សញ្ញាណទាំង ៥បញ្ជាក់​ថាអាជីវកម្ម​របស់​អ្នក​ទំនង​​មិន​អាច​មាន​ដង្ហើមរស់​​ឆ្លងផុត​​ពី ១២ ខែ​ដំបូង​



តើ​អ្នក​អាច​ផ្តល់​ចម្លើយ​​មួយ​ឲ្យ​បាន​ពិតប្រាកដ​បាន​ទេ​ថា តើ​អ្នក​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​មាន​ដង្ហើម​រស់​បាន​​ក្នុង​រយៈពេល ១២​ខែ​ដំបូង? ជា​ការពិត​នៅ​មុន​ពេល​អ្នក​ចាប់​ផ្តើម​ធ្វើ​ជំនួញ អ្នក​ប្រហែល​ជា​មាន​ក្តី​រំពឹង​ទុក​ខ្លាំង​ថា ជំនួញរបស់​អ្នក​នឹង​ដើរ​បាន​វែងឆ្ងាយ​ទៅ​មុខ និង​អាច​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជា​មួយ​នឹង​អារម្មណ៍​រំភើប​របស់​អ្នក។

ប៉ុន្តែ​​អ្នក​ក៏​បាន​ដឹង​ដែរ​ថា អាជីវកម្ម​ថ្មីថ្មោង​ច្រើន​ប៉ុណ្ណា​ដែល​បាន​បើក​ហើយ​បរាជ័យ​ទៅ​វិញ​ភ្លាមៗ។ ការ​លើក​ឡើង​នេះ​មិនមែន​ចង់​បំបាក់​ស្មារតី​របស់​អ្នក​​នោះ​ទេ ហើយ​ការដែល​​អ្នក​មាន​គំនិត ឬ​​យុទ្ធសាស្ត្រ​​ល្អ​តែមួយមុខ វា​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អាជីវកម្ម​របស់​អ្នក​មាន​ហានិភ័យ​គ្រប់​ទិសទី ហើយ​ក្នុង​ចំណោម​ហានិភ័យ​ទាំង​នោះ មាន​សញ្ញាណ ៥​ដែល​អាច​គំរាមកំហែង​អាជីវកម្ម​របស់​អ្នក​ហែល​ឆ្លង​មិន​ផុត​ក្នុងរយៈពេល ១២​ខែ​ដំបូង។ ​

១. អ្នក​វិនិយោគ​ផ្អាក​ឈប់​​ផ្តល់​ទុន​បន្ថែម
ជា​ទូទៅ ដៃគូ​ភាគហ៊ុន ឬ​អ្នក​វិនិយោគ គឺ​ជា​អ្នក​ផ្តល់​ទុន​សំខាន់​ដើម្បី​​ចាប់ដៃ​គាំទ្រ​លើ​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​​​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នក​ឲ្យ​កាន់តែ​រីកចម្រើន​​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន។ យ៉ាងណាមិញ នៅ​ក្នុង​រយៈពេល​មួយ​ស្រាប់តែ​​​អ្នក​ទាំង​នេះ​បាន​ផ្អាក​ឈប់​ផ្តល់​ទុន​បន្ថែម​ទៀត នោះ​ជា​សញ្ញាណ​អវិជ្ជមាន​មួយ​បញ្ជាក់​ថា អាជីវកម្ម​របស់​អ្នក​មាន​បញ្ហា​ហើយ។ ពួកគេ​អាច​នឹង​មិន​​បន្ត​រកស៊ី​ ឬ​ចាប់​អារម្មណ៍​នឹង​មុខ​ជំនួញ​របស់​អ្នក​បន្ត​ទៀត​ឡើយ។ ហេតុដូច្នេះ អ្នក​​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​​ថ្មី​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ អាជីវកម្ម​របស់​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន។

២. អ្នក​មិន​ទាន់​រៀបចំ​គម្រោង​សម្រាប់​សាកល្បង ឬ​អភិវឌ្ឍ​​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង
ដោយសារតែ​ទីផ្សារ​នៅ​ពេល​អនាគត​មាន​ការ​ប្រែប្រួល​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ព្យាករណ៍​បាន​ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​រៀបចំ​គម្រោង​អាជីវកម្ម​ យុទ្ធសាស្ត្រ ភាព​ច្នៃប្រឌិត និង​​កែប្រែ​អភិវឌ្ឍ​​មុខមាត់​អាជីវកម្ម​ដើម្បី​ឲ្យ​ដើរ​ទាន់​តាម​បរិបទ​សម័យ​ទំនើប។ អ្នក​ត្រូវ​ធ្វើតេស្ត​គម្រោង​យុទ្ធសាស្ត្រ​ទាំង​នេះ របៀប​ប្រតិបត្តិការ និង​ការ​វិភាគ​ ទៅ​លើ​បញ្ហា​ប្រឈម​ដូច​ជា​គូប្រជែង​ជាដើម​ថា តើ​វា​អាច​ជោគជ័យ​បាន​កម្រិត​ណា។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​អវត្តមាន​​ក្នុង​ចំណុច​នេះ សូម​កុំ​ដាក់​ក្តីសង្ឃឹម​ពេក​ថាអាជីវកម្ម​របស់​អ្នក​អាច​​នឹង​ដើរ​ទៅ​មុខ​យ៉ាង​រលូន​នោះ​​។

៣. អាជីវកម្ម​របស់​អ្នក​គ្មាន​វិធីសាស្ត្រ​ថ្មី​ដើម្បី​​ដំណោះស្រាយ​​បញ្ហា​​ដែល​មាន​ស្រាប់​នៅ​លើ​បញ្ហា​ទីផ្សារ
សូម​ចាំ​ថា របាំង​នៃ​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​មិនមែន​​សុទ្ធតែ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បរាជ័យ​នោះ​ឡើយ។ តាម​ការ​ពិត ​គូប្រជែង​​​របស់​អ្នក​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា តើ​អ្នក​មាន​​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ? គូប្រជែង​របស់​អ្នក​អាច​ខ្លាំង​ជាង​អ្នក រឹងមាំ ជាង​អ្នក ឬ​មាន​ទីផ្សារ​ធំ​ជាង​អ្នក​ក៏​ពិតមែន ក៏ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​យុទ្ធសាស្ត្រ ឬ​​គន្លឹះ​ថ្មី​ដែល​អាច​ដោះស្រាយ​បញ្ហា​នានា​របស់​អតិថិជន​ដែល​មាន​ស្រាប់​​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​​គូប្រជែង​របស់​អ្នក នោះ​គឺ​ជា​ចំណុច​ពិសេស​មួយ​នៃ​អាជីវកម្ម​របស់​អ្នក​រួច​ទៅ​ហើយ។ យ៉ាងណាមិញ បើ​​អាជីវកម្ម​របស់​អ្នក​គ្រាន់តែ​ធ្វើ​ឡើង​ដូច​គេ​ដូច​ឯង នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ងើប​មុខ​យក​ឈ្នះ​គូប្រជែង​របស់​អ្នក​ណាស់។

៤. រក​ចំណូល​បាន​យ៉ាង​​ត្រដាបត្រដួស
គោលការណ៍​ធ្វើ​ជំនួញ​គឺ​សាមញ្ញ​ទេ។ បើ​អ្នក​ចង់​បាន​លុយ អ្នក​ត្រូវ​តែ​ចំណាយ​លុយ ហើយ​ត្រូវ​ធ្វើ​ឲ្យ​​ចំនួន​លុយ​ដែល​អ្នក​បាន​ចំណាយ​នោះ​រក​លុយ​ចូល​មក​វិញ​ឲ្យ​​បាន​ច្រើន​ជាង​ចំនួន​លុយ​​​​​ដែល​អ្នក​ចំណាយ។ និយាយ​​ឲ្យ​ស្រួល​យល់​គឺ​ថា ការ​ករ​ស៊ី​​ដាច់ខាត​ត្រូវតែ​ចំណេញ។ បើ​មិន​ចំណេញ​ទេ​ ​មុខ​ជំនួញ​អ្នក​នឹង​ក្ស័យ​ជាមិនខាន។ ទន្ទឹម​នឹង​គ្នា​នេះ ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា អាជីវកម្ម​របស់​អ្នក​អាច​រក​ចំណូល​ឲ្យ​អ្នក​ត្រឡប់​មក​វិញ​បាន​តិចតួច​ប៉ុណ្ណោះ ឬ​ពេល​ខ្លះ​តិច​ជាង​ចំណាយ​ទៀត​នោះ  ជម្រើស​គឺ​មានតែ​២​ប៉ុណ្ណោះ គឺ​ (១) ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី បើ​មិន​ដូច្នេះ​ទេ (២) មានតែ​បិទ​អាជីវកម្ម​ចោល​តែម្តង។

៥. អាជីវកម្ម​របស់​អ្នក​ដើរ​ក្រោយ​បរិបទ​បច្ចេកវិទ្យា
ពិភពលោក​មាន​ការ​ប្រែប្រួល​ឥត​ឈប់ឈរ​ ហើយ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​​ផ្លាស់ប្ដូរ​នេះ​​មាន​ភាព​ឆាប់រហ័ស​​​ជាង​បច្ចេកវិទ្យា​នោះ​ឡើយ។ ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​នៅ​ក្នុង​​អាជីវកម្ម​ដូច​ជា Fintech (បច្ចេកវិទ្យា​ហិរញ្ញវត្ថុ) ព័ត៌មានវិទ្យា (IT) បណ្ដាញ​ដំណ​ភ្ជាប់​អ៊ីនធឺណិត (IoT) រួម​ទាង បច្ចេកវិទ្យា​ឆ្លាតវៃ (AI) ជា​ដើម​សុទ្ធតែ​ពេញ​និយម និង​​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​មាន​សក្ដានុពល​នៅ​ពេល​អនាគត។ ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​ អាច​​ពង្រីក​ខ្លួន​ចូល​ប្រឡូក​ទៅ​ក្នុង​វិថី​អាជីវកម្ម​នៅ​ពេល​ខាងមុខ​​បាន​យូរអង្វែង​ អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ ប្រសិន​បើ​អ្នក​មិន​ផ្លាស់ប្តូរ​តាម​បរិបទ​នេះ​ទេ អាជីវកម្ម​របស់​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន៕

ប្រភព៖ Inc

X
5s