោះថា ការពន្យារពេលគឺជាប្រភេទជំងឺមួយរបស់ទ្រឹស្ដីអ្នកដែលចង់បានភាពល្អឥតខ្ចោះនិយម។ នៅពេលអ្នកមានការព្រួយបារម្ភឥតឈប់ឈរដើម្បីធ្វើអ្វីមួយចង់ឲ្យបានល្អឥតខ្ចោះ អ្នកនឹងជាប់ គាំងនៅមួយកន្លែង ហើយទីបំផុតមិនអាចចាប់ផ្តើមធ្វើអ្វីមួយបានទាល់តែសោះ។ រឿងនេះវាកាន់តែអាក្រក់ទៅប្រសិនបើគ្រួសារ និងមិត្តភក្ដិជាអ្នកធ្វើឲ្យអ្នកចេះតែរកលេសពន្យារពេលរហូត។
៤. បដិសេធន៍ចំពោះភាពភ័យខ្លាចទៅនឹងការបរាជ័យ
អ្នកមិនគួរធ្វើឲ្យខ្លួនឯងភ័យខ្លាចទៅនឹងការបង្កើតកំហុសណាមួយនោះឡើយ។ អ្នកគួរមើលបញ្ហា ឬ ភាពបរាជ័យទៅជ្រុងម្ខាងទៀតដែលវាបានផ្តល់មេរៀនដ៏មានតម្លៃសម្រាប់ស្វាគមន៍អមដំណើរជីវិតរបស់អ្នក។ ប៉ុន្តែមុនដំបូង អ្នកត្រូវមានភាពក្លាហានឲ្យខ្លាំងបន្តិច ដើម្បីយកឈ្នះការភ័យខ្លាចទៅនឹងការបរាជ័យនេះ។ បន្ទាប់មករៀនពីកំហុសទាំងនោះ ហើយទីបំផុតអ្នកនឹងទទួលបានលទ្ធផលល្អមួយដែលល្អប្រសើរជាងមុន។
៥. បដិសេធន៍ចំពោះគំនិតអវិជ្ជមាន
តាមរយៈការស្រាវជ្រាវអស់ជាច្រើនទសវត្សរ៍ អ្នកចិត្តវិទ្យាលោកស្រី Carol Dweck បានអះអាងថា ផ្នត់គំនិតរបស់មនុស្សពោលគឺរបៀបដែលមនុស្សម្នាក់ៗមើលមកខ្លួនឯង គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទង្វើរបស់ខ្លួន។ មិនចំពោះថា គោលដៅរបស់អ្នកជាអ្វី ឧបសគ្គរបស់អ្នកជាអ្វី ហើយផ្លូវជោគជ័យរបស់អ្នកជាអ្វី ឧបសគ្គដែលពិបាកយកឈ្នះបំផុតគឺដោយសារតែខ្លួនឯង។ អ្នកជាអ្នកបង្កើតផ្លូវបរាជ័យឲ្យខ្លួនឯង។ អ្វីៗដែលអ្នកទទួលបាននៅថ្ងៃនេះ គឺដោយសារតែទង្វើដែលកើតចេញពីការគិតរបស់អ្នកពីមុនមក។ បើអ្នកគិតបែបវិជ្ជមាន ទង្វើរបស់អ្នកនឹងបង្កើតបានលទ្ធផលវិជ្ជមាន៕
ប្រភព៖ Inc